តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​។ ​នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​អាជីវករ​លក់​សាច់​ជ្រូក​ ​ក៏​ដូចជា​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​តាម​បណ្តា​ខេត្ត​នានា​។

Advertisement

​លោកស្រី​ ​អ៊ាង​ ​ដាលីន ​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ជម្ពួវ័ន​ ក្នុង​ក្រុង​ភ្នំពេញ​ ​ឱ្យដឹង​ថា​ ​សាច់​ជ្រូក​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​នៅឡើយ​ ​គិត​មកទល់​ពេលនេះ​ ​ពោល​សាច់​សុទ្ធ​មាន​តម្លៃ​ ​២២,០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ និង​សាច់​ជ្រូក​បី​ជាន់​រួម​និង​ឆ្អឹងជំនី​មាន​តម្លៃ​ដូចគ្នា​ ​២៣,០០០ ​រៀល​ ​ក្នុង​មួយ​គីឡូក្រាម​។

​លោកស្រី​ ​បាន​ឱ្យដឹង​ទៀត​ថា​ ​ការ​ឡើង​ថ្លៃ​សាច់​ជ្រូក​ត្រូវ​គេ​ដឹង​ថា​ ​មាន​រយៈពេល​ជិត​ ​០៤​ ​ខែ​មក​ហើយ​ ​ចាប់តាំងពី​ ​ខែមេសា ​មុន​រដូវកាល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ ​២០២៦​ ​រហូតមកទល់​បច្ចុប្បន្ន​នេះ​។

​យោង​តាម​តារាង​តម្លៃ​ទីផ្សារ ​ចេញផ្សាយ​ដោយ​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ថា​ ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​នានា​មាន​តម្លៃ​មធ្យម​ ​២៥០០០​ ​រៀល​ ​ក្នុង​មួយ​គីឡូក្រាម​។

​លោក​ ​មុត ​សុភ័ក្រ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ផ្សារ​កំបៅ​ ​ក្នុង​ឃុំ​កំបៅ​ ​ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃវែង​ឱ្យដឹង​ថា​ តម្លៃ​ជ្រូក​រស់​ចាប់ផ្តើម​ឡើង​ថ្លៃ​ចាប់តាំង​ខែមេសា ​ដែល​កាល​ណោះ​ជ្រូក​រស់​មាន​តម្លៃ​ចន្លោះ​ពី​ ​៨,០០០ ​រៀល​ទៅដល់​ ​៩,០០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​ និង​បាន​ឡើង​ថ្លៃ​ជាបន្តបន្ទាប់មក​ទល់​បច្ចុប្បន្ន ​ចន្លោះ​ពី​ ១១,០០០ ​រៀល​ ​ដល់​ ​១២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​លោកបានថ្លែងប្រាប់​ថា៖​

“​កាលណា​សាច់​ជ្រូក​ក្នុង​ស្រុក​ឡើង​ថ្លៃ​ ​ធ្វើឱ្យ​កសិករ​មាន​ភាព​ញញឹម​ មាន​ក្តីសង្ឃឹម​ចិញ្ចឹម​បន្ត​ទៀត​ ​ដោយសារ​ពួកគាត់​ទទួលបាន​ប្រាក់​ចំណេញ​គួរសម​ពីរ​បរ​ចិញ្ចឹម​ជ្រូក​នៅក្នុង​ឆ្នាំ​នេះ​ ​ខុសពី​ឆ្នាំ​មុន​ៗ​សាច់​ជ្រូក​ធ្លាក់​ថ្លៃ​ចុះ​កសិករ​ត្រូវ​ខាតបង់​ ​ឬ​ចិញ្ចឹម​មិន​សូវ​បាន​ផលចំណេញ​ច្រើន​​។”

​លោក​ ​សួង​ វាសនា​ កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​អូរ​រោង ​ឃុំ​ជ្រៃ​បាក់​ ក្រុង​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង​ ​មានប្រសាសន៍​ឱ្យដឹង​ស្រដៀង​នេះ​ដែរ​ថា​ តម្លៃ​ជ្រូក​រស់​បាន​ចាប់ផ្តើម​ឡើង​ថ្លៃ​ជាបន្តបន្ទាប់​ចាប់តាំងពី​ ​៦,០០០​ទៅ​ ​៧,០០០ ​រៀល​ ​ក្នុង​មួយ​គីឡូក្រាម​នៅ​មុន​ចូល​ឆ្នាំ​ រហូតដល់​ ​៨,០០០​ ​ទៅ​ ៩,០០០​ រៀល​នៅពេល​បន្ទាប់​ ​ហើយ​បន្ត​ឡើង​ថ្លៃ​ចន្លោះ​ពី​ ​១១,០០០​ ​រៀល​ទៅ​ ​១២,០០០​ រៀល​ ​ក្នុង​មួយ​គីឡូក្រាម​នា​ពេល​បច្ចុប្បន្ន​។​ 

​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ខាងលើ​ ​អះអាង​ដូច​ៗ​គ្នា​ថា​ កត្តា​ដែល​ធ្វើឱ្យ​ជ្រូក​ក្នុង​ស្រុក​មាន​ការ​ឡើង​ថ្លៃ​ខ្ពស់​ ​នៅលើ​ទីផ្សារ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​លុបបំបាត់​នៃ​ការ​នាំចូល​សាច់​បង្កក​គ្មាន​ច្បាប់​ ​ចូលមក​ទីផ្សារ​កម្ពុជា​ពីសំណាក់​អាជ្ញាធរ ​ក៏​ដូចជា​កត្តា​ផ្គត់ផ្គង់​ជ្រូក​ក្នុង​ស្រុក​មាន​ការ​ធ្លាក់ចុះ​ ​ដែល​បណ្តាល​មកពី​ការ​ផ្ទុះ​ជំងឺ​ប៉េស​អាហ្វ្រិក​នៅ​អំឡុង​មុន​ចូល​ឆ្នាំ​ខ្មែរ​ ធ្វើឱ្យ​ជ្រូក​ងាប់​ជាច្រើន​នៅ​តាម​កសិដ្ឋាន​នានា ​ជា​ក្តី​នាំឱ្យ​កសិករ​មួយចំនួន​ជួប​ការ​ខាតបង់​ធ្ងន់ធ្ងរ​នា​ពេល​នោះ​។

​ដោយឡែក​លោក​ ស្រ៊ុន ​ពៅ​ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​អះអាង​ថា​ ​ការ​ឡើង​ថ្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ​ដោយសារ​តម្រូវការ​សាច់​ជ្រូក​សម្រាប់​ធ្វើ​ម្ហូប​អាហារ​របស់​ពលរដ្ឋ​ ​នៅ​រយៈពេល​ចុងក្រោយ​មាន​ការ​ធ្លាក់ចុះ​ជាង​ពេល​មុន ​ដោយសារ​ការ​ចំណាយ​មាន​កម្រិត​។​

​លោក​បញ្ជាក់​ថា​

“​ដើម្បី​ទប់ទល់​លើ​ការ​ចំណាយ​ ​អាជីវករ​ត្រូវ​លក់​ដំឡើង​ថ្លៃ​សាច់​ជ្រូក​ខ្ពស់​បន្តិច​ ​ដែល​បច្ចុប្បន្ន​ដូច​យើង​ដឹង​ហើយ​ថា​ តម្រូវការ​បរិភោគ​សាច់​ជ្រូក​របស់​ពលរដ្ឋ​មាន​ការ​ធ្លាក់ចុះ​ ​ដោយសារ​កត្តា​ជីវភាព​និង​កត្តា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ បន្ត​អូសបន្លាយ​មក​ទល់​បច្ចុប្បន្ន​។​”

​យោង​តាម​តួលេខ​របស់​សមាគម​ចិញ្ចឹម​សត្វ​កម្ពុជា​ ​ឱ្យដឹង​ថា​ ​កម្ពុជា​មាន​តម្រូវការ​សាច់​ជ្រូក​ចន្លោះ​ពី​ ​៨០០០​ក្បាល​ទៅ​ ​៩០០០​ក្បាល​ ​ឬ​ស្មើ​ហើយ​ជាង​ ​៤០​ ​តោន​ទៅដល់​ជាង​ ​៥០​ ​តោន​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា