ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

កណ្ដាល​៖ ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ ​លោក​ នី ​ប្រុស នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ​។

​ចំណូល​ពី​មុខរបរ​នេះ​បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ ​ជាពិសេស​ការ​សិក្សា​របស់​កូន​ៗ​ ​និង​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង​។

​លោក​ នី ​ប្រុស​ កសិករ​ម្ចាស់​ស្រះ​ត្រី ​រស់នៅ​ភូមិ​ព្រែក​តា​ឯក ​ឃុំ​តា​លន់ ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​មាន​ដី​កន្លះ​ហិកតា​ ​និង​បាន​ដាក់​កូន​ត្រី​ឆ្ដោ​ប្រមាណ​ ​២ ម៉ឺន​ក្បាល​ក្នុង​ស្រះ​មួយ​ ​ដែល​មាន​ទទឹង​ ៣០ ​ម៉ែត្រ ​និង​បណ្តោយ​ ​៧០ ​ម៉ែត្រ​។

​លោក​បាន​បន្ថែម​ថា​ ​ទោះ​បី​ការ​ចិញ្ចឹម​ត្រី​មាន​ការ​ប្រឈម​ខ្លះ​ៗ និង​ទទួល​បាន​ផល​មិន​សូវ​ទៀងទាត់​ទៅ​តាម​បច្ចេកទេស​ ​និង​កត្តា​អាកាសធាតុ​ក៏​ដោយ​ ​ក៏​មុខរបរ​នេះ​នៅតែ​ផ្តល់​ផល​ចំណេញ​ខ្ពស់​។

​លោក​ នី ​ប្រុស​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​មួយ​ស្រះ​ដែល​ប្រមូល​ផល​បាន​ប្រមាណ ​១៥ តោន ​ទោះបី​មាន​ការ​ខាតបង់​ខ្លះ​ ​ក៏​នៅតែ​អាច​រក​ប្រាក់​សរុប​ជិត​ ៤​ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​ចំណេញ​បាន​ប្រហែល​ ២​ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ រួមទាំង​ថ្លៃ​ដើម​ផលិតកម្ម​។

​បញ្ហា​ប្រឈម​មួយ​ក្នុង​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ ​គឺ​ការ​ផ្គត់ផ្គង់​ចំណី ​ដោយសារ​ត្រី​ប្រភេទ​នេះ​ស៊ី​តែ​សាច់​សុទ្ធ ​ឬ​កូន​ត្រី​សុទ្ធ ​ខុសពី​ត្រីទូទៅ​ដែល​អាច​ស៊ី​ចំណី​ផលិត​ដោយ​ខ្លួនឯង​ ​ឬ​ចំណី​រោងចក្រ​។ ត្រី​ឆ្ដោ​មិន​ស៊ី​ចំណីនុយ ​និង​មិន​អាច​ស៊ី​ចំណី​ដែល​ទុក​ស្តុក​បាន​រាប់​ខែ​ទេ​។ ​ដូច្នេះ​ ​បញ្ហា​ប្រឈម​ធំ​គឺ​នៅក្នុង​ខែ​ដែល​ចំណី​មិន​សូវ​សម្បូរ ​ខណៈ​ខែ​ដែល​មាន​ចំណី​សម្បូរ ការ​ផ្គត់ផ្គង់​មាន​ភាព​ងាយស្រួល​ជាង​។

​លោក​ នី ​ប្រុស​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ត្រី​ចំនួន​ ​២ ម៉ឺន​ក្បាល​ដែល​មាន​ទម្ងន់​ពី​ ​៣ ​ទៅ​ ៤ ​ខាំ ត្រូវ​ដាក់​ចំណី​ជាង​ ​២០០​ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​នៅ​ពេល​ត្រី​មាន​ទម្ងន់​លើស​នេះ​ ​ក៏​ត្រូវ​បន្ថែម​ចំណី ​ដើម្បីឱ្យ​ត្រី​អាច​ធំ​ធាត់​បាន​ល្អ​។

​ក្រៅ​ពី​បញ្ហា​ចំណី ​ការ​ប្តូរ​ទឹក​ក៏​ជា​រឿង​សំខាន់​សម្រាប់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​។ ​លោក​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​គ្មាន​ទឹក​សម្រាប់​ផ្លាស់ប្តូរ​ ​នោះ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​ក៏​ជួប​ការ​លំបាក​។ ​ដើម្បីឱ្យ​ត្រី​ធំ​ធាត់​បាន​ល្អ ​ត្រូវ​ប្តូរ​ទឹក​ឱ្យ​បាន​ញឹកញាប់​ ​ហើយ​ការ​មាន​ទឹក​ស្អាត​ស្តុក​ទុក​សម្រាប់​ប្តូរ​ក៏​ជា​កត្តា​ល្អ​ផងដែរ​។ ​សម្រាប់​ការ​ចិញ្ចឹម​របស់​លោក​ ​លោក​មាន​ទឹក​អណ្តូង​ស្នប់​សម្រាប់​ផ្គត់ផ្គង់​ការ​ប្តូរ​ទឹក​ត្រី​។

ពាក់ព័ន្ធ​នឹង​ទីផ្សារ ​និង​តម្លៃ ​លោក​ នី ​ប្រុស​ ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ទីផ្សារ​ត្រី​ឆ្ដោ​មាន​ភាព​ល្អ​ប្រសើរ និង​មាន​ការ​ប្រកួតប្រជែង​តម្លៃ​ពីសំណាក់​ឈ្មួញ​កណ្ដាល​។​ ត្រី​ឆ្ដោ​ដែល​ប្រមូល​ផល​បាន​ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​នៅ​តំបន់​ព្រែក​ព្នៅ​ ​និង​គីឡូម៉ែត្រ​លេខ​ ​៦ ​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​១០​,០០០​ រៀល ​ទៅ​ជាង​ ​១២​,​០០០​ រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។

ការ​លក់​ដូរ​មាន​ភាព​ងាយស្រួល​ ​ដោយ​ឈ្មួញ​ចុះ​មក​ទិញ​ ​និង​ដឹកជញ្ជូន​ត្រី​ដល់​ទីតាំង​ស្រះ​ផ្ទាល់​តែម្តង​។

​លោក​ នី ​ប្រុស​ ​បាន​ឱ្យ​ដឹង​ថា​ ​កត្តា​ដែល​ជួយ​ឱ្យ​ការ​ចិញ្ចឹម​ត្រី​របស់​លោក​ទទួល​បាន​លទ្ធផល​ល្អ ​ក៏​មាន​ការ​ចូលរួមចំណែក​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ជល​ផល​ប្រចាំ​ស្រុក​ស្អាង ​ដែល​បាន​ចុះ​មក​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ ​ចែក​រំលែក​បទពិសោធន៍​ ​និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ​បាន​ទាន់​ពេលវេលា​។

​តាមរយៈ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ចិញ្ចឹម​ត្រី​ ​លោក​ នី ​ប្រុស​ ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​និង​ធានា​ការ​សិក្សា​របស់​កូន​ៗ​ទាំង​ ៤ ​នាក់​។ ​ក្នុង​នោះ​ កូន​ ២ នាក់​កំពុង​សិក្សា​នៅ​ភ្នំពេញ ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ ​២០០ ​ដុល្លារ​ក្នុង​មួយ​ខែ​ ​ខណៈ​កូន​ ​២ ​នាក់​ទៀត​កំពុង​សិក្សា​នៅ​ទីតាំង​រស់នៅ​បច្ចុប្បន្ន​។

​ផ្អែក​លើ​លទ្ធផល​ដែល​ទទួល​បាន​ពី​មុខរបរ​នេះ​ ​លោក​ នី ​ប្រុស​ ​មាន​ផែនការ​ប្រមូល​ដើមទុន​បន្ថែម ​ដើម្បី​ពង្រីក​ស្រះ​ចិញ្ចឹម​ ​និង​ដាក់​កូន​ត្រី​បន្ត​ទៀត​។

​ជាមួយគ្នា​នេះ​ លោក​បាន​អំពាវនាវ ​និង​លើកទឹកចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ផ្សេងទៀត​ឱ្យ​ចាប់​យក​មុខរបរ​វា​រីវប្ប​កម្ម​នៅក្នុង​ស្រុក​ ​ដើម្បី​បង្កើត​ប្រភព​ចំណូល​រឹងមាំ​សម្រាប់​គ្រួសារ ​និង​ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រកួត​ប្រជែង​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​។

​លោក​ នី ​ប្រុស ​បាន​បញ្ជាក់​ថា​ ​ប្រជា​ពលរដ្ឋ​ដែល​ចង់​ចាប់​យក​មុខរបរ​ចិញ្ចឹម​ត្រី​ ​អាច​ចិញ្ចឹម​ត្រី​ប្រភេទ​ផ្សេង​ៗ ​ដូចជា​ ត្រី​ប្រា ​ត្រី​អណ្តែង​ ត្រី​រ៉ស់​ ​និង​ត្រី​ទីឡាបយ៉ា ​ដែល​នៅ​តំបន់​នេះ​មាន​អ្នក​ចិញ្ចឹម​ច្រើន​។

​ចំពោះ​ត្រី​ឆ្ដោ ​អ្នក​ចិញ្ចឹម​គួរតែ​សិក្សា​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ ​ឬ​សិក្សា​ពី​អ្នក​ចិញ្ចឹម​ដែល​មាន​បទពិសោធន៍​ជា​មុន ​ដើម្បី​មាន​ចំណេះដឹង​ ​និង​បទពិសោធន៍​ខ្លះ ​មុននឹង​ចាប់ផ្តើម​ចិញ្ចឹម ​ដើម្បី​កាត់បន្ថយ​ការ​ខាតបង់ និង​ទទួល​បាន​ផល​ល្អ​ពី​ការ​ចិញ្ចឹម​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា