ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម។ ជាក់ស្តែង ការចិញ្ចឹមទាត្រឹមតែមួយកសិដ្ឋាន ក្នុងខេត្តកណ្តាល មានមេទាពងប្រមាណ ៨០០០ ក្បាល អាចឱ្យម្ចាស់កសិដ្ឋានរកប្រាក់ចំណេញបានជាង ១០០ ដុល្លារជារៀងរាល់ថ្ងៃ។

Advertisement

លោកស្រី សឿន ឧស្សា ម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែង នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យដឹងថា គ្រួសារលោកស្រីបានចាប់យកអាជីពជាអ្នកចិញ្ចឹមទាយកពង ចាប់តាំងពីឆ្នាំ ២០២៤ តាមរយៈការទិញមេទាក្រមុំពីកសិដ្ឋានផ្សេងក្នុងតម្លៃ ២១,០០០ រៀលក្នុងមួយក្បាល ដើម្បីយកមកដាក់ចូលកសិដ្ឋានបន្តិចម្តងៗ។

រហូតមកទល់ឆ្នាំ ២០២៦ នេះ កសិដ្ឋានលោកស្រីបានបង្កើនការចិញ្ចឹមមេទារហូតដល់ចំនួន ៨០០០ ក្បាលដែលអាចផ្តល់ពងជាមធ្យម ៥,០០០ គ្រាប់ជារៀងរាល់ថ្ងៃ ខណៈដែលបច្ចុប្បន្នពងទាលក់ចេញបានថ្លៃសរមរម្យ មួយគ្រាប់ ៤០០ រៀលដែលជាតម្លៃបោះដុំ។

លោកស្រីបានថ្លែងដូច្នេះថា៖

“មកទល់ខែមិថុនានេះ ពងទាលក់បានថ្លៃគួរសមមួយគ្រាប់ ៤០០ រៀល ហើយម៉ូយមកទិញអស់ៗមិនដែលសល់ទេ ពេលខ្លះ ខ្វះពងទាឱ្យម៉ូយទៀតផង ខុសពីខែមុនៗលក់មិនសូវបានថ្លៃ ហើយមិនសូវមានម៉ូយទិញទៀតផង។”

គិតជាមធ្យម ក្នុងមួយថ្ងៃកសិដ្ឋានខាងលើអាចរកចំណូលបានប្រមាណជា ២ លានរៀល ឬប្រហែល ៥០០ ដុល្លារអាម៉េរិក ប៉ុន្តែបើគិតលើការចំណាយថ្លៃទិញចំណី និងថ្លៃថ្នាំវ៉ាក់សាំង ថ្នាំសង្កូវផ្សេង បូករួមនឹងការចំណាយថ្លៃម្ហូបអាហារកម្មករអ្នកមើលថែ និងអ្នករើសពងទា ម្ចាស់កសិដ្ឋានត្រូវចំណាយជាមធ្យមប្រហែល ១ លាន ៥ សែនរៀល ឬលើពីនេះ។ ទោះជាចំណាយទៅវិញច្រើនក៍ដោយ បើគេទូទាត់រវាងចំណូលនិងចំណាយខាងលើ ម្ចាស់កសិដ្ឋានខាងលើនេះ នៅតែអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ។

លោកស្រីអះអាងថា ទោះជាការចិញ្ចឹមទារអាចរកប្រាក់ចំណេញបានច្រើនសមរម្យក៍ដោយ ក៏កសិករប្រឈមហានិភ័យផ្សេងៗជាច្រើន ដូចជា ទាចាស់មិនសូវផ្តល់ពងច្រើន តម្លៃលក់លើទីផ្សារពេលខ្លះធ្លាក់ចុះខ្លាំង ការទិញចំណីទាឡើងថ្លៃ និងហានិភ័យខ្ពស់ជាងគេគឺជំងឺប៉េស និងជំងឺអាសន្នរោគ ដែលភាគច្រើនប៉ះទៅលើអ្នកចិញ្ចឹមថ្មីៗ ដែលសូវពុំមានបទពិសោធន៍តែម្តង។

លោកស្រីបានថ្លែងថា

“កសិករចិញ្ចឹមទាថ្មីៗទាមទារឱ្យមានការយកចិត្តទិកដាក់ខ្លាំង ពិសេស ត្រូវចេះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ មានដូចជា ជំងឺប៉េស និងជំងឺអាសន្នរោគជាដើម ជួនកាលបង្កឱ្យស្លាប់ទាអស់ទាំងទ្រុងត្រូវខាតបង់អស់ដើមអស់ចុងក៍មាន។”

ដើម្បីជៀសផុតពីជំងឺកាចដែលកើតមានទៅលើសត្វទា ម្ចាស់កសិដ្ឋានត្រូវរកទីតាំង ដែលមានខ្យល់អាកាសល្អ នៅក្បែរបឹង ត្រពាំង ឬប្រភពទឹកផ្សេងៗ ដើម្បីឱ្យទាហែលទឹកលេងបំបាត់ស្រ្តេសកាត់បន្ថយការកើតមានជំងឺ ហើយត្រូវមានទីតាំងដាំស្មៅឱ្យទារដើរស៊ីកាត់ បន្ថយលើការផ្តល់ចំណី និងពិសេសត្រូវសម្អាតទ្រុងឱ្យស្អាតជាប្រចាំ ហើយប្រមូលលាមកទារដាក់ក្នុងថង់បេទុកដាក់កន្លែងស្ងួតជៀសវាងការសាយភាយក្លិនមិនល្អ សម្រាប់លក់ទៅឱ្យកសិករដាំដំណាំផ្សេងៗ។ ក្រៅពីនេះកសិករត្រូវធ្វើការសាំង ៤ ខែម្តងៗ ពិសេសវ៉ាក់សាំងជំងឺប៉េស និងអាសន្នរោគតែម្តង។

យោងតាមឯកសារស្រាវជ្រាវផ្សេងៗបង្ហាញថា ទារចាប់ផ្តើមឱ្យពងនៅអាយុចន្លោះ ៥ ទៅ ៦ ខែ និងផ្តល់ពងច្រើន អំឡុងពេលទាមានអាយុចាប់ពី ១ឆ្នាំដល់ ២ឆ្នាំ ហើយផ្តល់ពង ៣ឆ្នាំ ទើបស្បើយទៅវិញ នៅពេលនោះកសិករអាចលក់សាច់ទាដែលអស់ពង សម្រាប់ឱ្យចុងភៅធ្វើម្ហូបលក់ ដែលអាចបានចំណូលបានខ្លះៗត្រឡប់មកវិញដែរ។

គួរបញ្ជាក់ថា ឃុំវិហារសួគ៌និងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាទីតាំងផលិតពងទាដ៍ធំមួយ ក្នុងចំណោមទីតាំងផលិតពងទាជាច្រើនទីតាំងទៀតនៅកម្ពុជា ខណៈតម្រូវការពងទាមានចន្លោះពី ៨ លានទៅ ៩ លានគ្រាប់ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ឱ្យគ្រប់ចំនួននៅលើទីផ្សារក្នុងប្រទេស៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា