ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

បរទេស ៖ ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ​ ​ដែល​នេះ​ជា​ការ​ផ្លាស់ប្តូរ​ទម្រង់​រចនាសម្ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ទ្រព្យសម្បត្តិ​ជាតិ​​ និង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជិត​១០០​ឆ្នាំ​កន្លងមក​នេះ​។​

​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ចុងក្រោយ​នេះ​ ធនាគារ​កណ្តាល​តាមបណ្តាប្រទេសជឿនលឿនមួយចំនួន​បាន​ទិញមាស​ជា​មធ្យម​ ​១០០០​ តោន​ក្នុង​មួយ​ឆ្នាំ​ ​ដែល​ជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​មធ្យម​ភាគ​ ៥០០​ តោន​ក្នុង​មួយ​ឆ្នាំ​នា​អំឡុងមួយ​ទសវត្សរ៍​មុន​។ ការ​បង្កើន​ល្បឿន​នៃ​ការ​សន្សំ​មាស​យ៉ាង​កំហុក​នេះ​ ​បាន​កើតឡើង​នៅក្នុង​បរិបទ​នៃ​ភាព​មិន​ច្បាស់លាស់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ដែល​កំពុង​បាំង​ស្រមោល​លើ​ទស្សន​វិស័យ​របស់​អ្នក​គ្រប់គ្រង​ទុន​បម្រុង​ជាតិ​។​ នេះ​ជា​តួលេខ​ដែល​បាន​ស្រាវជ្រាវ​ដោយ​ ​World ​Gold ​Council ​កាលពីអំឡុង​ខែ​កុម្ភៈ​ដល់​ខែ​ឧសភា​កន្លងមក​។

​ជាការកត់សម្គាល់ អស់​រយៈពេល​ជាង​ ៧០ ​ឆ្នាំ​មក​ហើយ​ ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​បាន​ដើរតួ​ជា​ទ្រព្យសម្បត្តិ​បម្រុង​ដ៏​ចម្បង​ ​និង​ស្វ័យប្រវត្តិ​សម្រាប់​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​លើ​ពិភពលោក​។ ​​យ៉ាងណា​ក៏ដោយ​ យន្ត​ការ​ដេញថ្លៃ​ទិញ​បំណុល​អាមេរិក​​ដោយ​ស្វ័យប្រវត្តិ​នេះ​កំពុងតែ​មាន​ភាព​ទន់ខ្សោយ​ទៅ​ៗ ហើយធនាគារ​កណ្តាល​នានា​កំពុង​ផ្តល់​អាទិភាព​ខ្លាំង​លើ​ការ​សន្សំ​មាស​ដុំ​វិញ​ ​ខណៈ​ដែល​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ ​និង​វិធានការ​រឹតបន្តឹង​ច្បាប់​បាន​ ​និង​កំពុង​កែប្រែ​ទម្រង់​នៃ​​លំហូរ​ទុន​សកល​។

​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​ផ្លាស់ប្តូរ​នេះ​ ​គឺ​កើតឡើង​ក្រោយការ​ប្រែក្លាយទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅ​ជា​ឧបករណ៍​នយោបាយ​ការ​បរទេស​ហួសហេតុ​ ជាពិសេស​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​។ ការ​អនុវត្ត​ទណ្ឌកម្ម​ពាណិជ្ជកម្ម ការ​បង្កក​គណនី ​និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ធំ​ៗ​ប្រឆាំង​នឹង​ប្រទេស​មួយចំនួន​ ដូចជា​ ​រុស្ស៊ី ​អ៊ីរ៉ង់ ​និង​វេណេស៊ុយអេឡា ជាដើម ​បាន​ធ្វើឱ្យ​ទាំង​ប្រទេស​គូប្រជែង​យុទ្ធសាស្ត្រ ​និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ ​ចាប់ផ្តើម​បាត់បង់​ទំនុកចិត្ត​ និង​វាយ​តម្លៃ​ឡើង​វិញ​អំពី​ការ​ពឹងផ្អែក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​ប្រាក់​ដុល្លារ​អាមេរិក​។​

​ជា​ទូទៅ​ នៅពេល​ដែល​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​ដល់​កម្រិត​រាប់​ពាន់​លាន​ដុល្លារ​ ហានិភ័យ​នយោបាយ​ការ​បរទេស​នឹង​ត​ភ្ជាប់​ដោយផ្ទាល់​ទៅ​នឹង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បម្រុង​របស់​ជាតិ​។ ហានិភ័យ​នៃ​ការ​បង្កក​ទ្រព្យ​សម្បត្តិ ​បាន​បង្ខំឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​មួយចំនួន​​ស្វែងរក​ជម្រើស​ផ្សេងទៀត​ដែល​មិន​អាច​រង​ផលប៉ះពាល់​ដោយ​ទណ្ឌកម្ម ​និង​គ្មាន​ការ​គ្រប់គ្រង​កណ្តាល​ ​ដើម្បី​រក្សា​តម្លៃ​ទ្រព្យសម្បត្តិ​រយៈពេល​វែង​។ ​ការ​ផ្លាស់ប្តូរ​នេះ​បាន​បង្កើត​ជា​របត់​ដ៏​លំបាក​មួយ​សម្រាប់​អ្នក​រៀបចំ​គោលនយោបាយ​សកល​។ ការ​រឹតបន្តឹង​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​ប្រាក់​ដុល្លារ​កាន់តែ​ខ្លាំង​ ​អាច​បង្កើន​ល្បឿន​នៃ​ការ​ជម្លៀស​ដើមទុន​ចេញ​ពី​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​បស្ចិម​ប្រទេស​ ខណៈ​ដែល​ការ​អនុវត្ត​ធូរ​រលុង​ពេក ​នឹង​ធ្វើឱ្យ​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​ក្នុងនាម​ជា​ឧបករណ៍​ការទូតថយចុះ​។ ការ​ដាក់​កំហិតហិរញ្ញវត្ថុ​ដោយឯក​តោ​ភាគី ​បាន​បង្កើត​សម្ពាធ​ជាប្រព័ន្ធ​ដែល​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​មួយចំនួនស្វែងរក ​និង​បង្កើត​ផ្លូវ​ទូទាត់​ទុន​ផ្សេង​ៗ​ជំនួស​វិញ​។

​ជារួម ​ក្រៅ​ពី​មាសដែលជាទុនបម្រុងសុវត្ថិភាព​ នៅមាន​ជម្រើស​ដទៃទៀត​ដែល​បណ្តា​ធនាគារ​កណ្តាល​ចាប់​យក​មក​ប្រើ​ជំនួស​ប្រាក់​ដុល្លារ​ រួមមានដូចជា​ រូបិយប័ណ្ណ​បម្រុង​សំខាន់ជាលុយ​អឺរ៉ូ យ័ន​ យេន ​ផោន​,​ ការទូទាត់​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​,​ ​ទំនិញយុទ្ធសាស្ត្រ​មាន​ទាំង​ប្រេង ​ឬ​លោហៈ ​និង​រូបិយប័ណ្ណ​ឌីជីថល ​C​BDC​/​Crypto​ ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា