លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

​ភ្នំពេញ​៖​ របរលក់​ម្ជូរ​ផ្លែ​ឈើ​តាម​ម៉ូតូ​ចល័ត​ ​អាច​បង្កើត​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​ដោយ​មិន​ចាំបាច់​មាន​ហាង​លក់​ធំ​ដុំ​ឡើយ​។ ​ជាក់​ស្តែង​ អ្នក​លក់​ម្ជូរ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ ​អាច​លក់​ផ្លែ​ឈើ​ពី​ ​១២០​ ​ទៅ​ ​១៥០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​និង​ទទួល​បាន​ចំណូល​សុទ្ធ​ប្រមាណ ​៣៥ ​ម៉ឺន​រៀល​នៅ​ថ្ងៃ​ធម្មតា​ ​ហើយ​អាច​កើន​ដល់​ជាង​ ១​ លាន​រៀល ​នៅ​ថ្ងៃ​លក់​ដាច់​។

​លោក​ តាន់​ ​សាវី ​អ្នក​ប្រកបរបរ​លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ថា ​លោក​ ​និង​ភរិយា​បាន​ប្រកបរបរ​នេះ​អស់​រយៈពេល​ ៤ ​ទៅ​ ៥ ​ឆ្នាំ​មកហើយ​ ​ដោយ​បច្ចុប្បន្ន​ជួល​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​។ ​លោក​មាន​ស្រុក​កំណើត​នៅ​តំបន់​បាក់​ខែង ​ខណៈ​ភរិយា​មកពី​ខេត្ត​ព្រៃវែង​។

​លោក​ ​សាវី ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ​និង​ភរិយា​ប្រើ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​សម្រាប់​លក់​ម្ជូរ​ប្រចាំ​ថ្ងៃ ​ចាប់​ពី​ម៉ោង​ ៩​ព្រឹក​ដល់​ម៉ោង​ ៦​ល្ងាច​។ ​បរិមាណ​ផ្លែឈើ​ដែល​យក​មក​លក់​មាន​ពី​ ​១២០​ ​ទៅ​ ​១៥០ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ហើយ​ជា​ទូទៅ​អាច​លក់​អស់​ដោយ​មិន​សល់​។ ​នៅ​ថ្ងៃ​ដែល​លក់​ដាច់ ​លោក​អាច​ទទួល​បាន​ចំណូល​ពី​ ៧០ ​ម៉ឺន​រៀល​ដល់​ជាង​ ១​ លាន​រៀល​។

​លោក​បញ្ជាក់​ថា​ ​ចំណូល​សុទ្ធ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ប្រមាណ​ ​៣៥ ​ម៉ឺន​រៀល​ ​ហើយ​អាច​កើន​ដល់​ ៥០ ​ម៉ឺន​រៀល​នៅ​ថ្ងៃ​ខ្លះ​ដែល​មាន​អតិថិជន​ច្រើន​។ ​ប្រាក់​ចំណូល​នេះ​ជួយ​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ ​រួមទាំង​ថ្លៃ​សិក្សា​របស់​កូន​ពីរ​នាក់​ ​និង​ថ្លៃ​ទឹកភ្លើង​។

​ចំណុច​សំខាន់​មួយ​ដែល​លោក​ផ្តោត​លើ​ការ​លក់​ ​គឺ​ការ​ជ្រើសរើស​ផ្លែ​ឈើ​ស្រស់ ​និង​ការ​រក្សា​អនាម័យ​។ ផ្លែឈើ​ដែល​លោក​យក​មក​លក់​រួម​មាន​ ​ស្វាយ ត្របែក​ ម្កាក់​ ប៉ិកួៈ​ ​ម្នាស់​ ល្ហុង​ ​ឪឡឹក​ ​និង​ទំពាំងបាយជូរ​។ ​លោក​ថា​ ​ផ្លែ​ឈើ​ត្រូវ​មាន​ភាព​ស្រស់ ស្រួយ ​និង​លាង​សម្អាត​ឱ្យ​បាន​ល្អ ​មុនពេល​ដាក់​លក់​ជូន​អតិថិជន​។ ​លោក​ក៏​បញ្ជាក់​ថា ​លោក​ប្រើ​ផ្លែ​ឈើ​ក្នុង​ស្រុក​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​។

​ក្រៅ​ពី​គុណភាព​ផ្លែឈើ ​លោក​ សាវី ​ក៏​ផ្តល់​ជម្រើស​ទឹក​ជ្រលក់ ​និង​អំបិល​ប្រមាណ ​១២ ​ប្រភេទ​ ​ដើម្បី​ឆ្លើយតប​នឹង​ចំណង់ចំណូលចិត្ត​របស់​អតិថិជន ​ដូចជា​ ​អំបិល​ហឹរ​ ប្រៃ ​ផ្អែម ​អំបិល​ខ្ទឹម​ ​អំបិល​កាពិ ​អំបិល​ម្ទេស​បុក​ អំបិល​បង្គា ​និង​ទឹក​ត្រី​ស្ករ​ដាក់​ម្ទេស​។

​អ្នក​លក់​រូប​នេះ​បន្ត​ថា​ ​ការ​ប្រកបរបរ​រយៈពេល​យូរ​បាន​ជួយ​ឱ្យ​លោក​មាន​អតិថិជន​ប្រចាំ​ ​ដែល​ស្គាល់ ​និង​គាំទ្រ​ការ​លក់​របស់​លោក​។ ការ​មិន​តឹងរ៉ឹង​ហួស​ហេតុ ​និង​ការ​ថែម​ជូន​ម្ជូរ​មួយចំនួន​ ​ក៏​ជា​វិធី​ដែល​លោក​ប្រើ​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​ផងដែរ​។

​ចំពោះ​បញ្ហា​ប្រឈម ​លោក​ថា​ ​ការ​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ជា​ការ​ចំណាយ​មួយ​ដែល​ត្រូវ​ប្រឈម​ ​ប៉ុន្តែ​លោក​មិន​ចង់​ផ្តោត​លើ​បញ្ហា​នេះ​ខ្លាំង​ពេក ​រហូត​ប៉ះពាល់​ដល់​ការ​បម្រើ​អតិថិជន​ឡើយ​។

​បទ​ពិសោធន៍​របស់​លោក​ ​សាវី ​បង្ហាញ​ថា​ របរ​លក់​រាយ​ខ្នាត​តូច​អាច​បង្កើត​ប្រភព​ចំណូល​សម្រាប់​គ្រួសារ​ ​តាមរយៈ​ការ​គ្រប់គ្រង​ការ​លក់​ ការ​ជ្រើសរើស​ផលិតផល​ដែល​មាន​គុណភាព​ ការ​រក្សា​អនាម័យ​ ​និង​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​។ ​សម្រាប់​លោក​ ការ​លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​មិន​ត្រឹមតែ​ជា​មុខរបរ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​មធ្យោបាយ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ ​និង​ធានា​ការ​សិក្សា​របស់​កូន​ៗ​ផងដែរ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា