​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវជាតិមួយនេះនឹងផ្ដល់​អត្រា​ចំណេញ​ផ្នែកសេដ្ឋកិច្ច​រហូតដល់ ១៥,២៧ភាគរយ ។

Advertisement

ថ្លែងនៅក្នុង​ពិធីសម្ពោធ​​​ផ្លូវជាតិ​លេខ​៧​នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា គម្រោង​សាងសង់​ផ្លូវជាតិលេខ​៧​ ពី រង្វង់​មូលស្គន់​ទៅក្រុងកំពង់ចាម ត្រូវ​បានប្រើប្រាស់​​ថវិកា​កម្ចី​របស់ប្រទេស​ចិន និងបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា ដែល​រដ្ឋាភិបាល​​វិនិយោគ​សម្រាប់​បម្រើដល់ផល​ប្រយោជន៍ប្រជាពលរដ្ឋ ហើយតាមរយៈគម្រោងសាងសង់​ផ្លូវ​ជាតិមួយ​នេះ វានឹងផ្ដល់​ផល​ចំណេញខ្ពស់ដល់​សេដ្ឋកិច្ច​រហូតដល់​​ ១៥,២៧​ភាគរយ ។​

សម្ដេចមានប្រសាសន៍ថា​ ផលចំណេញដល់​សេដ្ឋកិច្ច​ ១៥,២៧​ ភាគរយនេះ គឺចំណេញដល់ការ​ដឹកជញ្ជូន និងការធ្វើដំណើរ ដែលមានន័យថា​ ពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូន​ប្រើ​ពេលវេលា​ខ្លីជាងមុន​​ ជាក់ស្ដែង កាលមុនពេលផ្លូវជាតិលេខ​៧ ពីស្គន់ទៅកំពង់ចាម មិនទាន់​សង់រួច​ អាច​ប្រើ​ពេលជាង ​១ម៉ោង​ តែក្រោយពេល​​ផ្លូវ​នេះសាងសង់​រួច ការធ្វើដំណើរអាច​កាត់មកនៅត្រឹមតែកន្លះម៉ោង​ដែលអាចចំណេញពេលវេលាបានជាង​ពាក់កណ្ដាល ។​

សម្ដេច​បាន​បន្ថែមថា ក្រៅពីការធ្វើ​ដំណើរ​បានស្រួល​ និងលឿន​រហ័ស​ជាងមុន តំបន់នៅចន្លោះ​ស្គន់ និងក្រុងកំពង់ចាម ក៏អាចទាក់ទាញនូវការ​វិនិយោគដូចជា​ វិនិយោគលើ​វិស័យឧស្សាហកម្ម​ សាងសង់​រោងចក្រ​ផលិត​នូវ​ទំនិញ​នានា ក៏ដូចជា​បើក​អាជីវកម្មជា​ភោជនីយដ្ឋាន​ផ្សេងៗផងដែរ ។​

អ្នកស្រី​ ក្រី ម៉ាយ៉ាន​ ភ្នាក់ងារអចលនទ្រព្យមួយ​រូប​ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា តំបន់​នៅតាមបណ្ដោយផ្លូវជាតិលេខ​៧​ ពីស្គន់​ ទៅ​ក្រុង​កំពង់ចាម មានការ​ទាក់ទាញ​ការ​វិនិយោគតាំងពីគម្រោងផ្លូវនេះចាប់ផ្ដើម​បើ​ក​ការដ្ឋានម្ល៉េះ ប៉ុន្តែការ​ទិញលក់​ដីធ្លីនៅតាមបណ្ដោយផ្លូវ​នេះ មិនមានទ្រង់ទ្រាយធំៗទេ គឺទិញលក្ខណៈ​ខ្នាតតូចៗ ដែលអាច​ទុកសម្រាប់​បើក​អាជីវកម្ម​ជា​ហាង​កាហ្វេ ឬអាហារដ្ឋាន​​ ។

អ្នកស្រីបន្តថា ៖

«នៅក្នុង​ខេត្តកំពង់ចាមទាំង​មូល តំបន់ដែលមានការចាប់អារម្មណ៍ខ្លាំង​នោះ គឺតំបន់ជុំវិញ​ផ្សារ​​​ស្គន់​ ពីព្រោះស្គន់​​ជា​ចំណុច​កណ្ដាល​​ ហើយមានពលរដ្ឋ​ឆ្លងកាត់​ច្រើន ដែល​ធ្វើឱ្យ​វិនិយោគិន​ចាប់អារម្មណ៍​បណ្ដាក់ទុនវិនិយោគ​ទាំងសេវាកម្ម ឧស្សាហកម្ម និងលំនៅឋាន»។​

អ្នកស្រី ម៉ាយ៉ាន ​បាន​បន្ថែមថា តាមការកត់សម្គាល់ ការទិញលក់ដីធ្លីនៅតំបន់​ជុំវិញ​ផ្សារ​ស្គន់​ ទាំង​ដីឡូត៍ និង​ដីឧស្សាហកម្ម​ មានសកម្មភាពមមាញឹក និងមានទីផ្សារ​ជាងតំបន់​ផ្សេងៗទៀត​ក្នុងចំណោម​តំបន់ក្នុង​ខេត្តកំពង់ចាម ហើយនៅពេល​គម្រោង​សង់ផ្លូវ​ជាតិលេ​ខ៧​ សម្ពោធឱ្យប្រើប្រាស់ទៀត អ្នកស្រីរំពឹងថា នៅតំបន់ជុំវិញ​ផ្សារ​ស្គន់ នឹង​មានការ​ចាប់អារម្មណ៍ខ្លាំង​បន្ថែមទៀត​ពីសំណាក់​ប្រជាពលរដ្ឋ​ និង​វិនិយោគិន​ ។​

សូមជម្រាប​ថា គម្រោង​សាងសង់​ផ្លូវជាតិលេខ​៧​ ពីរង្វង់​មូល​ស្គន់ ទៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ប្រវែងជាង​ ៤៥​គីឡូម៉ែត្រ ដោយ​បានចំណាយថវិកា​ប្រមាណ ១១៧លានដុល្លារអាម៉េរិក ។ គម្រោងនេះ បានបើក​ការដ្ឋានសាងសង់​កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា