មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

ព្រះសីហនុ ៖ ក្រៅពីមុខរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បាន និងកំពុងចាប់យកមុខរបរបន្ថែមមួយទៀតដោយការចិញ្ចឹមក្តាមថ្ម ដែលអាចរកប្រាក់ចំណូលចូលគ្រួសារបានកាន់តែច្រើន និងជួយលើកកម្ពស់ជីវភាពពួកគេឱ្យមានភាពល្អប្រសើរ។​

Advertisement

លោក លឹម ប្រុញ ប្រជាសហគមន៍នេសាទជ្រលងម្នាក់​ក្នុងចំណោមសមាជិកចំនួន ៦០នាក់ បានឱ្យដឹងថា គ្រួសាររបស់លោកបានចាប់យករបរចិញ្ចឹមក្តាមថ្មនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលជាការចិញ្ចឹមលក្ខណៈគ្រួសារតាមបែបពាក់កណ្តាលធម្មជាតិ

លោកថា ៖

«ការចិញ្ចឹមក្តាមថ្មរបស់សហគមន៍ជ្រលង គឺអនុវត្តតាមគោលការណ៍ធម្មជាតិ ដោយមិនមានបំប៉នចំណីគីមីឱ្យឆាប់ធំនោះទេ ពោលគឺឱ្យស៊ីតែកូនត្រីនុយតូចៗ និងកូនគ្រំដែលនេសាទបានពីសមុទ្រ ដើម្បីឱ្យរសជាតិសាច់ក្តាមនៅរក្សាបានគុណភាពឆ្ងាញ់ដូចក្តាមធម្មជាតិ»។​

សូមជម្រាបថា លោក លីម ប្រុញ កំពុងចិញ្ចឹមក្តាមថ្មនៅលើផ្ទៃដីទំហំជាង ១០អា អាចដាក់កូនក្តាមចិញ្ចឹមបានជាង ៥០០ក្បាល និងអាចរកចំណូលបានចន្លោះពី ៣ ទៅ ៤ លានរៀលនៅពេលប្រមូលផលមួយលើក ក្រោយការចិញ្ចឹមរយៈពេលប្រមាណ ៣ខែកន្លះ ឬទៅដល់ ៤ខែ។

លោក ហ៊ូ សីហា ប្រធានសហគមន៍នេសាទជ្រលង បានឱ្យដឹងផងដែរថា ក្រៅពីការនេសាទលក្ខណៈគ្រួសារ និងតាមបែបប្រពៃណី សមាជិកសហគមន៍នេសាទ បានចាប់យករបរចិញ្ចឹមក្តាមថ្ម​សម្រាបសម្រាប់រកប្រាក់ចំណូលបន្ថែម ដោយគ្រួសារខ្លះមានស្រះទំហំជាង ១០អា ខ្លះទំហំជាង ២០អា ហើយខ្លះទៀតមានរហូតដល់ទំហំជាងមួយហិកតាក៏មានដែរ។

សម្រាប់ស្រះដែលមានទំហំប្រមាណ ២០អា គេអាចដាក់កូនក្តាមចិញ្ចឹមជាង ១០០០ក្បាល ដែលកូនក្តាមទាំងនោះត្រូវបានទិញពីអ្នកនេសាទ នាំចូលមកពីខេត្តកោះកុង មានតម្លៃ ១៥,០០០រៀលក្នុងមួយគីឡូក្រាម មានកូនក្តាមតូចប្រហែលជា ២០ ទៅ ៣០ក្បាល។

ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា ៖

«ក្រោយចិញ្ចឹមបំប៉នចំណីរយៈពេល ៣ខែកន្លះ ទៅ ៤ខែ កសិករអាចចាប់ក្តាមលក់ជាបណ្តើរៗ និងអាចរកចំណូលបានចន្លោះ ៦លានរៀលទៅដល់ ៨លានរៀលក្នុងមួយលើក និងមួយឆ្នាំអាចចិញ្ចឹមបានចំនួន ២ដង។ ចំពោះ ក្តាមលេខ ១ មានទម្ងន់ ២ ទៅ ៣ខាំ ក្នុងមួយក្បាល អាចលក់ក្នុងតម្លៃ ៥០,០០០រៀលក្នុងមួយគីឡូក្រាម ចំណែកក្តាមលេខ ២ មានទម្ងន់ ១ខាំកន្លះ ទៅដល់ ២ខាំក្នុងមួយក្បាល មានតម្លៃ ៣៥,០០០រៀលក្នុងមួយគីឡូក្រាម ដែលឈ្មួញទៅទិញដល់កន្លែងចិញ្ចឹម ដើម្បីយកទៅលក់បន្តនៅផ្សារក្នុងទីរួមខេត្តព្រះសីហនុ មានតម្លៃលើសពីនេះប្រហែល​ ៣,០០០រៀលក្នុង ១គីឡូក្រាម»។

លោកបន្តឱ្យដឹងដែរថា ទោះជាការចិញ្ចឹមក្តាមថ្មអាចរកចំណូលបានសមរម្យក៏ពិតមែន ប៉ុន្តែត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ ជាពិសេស នៅរដូវប្រាំង ព្រោះក្តាមមានហានិភ័យខ្លាំង ដោយសារនៅពេលមេឃក្តៅ ដីចាប់ផ្តើមឡើងអាស៊ីត ហើយពេលមានភ្លៀងធ្លាក់កក់ខែ សារធាតុអាស៊ីតហូរចូលស្រះចិញ្ចឹមក្តាម ធ្វើឱ្យក្តាមងាប់ភ្លាមៗ ស្រដៀងគ្នានឹងសត្វមាន់ សត្វទាដែរ ឬពេលខ្លះទឹកឡើងជន់ខ្លាំង លិចស្រះចិញ្ចឹម រហែកសំណាញ់របាំងការពារធ្វើឱ្យក្តាមវាចេញអស់ក៏មាន។

លោក ឯម ភា នាយខណ្ឌរដ្ឋបាលខេត្តព្រះសីហនុបានមា​នប្រសាសន៍ថា នៅក្នុងខេត្តព្រះសីហនុមានសហគមន៍វារីវប្បកម្មចិញ្ចឹមសត្វសមុទ្រជាច្រើន ដូចជា ការចិញ្ចឹមក្តាមថ្ម ចិញ្ចឹមក្រែងឈាម ចិញ្ចឹមក្រែងភក់ ចិញ្ចឹមត្រីស្ពង់ និងចិញ្ចឹមត្រីតុកែជាដើម ដែលអាចរកចំណូលបន្ថែមចូលគ្រួសារ ក្រៅពីរបរនេសាទលក្ខណៈប្រពៃណីតពីដូនតាជំនាន់មុន។

លោកបញ្ជាក់ឱ្យដឹងដែរថា សហគមន៍នេសាទជ្រលង ស្ថិតនៅក្នុងភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំផ្ទៃដីសរុប ១,៥៧២ ហិកតា មានសមាជិកចំនួន ២៧៦នាក់ ក្នុងនោះមានអ្នកនេសាទ ១១៦នាក់ ស្មើនឹង ៩០គ្រួសារ ប្រកបរបរនេសាទ​ ធ្វើស្រែ ធ្វើការរោងចក្រ លក់ដូរ និងរបរចិញ្ចឹមក្តាមថ្មតាមបែបវារីវប្បកម្មសមុទ្រ ដើម្បីរកចំណូលបន្ថែមចូលគ្រួសារ៕  

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា