ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំកម្ពុជា មិនគាំទ្រការសាងសង់ផ្ទះត្រចៀកកាំដែលមានទំហំតូចពេកនោះទេ ដោយសារអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។ ទោះជាយ៉ាងណា អ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជានៅតែអាចរកប្រាក់ចំណេញបាន ប្រសិនបើអនុវត្តតាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ខណៈទីផ្សារបច្ចុប្បន្នកំពុងមានស្ថានភាពល្អប្រសើរ។
 
បច្ចុប្បន្ន ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមានចន្លោះពី ៥ ០០០ ទៅ ៧ ០០០ ខ្នងអគារ ដែលអាចផលិតទឹកមាត់ត្រចៀកកាំបានប្រមាណ ១០០ តោនក្នុងមួយឆ្នាំ ហើយក្នុងចំណោមនោះ មានផ្ទះត្រចៀកកាំជិត ១​ ០០០ កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំកម្ពុជា បានបញ្ជាក់ថា ផ្ទះត្រចៀកកាំដែលមានទំហំតូចបំផុត គួរមានប្រវែងទទឹង ៨ គុណ ១៦ ម៉ែត្រ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ម៉ឺនដុល្លារ ខណៈដែលទំហំបែបនេះអាចផ្តល់លំហគ្រប់គ្រាន់សម្រាប់សត្វត្រចៀកកាំហោះហើរចូលស្នាក់នៅ និងបង្កើតសំបុកបានសមស្រប។


 
លោកបានបន្តថា ៖

«ផ្ទះដែលមានទំហំតូចជាងនេះ អាចបង្កផលប៉ះពាល់ដល់ការរស់នៅ និងការបង្កើតសំបុករបស់សត្វត្រចៀកកាំ។ ចំណែកផ្ទះទំហំមធ្យម អាចមានប្រវែងប្រមាណ ១០ គុណ ២០ ម៉ែត្រ ឬ ១០ គុណ ២៤ ម៉ែត្រ និងមានកម្ពស់ពី ២ ទៅ ៣ ជាន់ ដែលចាត់ទុកថា ជាទំហំសមស្រប ដោយមិនចាំបាច់សាងសង់ធំពេក ធ្វើឱ្យចំណាយដើមទុនច្រើននោះឡើយ»។


 
ពាក់ព័ន្ធនឹងប្រាក់ចំណូល លោក ស៊ុយ កុកធាន បានឱ្យដឹងថា ប្រសិនបើអ្នកចិញ្ចឹមអាចជ្រើសរើសទីតាំងបានល្អ និងប្រើប្រាស់បច្ចេកទេសបានត្រឹមត្រូវ ផ្ទះត្រចៀកកាំអាចបង្កើតចំណូលបានគួរសមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
  
យោងតាមលោកប្រធានសមាគម​ សំបុកត្រចៀកកាំរបស់កម្ពុជាត្រូវបានចាត់ទុកថា មានគុណភាពខ្ពស់ ដោយសារបរិស្ថានធម្មជាតិរបស់កម្ពុជានៅតំបន់មួយចំនួននៅមានភាពស្អាត និងសមស្របសម្រាប់ការចិញ្ចឹមសត្វត្រចៀកកាំ។


 
ក្នុងន័យនេះ លោក ស៊ុយ កុកធាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងសាងសង់ផ្ទះត្រចៀកកាំ គួរសិក្សាឱ្យបានច្បាស់លាស់អំពីបច្ចេកទេស​សាងសង់ ទីតាំង និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតមុនពេលវិនិយោគ ព្រោះការរៀបចំបានត្រឹមត្រូវអាចជួយកាត់បន្ថយហានិភ័យនៃការខាតបង់ និងបង្កើនឱកាសទទួលបានប្រាក់ចំណេញ។
 
សូមបញ្ជាក់ថា ផ្ទះត្រចៀកកាំភាគច្រើនសាងសង់នៅខេត្តជាប់មាត់សមុទ្រ ដូចជា កំពត និងកោះកុង ហើយក៏ចាប់ផ្តើមមាននៅតំបន់ភូមិភាគកណ្ដាលច្រើនផងដែរ ពិសេសខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងខេត្តស្ទឹងត្រែង និងព្រះវិហារជាដើម៕ ​ដោយឡែក សម្រាប់តម្លៃសំបុកត្រចៀកកាំឆៅនៅលើទីផ្សារបោះដុំនាពេលបច្ចុប្បន្នត្រូវបានបែងចែកទៅតាមប្រភេទ និងកម្រិតនៃការសម្អាត ដូចជា សំបុកធម្មតា (គេនិយមហោថា ឆាកា) មានតម្លៃចន្លោះពី ២៨០ ដល់ ៤៥០ ក្នុងមួយគីឡូក្រាម,​ សំបុកត្រចៀកកាំឆៅប្រភេទល្អលេខ១ មានតម្លៃចន្លោះពី ៤៥០ ដល់ ៥០០ ក្នុងមួយគីឡូក្រាម (តម្លៃអាចឡើងដល់ ៧០០ ទៅ ៩០០ សម្រាប់សំបុកដែលមានស្តង់ដារខ្ពស់ត្រៀមនាំចេញ) ដោយឡែក សម្រាប់ការលក់រាយវិញ សំបុកត្រចៀកកាំស្អាតទូទៅ អាចមានតម្លៃចន្លោះពី ៩០០ ដល់ ១,៥០០ ក្នុងមួយគីឡូក្រាម (ឬចន្លោះ ១,៥០០ ដល់ ២,០០០ សម្រាប់ប្រភេទលំដាប់ខ្ពស់ប្រណីត)។ ដោយ ៖ ម៉ាដេប៉ូ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា