ចិញ្ចឹម​កន្ធាយ ​៥,០០០​ក្បាល​ ​៦​ខែ ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិញ្ចឹម​កន្ធាយ ​៥,០០០​ក្បាល​ ​៦​ខែ ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​

ចិញ្ចឹម​កន្ធាយ ​៥,០០០​ក្បាល​ ​៦​ខែ ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​

​ភ្នំពេញ​៖​ ​ការ​ចិញ្ចឹម​កន្ធាយ​កំពុង​ក្លាយជា​មុខរបរ​កសិកម្ម​មួយ​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា​ ​ខណៈ​តម្រូវការ​សាច់​កន្ធាយ​កំពុង​កើនឡើង​នៅ​តាម​ភោជនីយដ្ឋាន​ ​និង​ទីប្រជុំជន​នានា ​ពិសេស​កសិករ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ ​ដុល្លារ​ ពី​ការ​ចិញ្ចឹម​កន្ធាយ​ប្រមាណ​ ​៥,០០០​ក្បាល​ក្នុង​រយៈពេល​ ​៦​ ​ខែ​ ​ក្នុង​ស្រះ​មួយ​។

Advertisement

​លោក​ ចន ​បូរិន​ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​កម្ពុជា​ ​ដែល​មាន​ទីតាំង​នៅ​ឃុំ​ក្រញូង​ ​ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃវែង​ ​បាន​ឱ្យដឹង​ថា​ តម្លៃ​កន្ធាយ​បច្ចុប្បន្ន​មាន​ប្រមាណ​ ​៦​ ​ទៅ​ ​៨​ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ​កើន​ពី​ប្រមាណ​ ​៥​ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កាលពី​មុន​។

​លោក​ ​បូរិន ​បាន​ចាប់ផ្តើម​ចិញ្ចឹម​កន្ធាយ​តាំងពី​ឆ្នាំ​ ​២០១៩​ ​ដោយ​ដំបូង​ចិញ្ចឹម​ត្រឹម​ ​៥០០​ ក្បាល​ក្នុង​ស្រះ​មួយ​សម្រាប់​សាកល្បង​។ ​ដោយសារ​កន្ធាយ​ងាយស្រួល​ចិញ្ចឹម​ និង​មាន​ទីផ្សារ​ល្អ​ លោក​បាន​ពង្រីក​កសិដ្ឋាន​រហូតដល់​ ​២៤​ ​ស្រះ​ ​នៅពេល​បច្ចុប្បន្ន​។

​លោក​បាន​ពន្យល់​ថា​ ​ស្រះ​ដែល​មាន​ទំហំ​ទទឹង​ ​១០​ ​ម៉ែត្រ ​និង​បណ្តោយ​ ​៣០​ ​ម៉ែត្រ ​អាច​ចិញ្ចឹម​កន្ធាយ​បានជា​មធ្យម​ប្រមាណ​ ​៥,០០០​ ក្បាល​។​ ក្នុង​រយៈពេល​ ​៦​ ​ខែ​ កសិករ​អាច​ប្រមូល​កន្ធាយ​លក់​បាន​ទម្ងន់​សរុប​ជា​មធ្យម​ប្រមាណ​ ​២,៥​ ​តោន​។

​ដោយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ​៦​ ​ទៅ​ ​៨​ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ កន្ធាយ​ក្នុង​ស្រះ​មួយ​អាច​បង្កើត​ចំណូល​សរុប​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​វគ្គ​ចិញ្ចឹម​ (​តាម​ការ​ប៉ាន់ប្រមាណ​របស់​ លោក​ ​បូរិន​) ​ខណៈ​ការ​ចំណាយ​លើ​កូន​កន្ធាយ ​ចំណី​ ​និង​ការ​ថែទាំ​សុខភាព​ផ្សេង​ៗ​មាន​ប្រមាណ​ ​៥០​ភាគរយ​ ​ឬ​ប្រមាណ​ ​៦,០០០​ដុល្លារ​។ ​ដូច្នេះ​ ​ប្រាក់​ចំណេញ​អាច​មាន​ប្រមាណ​ ​៦,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​។

​លោក​ ​បូរិន ​បាន​និយាយ​ថា​ តម្រូវការ​កន្ធាយ​មាន​ខ្ពស់​នៅ​តាម​ទីប្រជុំជន ​ជាពិសេស​តំបន់​ដែល​មាន​ប្រជាជន​ចិន​រស់​នៅ​ច្រើន​។​ កសិដ្ឋាន​របស់​លោក​មាន​កន្លែង​លក់​នៅ​ភ្នំពេញ​ ​និង​ផ្គត់ផ្គង់​ទៅ​អតិថិជន​នៅ​តាម​ខេត្ត​ជាច្រើន​ ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត​ ​ដោយ​ទីផ្សារ​ខ្លាំង​មាន​នៅ​កំពង់សោម ​សៀមរាប​ ​និង​ស្វាយរៀង​។

​សម្រាប់​បច្ចេកទេស​ចិញ្ចឹម​ លោក​បាន​ណែនាំ​ថា​ កសិករ​ត្រូវ​រៀបចំ​ស្រះ​ឱ្យ​ស្អាត​ ហ៊ុំព័ទ្ធ​ដោយ​សំណាញ់​ឱ្យ​បាន​ជិត​ ​ដើម្បី​ការពារ​កន្ធាយ​ចេញ​ពី​ស្រះ​ ​ព្រមទាំង​ពិនិត្យ​គុណភាព​ទឹក​ ​ដូចជា​ ​កម្រិត​ ​pH​ ​កំហាប់​អំបិល​ ​និង​កំហាប់​បាស ​ឱ្យ​ស្រប​តាម​ស្តង់ដារ​។​ កសិករ​ក៏​ត្រូវ​ដាំ​រុក្ខជាតិ​ទឹក​សម្រាប់​ធ្វើជា​ជម្រក​ដល់​កន្ធាយ​ផងដែរ​។

​បន្ទាប់ពី​រៀបចំ​ស្រះ​រួច​ កសិករ​អាច​យក​កូន​កន្ធាយ​ដែល​មាន​អាយុ​ប្រមាណ​២​ខែ​មក​ចិញ្ចឹម​ និង​ផ្តល់​ចំណី​ជាប្រចាំ​។ ​បន្ទាប់ពី​ចិញ្ចឹម​ប្រមាណ​៦​ខែ​ ​កន្ធាយ​អាច​ប្រមូល​លក់​បាន​ ​ដោយ​មាន​ទម្ងន់​ប្រមាណ​ ​០,៦​ទៅ​០,៨​គីឡូក្រាម​ក្នុង​មួយ​ក្បាល​។

​លោក​ ​ថា​យ ​សុមុនី ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារី​វប្បកម្ម ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​មានប្រសាសន៍​ថា​ បច្ចុប្បន្ន ​សាច់​កន្ធាយ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ជាពិសេស​នៅ​តាម​ភោជនីយដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ទីប្រជុំជន​នានា​តាម​បណ្តា​ខេត្ត​។​

លោក​បាន​ឱ្យដឹង​ថា​ តម្រូវការ​កន្ធាយ​ក៏​ត្រូវបាន​ជំរុញ​ដោយ​អ្នក​និយម​ទទួលទាន​សាច់​អណ្ដើក​ដែល​ងាក​មក​ទទួលទាន​សាច់​កន្ធាយ​ជំនួស​វិញ​ ​ខណៈ​អណ្ដើក​ជា​ប្រភេទ​សត្វ​កម្រ ​និង​ការ​ជួញដូរ​សាច់​អណ្តើក​ត្រូវបាន​ច្បាប់​ហាមឃាត់​។

​លោក​បន្ត​ថា​ ​ការ​ចិញ្ចឹម​កន្ធាយ​ក្នុង​ស្រុក​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​ប្រមាណ​តែ​ ​៣០​ទៅ​៤០​ភាគរយ​ ​ប៉ុណ្ណោះ​ ​ខណៈ​បរិមាណ​ដែល​នៅសល់​ភាគ​ច្រើន​ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​ជិតខាង​។

​លោក​បាន​លើកទឹកចិត្ត​ឱ្យ​កសិករ​ពិចារណា​ចិញ្ចឹម​កន្ធាយ​ជា​អាជីវកម្ម​កសិកម្ម ​ដោយសារ​មាន​ទីផ្សារ​ល្អ​ ​និង​ជា​ប្រភេទ​ផលិតផល​ដែល​មាន​សក្តានុពល​បន្ទាប់ពី​បង្កង​៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា