សិប្បកម្មកែច្នៃគ្រឿងទេស នាងរំដេង គ្រោងបង្កើនការផលិត ដោយទិញវត្ថុធាតុដើមពីកសិករ ពិសេសក្រុមគ្រួសារកងទ័ពជួរមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិប្បកម្មកែច្នៃគ្រឿងទេស នាងរំដេង គ្រោងបង្កើនការផលិត ដោយទិញវត្ថុធាតុដើមពីកសិករ ពិសេសក្រុមគ្រួសារកងទ័ពជួរមុខ

សិប្បកម្មកែច្នៃគ្រឿងទេស នាងរំដេង គ្រោងបង្កើនការផលិត ដោយទិញវត្ថុធាតុដើមពីកសិករ ពិសេសក្រុមគ្រួសារកងទ័ពជួរមុខ

ភ្នំពេញ៖ សិប្បកម្មកែច្នៃគ្រឿងទេស មួយកន្លែង ឈ្មោះថា​នាងរំដេង ទឹកប្រឡាក់សាច់ ស្ថិតនៅក្នុងសង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញពីគម្រោងក្នុងការបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយគ្រោងទិញវត្ថុធាតុដើម ដូចជា រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត និងខ្ជាយ ពីប្រជាកសិករ ពិសេសពីក្រុមគ្រួសារកងទ័ពជួរមុខ។

Advertisement

អ្នកស្រី សែម សុជាតា ម្ចាស់សិប្បកម្មកែច្នៃគ្រឿងទេស នាងរំដេង ទឹកប្រឡាក់សាច់ បានប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់គ្រឿងផ្សំ និងរំដេងនៅលើទីផ្សារកម្ពុជាមានកំណើនខ្ពស់ សិប្បកម្មរបស់អ្នកស្រី គ្រោងនឹងបង្កើតការផលិត​បន្ថែម ជាគ្រឿងទេសបែបកញ្ចប់។

សិប្បកម្មអ្នកស្រី សែម សុជាតា បានបង្កើតនៅខែកម្ភៈឆ្នាំ ២០២៥ ដោយបានប្រើប្រាស់ពលកម្មជាង ១០ នាក់។ តែដោយបច្ចុប្បន្ន សិប្បកម្មអ្នកស្រី មានម៉ាស៊ីនច្រើន ក៏បានកាត់បន្ថយមនុស្សខ្លះ នៅត្រឹមតែ ៦-៧ នាក់ប៉ុណ្ណោះ។ ដំបូង សិប្បកម្មអ្នកស្រី សែម សុជាតា ផលិតតែសម្រាប់ឆុង និងគ្រឿងប្រឡាក់សាច់ តែក្រោយពីមានបញ្ហាតាមព្រំដែនរវាងកម្ពុជា និងថៃ សិប្បកម្មអ្នកស្រី បានមើលឃើញពីភាពលំបាករបស់យុទ្ធជនជួរមុខ និងប្រជាជន ទើបសិប្បកម្មមានគំនិតបង្កើតធ្វើគ្រឿងទេសស្រាប់ៗ សម្រាប់ពួកគាត់។

អ្នកស្រី បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការសិប្បកម្មកែច្នៃរំដេង កាន់តែមានភាពរលូនទៅមុខ និងបង្កើនការផលិតឱ្យបានច្រើន អ្នកស្រីបានអំពាវនាវឱ្យកសិករ ជាពិសេសក្រុមគ្រួសារកងទ័ពជួរមុខ ចាប់របរដាំដុះដំណាំរំដេង និងគ្រឿងទេសរួមផ្សំ រួមមាន រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត ខ្ជាយ ហើយសិប្បកម្មនឹងទិញយកមកកែច្នៃ។

អ្នកស្រីបានថ្លែងថា៖

“ការធ្វើបែបនេះ បានជួយឱ្យសិប្បកម្មក៏មានវត្ថុធាតុដើមសម្រាប់កែច្នៃ ហើយក្រុមគ្រួសារកងទ័ព ក៏ដូចជាកសិករ មានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។ ម្យ៉ាងទៀត វត្ថធាតុដើម ដូចជា រំដេង ក៏ជាប្រភេទដំណាំដែលងាយស្រួលក្នុងការដាំដុះ ហើយមួយគ្រួសារៗ អាចដាំដុះ ១០ ទៅ ២០ គុម្ព ក្នុងមួយមុខដំណាំ ឬក៏ច្រើនជាងនេះទៅតាមទំហំដីដែលខ្លួនមាន។”

អ្នកស្រី សែម សុជាតា បានបន្តថា ការផលិតគ្រឿងទេសកញ្ចប់ គឺមានភាពងាយស្រួលទាំងការទុកដាក់ និងការដាក់លក់លើទីផ្សារ ហើយក៏មានការគាំទ្រខ្លាំងទាំងទីផ្សារក្នុង និងក្រៅប្រទេស។ តែទោះជាយ៉ាងណាក្តី ការផលិតគ្រឿងទេសទាំងនេះនៅមានចំនួនតិចតួចនៅឡើយ។

ក្នុងមួយខែ សិប្បកម្មរបស់អ្នកស្រីផលិតបានពី ៨០០ ទៅ ១ ០០០ កញ្ចប់ប៉ុណ្ណោះ ដោយគ្រោងពង្រីកការផលិតពី ១ ០០០ ទៅ ១ ៥០០ កញ្ចប់ក្នុង ១ ខែ នាពេលឆាប់ៗនេះ។ ដូច្នេះ តម្រូវការវត្ថុធាតុ នឹងមានការកើនឡើង ដោយសិប្បកម្មនឹងបញ្ជាទិញពីកសិករ ដែលដាំដុះគ្រឿងផ្សំ និងរំដេងបន្ថែមទៀត ដើម្បីយកមកកែច្នៃ ហើយលើសពីនេះ រំដេងជាគ្រឿងផ្សំមួយ នៅក្នុងមុខម្ហូប ដែលមិនអាចរំលងបាន ហើយគ្រប់ម្ហូបស្ទើរតែទាំងអស់ ត្រូវបានប្រើប្រាស់វាដើម្បីបង្កើនរស់ជាតិ និងក្លិននៃអាហារ។ នេះបើយោងតាមការបញ្ជាក់របស់នកស្រី សែម សុជាតា។

អ្នកស្រី សែម សុជាតា បានបញ្ជាក់បន្ថែមថា ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកស្រីរំពឹងថា ផលិតផលគ្រឿងទេសនៃសម្លខ្មែរ ដែលសិប្បកម្មអ្នកស្រីបានកែច្នៃ នឹងចែកចាយលើទីផ្សារកាន់តែទូលំទូលាយ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា