វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ គម្រោងស្នើសុំវិនិយោគ និងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) ឬហៅថា តំបន់ SME ពិសេសនៅខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលសម្របសម្រួលពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទៅលើនីតិវិធី ដើម្បីអាចសម្រេចទៅបានស្របតាមគម្រោងស្នើសុំ ខណៈដែលវិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់មួយនេះកាន់តែឆាប់។

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នារសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) ស្ថិតនៅក្រុងកំពង់សោម ស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានផ្តោតការពិភាក្សាលើបញ្ហាដីធ្លី និងស្ថានភាពនៃការកាន់កាប់ដីជាក់ស្តែងនៅទីតាំងដែលបានស្នើសុំវិនិយោគ ។ ជាមួយនេះ, អង្គប្រជុំបានផ្តល់ធាតុចូល ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ នីតិវិធីនៃការគ្រប់គ្រងដីធ្លី និង ភាពស្មុគស្មាញនៃការកាន់កាប់ជាក់ស្តែងនៅទីតាំងនោះ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និង មានសង្គតិភាព មុននឹងឈានដល់ការពិនិត្យលើសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន ដែលបានស្នើសុំការសម្របសម្រួល និង ការលើកទឹកចិត្តពិសេសនានាពីរាជរដ្ឋាភិបាល ។

ជាលទ្ធផលនៃកិច្ចពិភាក្សា, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគនេះ ដែលមានសក្តានុពលក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ។ យ៉ាងណាមិញ ដោយសារការស្នើសុំនេះមានការពាក់ព័ន្ធភាគច្រើនទៅនឹងភាពមិនទាន់ច្បាស់លាស់នៃបញ្ហាកាន់កាប់ដីធ្លី ក្រុមការងារបានផ្តល់ការណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ដើម្បីធ្វើការសិក្សា និងសម្របសម្រួលដោះស្រាយ ស្របតាមច្បាប់ និងនីតិវិធីឱ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការពិនិត្យសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត និងការអនុគ្រោះនានា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជន បានសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅនឹងគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ មួយនេះ ជាមួយនឹងការទទូចស្នើឱ្យមានការចូលរួមគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់វិស័យ SME នៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា ៖

«បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានច្រើនទីតាំង ច្រើនតំបន់ និងទទួលបានការលើកទឹកពិសេសពីសំណាក់រាជរដ្ឋាភិបាល ដូច្នេះ យើងក៏ចង់ឱ្យមានតំបន់ SME ពិសេស និងទទួលបានការលើកទឹកចិត្តពិសេសដូចគ្នា ដែលវានឹងជួយជំរុញវិស័យមួយនេះមានភាពរស់រវើក រីកចម្រើន ហើយមិនត្រឹមតែផលិត កែច្នៃ សម្រាប់តែទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែវាអាចនឹងឈានដល់ការនាំចេញទៅក្រៅប្រទេសប្រកបដោយភាពប្រកួតប្រជែងផងដែរ»។

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀតនៃគោលបំណងឱ្យមានតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និងរោងចក្រ គឺផ្តល់ភាពងាយស្រួលទាំងការផ្គត់ផ្គង់វត្ថុធាតុដើម ងាយស្រួលទាំងការបំពេញធនធានជំនាញ ជាពិសេស អាចមានការធានាដល់ប្រភពទុនសម្រាប់ពង្រីកសង្វាក់ផលិតកម្មបន្ថែម ស្រដៀងគ្នាទៅនឹងតំបន់សេដ្ឋកិច្ចពិសេសយ៉ាងដូច្នោះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ខ្ញុំធ្លាប់បានពិភាក្សាជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពីគោលបំណង ពង្រឹងតំបន់ប្រមូលសហគ្រាសធុនតូច មធ្យម និងរោងចក្រ ដែលមានស្រាប់ ហើយពង្រីកថ្មីបន្ថែម ដើម្បីជួយលើកកម្ពស់វិស័យ SME។ រឿងមួយទៀត ក្រោយពេលបង្កើតប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ គឺរដ្ឋមានភាពងាយស្រួលក្នុងការគ្រប់គ្រង ងាយស្រួលក្នុងការគាំទ្រចំគោលដៅ ជាពិសេស សង្វាក់ផលិតកម្មនឹងមានភាពប្រទាក់ក្រឡាគ្នាទៅកាន់តំបន់សេដ្ឋកិច្ចពិសេសតែម្ដង»។

អ្នកឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ផងដែរថា វត្តមានតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និងរោងចក្រ ក៏ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការពង្រីកទំហំពាណិជ្ជកម្មកម្ពុជាផងដែរ ត្បិតបច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដែលមានទីផ្សារធំទូលាយជាច្រើន រាប់ទាំងទីផ្សារអាស៊ានផងដែរ ប៉ុន្តែកម្ពុជានៅមិនទាន់បានប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះឱ្យអស់លទ្ធភាពនៅឡើយនោះទេ។

យោងតាមទិន្នន័យចុងក្រោយបង្អស់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជំរឿនផ្លូវការ ចំនួនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សរុបនៅកម្ពុជាមានប្រមាណជាង ៧៥ ម៉ឺនមូលដ្ឋាន (ផ្អែកលើទិន្នន័យជំរឿនមានចំនួន ៧៥៣.៦៧០ មូលដ្ឋាន) ប៉ុន្តែភាគច្រើនជាសហគ្រាសធុនមីក្រូ និងលក្ខណៈគ្រួសារដែលមិនទាន់បានចុះបញ្ជី។ សម្រាប់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម (ផ្នែកកម្មន្តសាល) ដែលបានចុះបញ្ជីផ្លូវការគិតត្រឹមចុងឆ្នាំ២០២៥ មានចំនួន ៤៤ ៧៩៥ មូលដ្ឋានប៉ុណ្ណោះ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា