ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ

ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ

សហគមន៍នេសាទរស់នៅតាមដៃសមុទ្រនានា ហាក់មើលរំលងរបរចិញ្ចឹមងាវភក់ ខណៈងាវប្រភេទនេះគឺងាយស្រួលក្នុងការចិញ្ចឹម ហើយថែមទាំងអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារបានជាប្រចាំទៀតផង។

Advertisement

លោក ម៉ាន ស៊ុបរី ប្រធានសហគមន៍នេសាទព្រៃនប់ ២ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមងាវភក់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយសារការចិញ្ចឹមមានភាពងាយស្រួល មិនចាំបាច់ផ្តល់ចំណីឱ្យវាស៊ីដូចសត្វចញ្ចឹមផ្សេងទេ ហើយម្ចាស់កសិដ្ឋានអាចរកប្រាក់ចំណូលចូលជាប្រចាំ និងជួយឱ្យជីវភាពគ្រួសារបានធូរធារមួយកម្រិតទៀតផង។

លោកបាននិយាយថា នៅពេលដែលមានម៉ូយកម្ម៉ង់ច្រើនគ្រួសារលោកអាចរកប្រាក់ចំណេញបានច្រើន នៅពេលដែលម៉ូយម្ម៉ង់តិច គ្រួសារលោកក៍អាចរកប្រាក់ចំណូលបានតិចទៅតាមនោះដែរ ប៉ុន្តែទោះតិចឬច្រើនគ្រួសារលោកនៅតែអាចរកប្រាក់ចំណេញបានជារៀងរាល់ថ្ងៃ និងជួយឱ្យជីវភាពគ្រួសារបានធូរធារទៀតផង។ លោកថា៖

“ការលក់ងាវភក់នេះមិនទៀងទេ ជួនម៉ូយកម្ម៉ង់តិច ជួនម៉ូយកម្ម៉ង់ច្រើន អាស្រ័យលើតម្រូវការរបស់ភ្ញៀវ យកទៅហូបលក្ខណៈគ្រួសារ ឬយកទៅលក់បន្តដើម្បីរកប្រាក់ចំណេញ ដោយសារការលក់ចេញពីសហគមន៍មានតម្លៃ ៣០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។”

នៅក្នុងសហគមន៍នេសាទព្រៃនប់២ ពុំមានអ្នកនេសាទផ្សេងចិញ្ចឹមក្រៅពីគ្រួសារលោកនោះឡើយ ដោយគិតថាជារបរមិនសូវទទួលបានអត្ថប្រយោជន៍ ប៉ុន្តែមានអ្នកនេសាទមួយចំនួន ពួកគាត់ដើររើសងាវភក់តូចនៅតាមដៃសមុទ្រ​ ឬនៅតាមព្រៃកោងកាង នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុឬនាំមកពីខេត្តកោះកុង សម្រាប់លក់មកឱ្យលោកយកមកចិញ្ចឹមបន្ត ដោយទិញចូលក្នុងតម្លៃ ១២០០រៀល ទៅ ១៥០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមងាវតូចឬធំ ។

លោក ម៉ាន ស៊ុបរី បានថ្លែងថា៖

ក្រោយទិញបាន គេត្រូវយកងាវតូចៗមកដាក់ក្នុងស្រះចិញ្ចឹមរយៈពេល ៦ ទៅ ៧ ខែ ទើបងាវធំអាចលក់ចេញបានក្នុងតម្លៃ ២៥០០ រៀល បើសិនជាទិញដល់ទីតាំងចិញ្ចឹម ប៉ុន្តែបើភ្ញៀវតម្រូវឱ្យផ្ញើគិតថ្លៃមួយគីឡូ ៣០០០ រៀល ព្រោះត្រូវចំណាយលើការទិញសម្ភារៈវេចខ្ចប់។”

លោកបានបន្តថា ការចិញ្ចឹមងាវ ភក់កសិករត្រូវមានដីជាប់មាត់សមុទ្រទឹកប្រៃ ឬនៅមាត់ស្រះត្រពាំង ហើយត្រូវជីកស្រះជំរៅ ១ ម៉ែត្រ មានទំហុំប្រហែល ៧០០ ម៉ែត្រការ៉េ ដោយត្រូវរៀបចំឱ្យមានចរន្តទឹកចេញចូលបាន ហើយត្រូវយកងាវតូចៗមកដាក់ ឱ្យរស់នៅទីនោះដោយមិនចាក់ចំណីនោះទេ ពោលគ្រាន់តែមានស្លឹកឈើ ឬស្រឹកកោងកាងជ្រុះចូលខ្លះៗងាវអាចធំធាត់បានដោយខ្លួនឯង រហូតដល់អាយុ ៦ ទៅ ៧ ខែ គេអាចចាប់លក់បានហើយ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតាមមាត់សមុទ្រ មិនសូវមានទំនោរចិញ្ចឹមងាវភក់នេះទេ ដែលភាគច្រើនចូលចិត្តដើររើសងាវធម្មជាតិនៅតាមព្រៃកោងកាងជាប់មាត់សមុទ្រសម្រាប់លក់ទៅឱ្យភ្ញៀវ។ លោកថា នេះជារបរល្អមួយសម្រាប់អ្នកចិញ្ចឹម ដែលអាចធ្វើកិច្ចសនន្យាផ្គត់ផ្គង់ទៅឱ្យអតិថិជនបានជាប្រចាំ ប៉ុន្តែសម្រាប់អ្នកនេសាទដើររកងាវវិញ មិនអាចធ្វើកិច្ចសន្យាលក់បាននោះទេ ដោយសារពេលខ្លះរកបានហើយពេលខ្លះរកមិនបានក៍មាន។

សូមរំលឹកថា មុខរបរចិញ្ចឹមងាវភក់នេះលោក ម៉ាន ស៊ុបរី ប្រធានសហគមន៍នេសាទព្រៃនប់២ ទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ពូជប្រមាណ ១៥០ គីឡូក្រាម ពីប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ កាលពីឆ្នាំ ២០០៤ ដែលជាដើមទុនដំបូងសម្រាប់ផ្តល់ឱកាសដល់គ្រួសារលោក បន្តចិញ្ចឹមរកប្រាក់ចំណូលចូលគ្រួសារ បានមកទល់សព្វថ្ងៃ។ បច្ចុប្បន្នលោកមានលទ្ឋភាពផ្គត់ផ្គង់ងាវភក់ក្នុងបរិមាណចន្លោះពី ២០០ គីឡូក្រាមទៅ ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា