មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

កណ្តាល ៖ មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង។

Advertisement

លោក អេង ណាក់ ម្ចាស់កសិដ្ឋានចិញ្ចឹមគ្រួច រស់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មាន AMS Economy ថា ការចិញ្ចឹមគ្រួចងាយស្រួលជាងការចិញ្ចឹមមាន់ទា ដោយសារតែវាឆាប់បានផល ពោលត្រឹមតែមួយខែដប់ថ្ងៃប៉ុណ្ណោះ គ្រួចមានទម្ងន់ចន្លោះ ២ខាំកន្លះទៅដល់៣ខាំកន្លះ ដែលកសិករអាចចាប់លក់បាន ក្នុងតម្លៃចន្លោះពី ២,៥០០ រៀលទៅ ៣,០០០រៀល ក្នុងមួយក្បាល។

លោកបញ្ជាក់ថា​ ៖

«វាឱ្យផលលឿនបើធៀបជាមួយមាន់ទា យើងអាចប្រមូលផលលក់បានជារៀងរាល់ខែ ខណៈដែលមាន់ទាត្រូវចំណាយពេល ៣ ទៅ ៤ខែទើបអាចប្រមូលផលលក់បានម្តងៗ។ សម្រាប់កសិដ្ឋានរបស់ខ្ញុំ​អាចលក់គ្រួចសាច់បានប្រមាណ ៣០០០ក្បាលក្នុងមួយខែ ហើយសម្រាប់មេពូជមួយក្បាល លក់ក្នុងតម្លៃ ៥០០០រៀល »។

 ជាមួយនឹងដំណើរការចិញ្ចឹមដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះ លោក អេង ណាក់ បានរៀបរាប់ទៀតថា​ បច្ចុប្បន្ននេះ ទីផ្សារគ្រួចនៅតែល្អ និងមានតម្លៃសមរម្យដដែលបើទោះជាមានគេចិញ្ចឹមច្រើនទីតាំងក៏ដោយ​ ជាក់ស្ដែង​​ កសិដ្ឋានមួយនេះ​ មានអតិថិជនកុម្មង់ទិញជាច្រើន ទាំងអ្នកទិញយកទៅចម្អិនលក់ផ្ទាល់ ទាំងឈ្មួញកណ្តាលទិញយកទៅលក់បន្ត។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសចិញ្ចឹម និងថែទាំវិញ ម្ចាស់កសិដ្ឋានរូបនេះបានបញ្ជាក់ថា ការចិញ្ចឹមគ្រួចគឺមានភាពងាយស្រួល ដោយគ្រាន់តែអនុវត្តទៅតាមតំណាក់កាលងាយៗមួយចំនួន ដូចជាដំណាក់កាលដំបូង គេយកពងគ្រួចទៅដាក់ក្នុងទូភ្ញាស់សិប្បនិម្មិត​​រយៈពេល ១៦ថ្ងៃ ដោយជាទូទៅ ក្នុងចំនួន១០០គ្រាប់ យ៉ាងហោចណាស់អាចញាស់បានចន្លោះពី ៧០ ទៅ ៨០% ប៉ុណ្ណោះ។ ក្រោយពេលញាស់ជាកូនគ្រួច គេត្រូវយកទៅដាក់ក្នុងទ្រុងស្អាតដែលមានអំពូលកំដៅ មានទំហំទ្រុង ១ម៉ែត្រ x ១.៥ម៉ែត្រ ដោយគេអាចដាក់គ្រួចបានចំនួន ១០០ក្បាល និងឱ្យស៊ីចំណីធម្មតា ប៉ុន្តែត្រូវដាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយផងដែរ។

យ៉ាងណាក៏ដោយ ដ្បិតថា ការចិញ្ចឹមគ្រួចមានភាពងាយស្រួល ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ផងដែរ ជាពិសេសការថែទាំ និងការពារជំងឺផ្ដាសាយ ព្រោះប្រសិនបើកូនគ្រួចមានជំងឺផ្ដាសាយ វាងាយឆ្លងណាស់ ហើយអាចងាប់ច្រើនក្នុងរយៈពេលខ្លី ហើយប្រសិនបើមានគ្រួចងាប់ដោយសារជំងឺ គេត្រូវសម្អាតទ្រុង និងបាញ់ថ្នាំសម្លាប់មេរោគឱ្យបានរួចរាល់ ទើបអាចដាក់កូនគ្រួចថ្មីចូលបាន។ សូមជម្រាបថា កសិដ្ឋានខាងលើនេះបានចូលរួមផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ចំនួន ០៤នាក់ ដើម្បីជួយមើលថែ និងរៀបចំផ្ញើគ្រួចទៅឱ្យអតិថិជនតាមបណ្តាខេត្តផ្សេងៗ ដោយត្រូវចំណាយថ្លៃកម្លាំងពលកម្ម និងថ្លៃចំណីសត្វសរុបចន្លោះពី ៤០ ទៅ ៥០% នៃប្រាក់ចំណូលដែលលក់បានប្រចាំខែ។

សូមបញ្ជាក់ថា លោក អេង ណាក់ បានចាប់ផ្តើមរបរចិញ្ចឹមសត្វគ្រួចអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលផ្តើមចេញពីកសិដ្ឋានលក្ខណៈគ្រួសារ ហើយបន្តពង្រីកក្លាយជាកសិដ្ឋានកម្រិតមធ្យម ហើយក៏មានបំណងបង្កើតកសិដ្ឋានថ្មីបន្ថែមទៀត ព្រោះទីផ្សារ និងតម្រូវការសត្វគ្រួចនៅតែមានច្រើន មិនពិបាកលក់ ខណៈបច្ចុប្បន្ន គ្រួចបង្កក់ដែលនាំចូលពីប្រទេសជិតខាងនៅតែមាន ហើយមានតម្លៃប្រហាក់ប្រហែលគ្នា៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា