តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ភ្នំពេញ​ ៖ គិតត្រឹមពាក់កណ្តាលខែមីនាឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ ដែលមានតម្លៃរាប់លានដុល្លារ ប៉ុន្តែការប្រមូលទិន្នផលបែរជាធ្លាក់ចុះយ៉ាងខ្លាំងដោយសារកត្តាអាកាសធាតុ​​ រហូតធ្វើឱ្យកសិករដែលជាអ្នកដាំប្រឈមនឹងការខាតបង់។

Advertisement

នៅដើមរដូវនៃការប្រមូលផលគ្រាប់ស្វាយចន្ទីនាឆ្នាំ ២០២៦ នេះ​ តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា M23 (គ្រាប់ធំ)ស្ថិតនៅចន្លោះ ៧៤០០រៀល​ ទៅ ៧៦០០រៀលក្នុងមួយគីឡូក្រាម ឬលើសពីនេះអាស្រ័យទៅតាមបណ្តាខេត្ត​ និងការផ្តល់តម្លៃពីឈ្មួញផ្សេងៗគ្នា ប៉ុន្តែអ្វីដែលជាកត់សម្គាល់ គឺការប្រមូលទិន្នផលនៅដើមរដូវនេះមានការថយចុះយ៉ាងខ្លាំង។

លោក ជុត ច័ន្ទណាវុធ ម្ចាស់ចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅឃុំពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​​ បានប្រាប់​ AMS ឱ្យដឹងថា​ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះឡើងខ្ពស់ និងជាតម្លៃដែលកសិករចង់បាន​ ប៉ុន្តែជាអកុសល ការប្រមូលផលបែរជាធ្លាក់ចុះ រហូតធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ផងដែរ។​

លោកបញ្ចាក់ថា​ ៖

«ទិន្នផលឆ្នាំនេះបើធៀបនឹងឆ្នាមុនៗអាចធ្លាក់ចុះរហូតដល់ជាង ៦០ ភាគរយឯណោះ ដោយសារតែកត្តាអាកាសធាតុ…បើនិយាយទៅនៅពេលវាចេញផ្កា​ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង​ ជ្រុះផ្កាអស់​ ហើយនៅកាន់ផ្លែក៏មិនល្អដែរ​ វាមានស្នាមអុជខ្មៅៗ ដែលធ្វើឱ្យអ្នកទិញទម្លាក់តម្លៃទីផ្សារ….សម្រាប់ខ្ញុំចំណូលពីការលក់នៅឆ្នាំនេះ អាចមិនគ្រប់ឱ្យថ្លៃជី និងថ្លៃថ្នាំថែទាំផងក៏ថាបាន»។​

ដោយឡែក​ លោក គង់ ពេជ្រ ម្ចាស់ចម្ការស្វាយចន្ទីដែលមានទំហំប្រមាណជាង ២០ ហិកតា​​ ស្ថិតនៅស្រុកសំឡូត​​ ខេត្តបាត់ដំបង បានទទួលស្គាល់ពីតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះឡើងខ្ពស់ល្អ ខណៈដែលតម្រូវការពីឈ្មួញកណ្តាលយកទៅកែច្នៃ ដើម្បីនាំចេញមានការកើនឡើង ប៉ុន្តែលោកក៏នៅតែកង្វល់ដោយសារទិន្នផលដែលទទួលបានមានកម្រិតទាប។

ម្ចាស់ចម្ការរូបនេះបានបញ្ចាក់ថា​ ៖​​

«ជាទូទៅ ចាប់ពីខែ ៩ ទៅ គេចាប់ផ្តើមដាក់ជី​ ហើយដល់ពេលចេញផ្កាក្នុងអំឡុងខែ ១១ ឬខែ ១២​ គេបាញ់ថ្នាំការពារកុំឱ្យជ្រុះ​ ប៉ុន្តែឆ្នាំនេះមានភ្លៀងធ្លាក់ចំពេលចេញផ្កា​ បណ្តាលឱ្យផ្កាជ្រុះច្រើន​​ បើនៅសល់​ក៏នៅតិច ហើយផ្លែចេញមកក៏មិនល្អដែរ។ ឆ្នាំនេះ ទោះតម្លៃបានថ្លៃ​ ប៉ុន្តែមិនចំណេញច្រើននោះទេ ព្រោះចំណាយទៅលើថ្លៃពលកម្ម​ ថ្លៃជី និងថ្នាំការពារក៏អស់ច្រើនដែរ»។

យ៉ាងណាក៏ដោយ លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា កត្តាសំខាន់ចំនួនពីរដែលរួមចំណែកដល់ការហក់ឡើងនៃតម្លៃគ្រាប់ស្វាយចន្ទីនាពេលបច្ចុប្បន្ន គឹទី១៖ លក្ខខណ្ឌអាកាសធាតុមិនអំណោយផលក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យការប្រមូលផលមានភាពយឺតយ៉ាវ និងអាចកាត់បន្ថយផលិតកម្ម ប្រសិនបើដំណាំរងការខូចខាត ហើយទី២៖ ការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច ដោយសាររដ្ឋាភិបាលនៅទីនោះកំពុងពិចារណា ឬរឹតត្បិតលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីពង្រឹងឧស្សាហកម្មកែច្នៃក្នុងស្រុក និងចាប់យកតម្លៃបន្ថែមពីដំណាំនេះឱ្យបានកាន់តែច្រើន។ វិធានការបែបនេះអាចនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅជាសកលមានភាពតឹងតែង ខណៈដែលអាហ្វ្រិកខាងលិចនៅតែជាតំបន់ផលិតដ៏ធំបំផុតមួយរបស់ពិភពលោក។

ប្រធានសមាគមរូបនេះបានបន្តថា​​​ ៖

«ក្រៅពីហេតុផលខាងលើនេះ​ ការកើនឡើងនូវចំនួនសហគ្រាសកែច្នៃក្នុងស្រុកក៏ជាចំណែកជំរុញឱ្យតម្លៃឡើងថ្លៃដែរ​ គួបផ្សំនឹងតម្រូវការនាំចេញគ្រាប់ទាំងសម្បកទៅកាន់ប្រទេសចិនក៏មានទំហំច្រើនដូចគ្នា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៦នេះ តាមរយៈក្រុមហ៊ុន Men Sarun MDR Co., Ltd.​​ សហការជាមួយក្រុមហ៊ុន China Bonded Port Group Co., Ltd. នឹងនាំចេញគ្រាប់ស្វាយចន្ទីសម្បក (ប្រភេទ M23) មានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងឯណោះ»។​

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន ១ ០២០ ៧៥៧ តោន ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណ ១ ០០០ ៧៥៧ តោន គិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លារ (កើន ២៧%បើធៀបឆ្នាំ២០២៤) ហើយគិតត្រឹមដើមឆ្នាំ២០២៥ដដែល កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះមាន ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៦ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗប៉ុណ្ណោះ ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា