បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ដើម​ពី​ទុន​ ១​ម៉ឺន​ដុល្លារ​ ខេមហ្វូត ​ពង្រីក​ផលិតផល​គ្រឿង​ទេស​ខ្មែរ ​ជំនួស​ទំនិញ​នាំចូល​

ផ្ដើម​ពី​ទុន​ ១​ម៉ឺន​ដុល្លារ​ ខេមហ្វូត ​ពង្រីក​ផលិតផល​គ្រឿង​ទេស​ខ្មែរ ​ជំនួស​ទំនិញ​នាំចូល​

​ភ្នំពេញ​៖​ ​ចាប់ផ្ដើម​ពី​ទុន​ប្រមាណ​ ១ ​ម៉ឺន​ដុល្លារ ​​បង្កើត​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​កាលពី​ឆ្នាំ ​២០០៧ ​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​ពង្រីក​អាជីវកម្ម​គ្រឿង​ទេស​របស់​ខ្លួន​ក្រោម​ឈ្មោះ​ ​«​ខេមហ្វូត​» ​រហូត​មាន​ផលិតផល​ជាង​ ៧​ មុខ ​និង​កំពុង​បង្កើន​សមត្ថភាព​ផលិត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​។

​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ​ក្នុង​ឱកាស​ចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​នៅ​វេទិកា​ឈាន​មុខ​ស្តីពី​វិស័យ​វេច​ខ្ចប់​ ​ឆ្នាំ​២០២៦ ​នៅ​សាលមហោស្រព​កោះ​ពេជ្រ ​កាលពី​ថ្ងៃ​ទី​២៨​ ​ខែ​កញ្ញា​ ​អ្នក​ស្រី​ ​សេង ​ចិន្ដា ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ខេមហ្វូត ​កំពុង​ផ្តោត​លើ​ការ​បង្កើន​សមត្ថភាព​ផលិត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​ហើយ​បាន​ផ្អាក​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន​។

​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា​ ​ផលិតផល​ដំបូង​របស់​ ​ខេមហ្វូត ​គឺ​ទឹកស៊ីអ៊ីវ ​និង​ទឹកម្ទេស​ ​ប៉ុន្តែ​បច្ចុប្បន្ន​សិប្ប​កម្ម​នេះ​បាន​ពង្រីក​ការ​ផលិត​ដល់​ជាង​ ៧​មុខ ​ដើម្បី​ជំនួស​ផលិតផល​នាំចូល ​ជាពិសេស​ទឹក​ប៉េងប៉ោះ ​និង​ទឹក​ម្ទេស​ផ្អែម ​ដែល​កំពុង​ត្រូវ​បាន​ដាក់​ចែកចាយ​នៅ​តាម​ផ្សារ​ទំនើប​ ​និង​ហាង​ធំ​ៗ​។

​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​មានប្រសាសន៍​ថា​៖​ ​«​សំខាន់​ផលិតផល​យើង​គេ​ស្គាល់​ ទុកចិត្ត​លើ​គុណភាព​ស្រាប់​ ​ព្រោះ​យើង​មាន​ស្ដង់ដារ​ ​Halal​,​ ​CS​,​ ​GMP​,​ HA​C​CP ​ច្បាស់លាស់​»​ ​។

​បច្ចុប្បន្ន​ ​ខេមហ្វូត ​មាន​ផលិតផល​គ្រឿងទេស​សំខាន់​ៗ​ចំនួន​ ៦​មុខ​ ​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន​ ​និង​ផលិត​ចេញ​ពី​វត្ថុធាតុដើម​ក្នុង​ស្រុក​ស្ទើរ​តែ​ ​១០០​% ​រួម​មាន​ ​ទឹក​ស៊ី​អ៊ីវ ​ទឹក​ម្ទេស​ ​ទឹក​ម្ទេស​ផ្អែម​ ​ទឹក​សៀង​ ​ទឹក​ប៉េងប៉ោះ ​និង​ប្រេង​ខ្យង​។

​ផលិតផល​ទាំងនេះ​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ទូទាំង​ប្រទេស​ ​ហើយ​មាន​ដាក់​លក់​នៅ​ផ្សារ​ទំនើប​ ​ជីប​ម៉ុង ឡាក់​គី ​ហាង​ភីហ្សា​ ​ដូមីណូ ​និង​តាម​ភោជនីយដ្ឋាន​ធំ​ៗ​នៅ​កម្ពុជា​។

​តាម​អ្នក​ស្រី​ ​សេង​ ​ចិន្ដា​ ​ការ​ពង្រីក​ផលិតកម្ម ​និង​ទីផ្សារ​របស់​ ​ខេមហ្វូត ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​ ​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​ ​ដែល​បាន​ផ្តល់​ឱកាស​ដល់​សហគ្រាស​ ​និង​សិប្បកម្ម​ខ្នាត​តូច ​និង​មធ្យម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​។

សកម្មភាព​គាំទ្រ​ទាំងនោះ​ ​រួម​មាន​ការ​បង្កើត​ឱកាស​ឱ្យ​អ្នក​ជំនាញ​កូរ៉េ​ចែក​រំលែក​បទពិសោធន៍​ផ្នែក​ផលិតកម្ម ​និង​ការ​ធ្វើ​អាជីវកម្ម ​ព្រមទាំង​ជួយ​សហគ្រិន​ខ្មែរ​ ​ពង្រឹង​ជំនាញ​ផលិត ​និង​ទទួល​បាន​ទុន ​និង​គំនិត​អាជីវកម្ម​ថ្មី​ៗ​។

​ជាក់ស្ដែង​ ​ចាប់​ពី​ថ្ងៃ​ទី​២៨ ​ដល់​ថ្ងៃ​ទី​៣០​ ​ខែ​កញ្ញា​ ​ក្រសួង​ឧស្សាហកម្ម​ ​បច្ចេកវិទ្យា ​និងន​វានុវត្តន៍ ​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​ ​រៀបចំ​វេទិកា​ស្តីពី​ការ​វេច​ខ្ចប់​ ​ឆ្នាំ​២០២៦ ​ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​សហគ្រាស​ ​និង​សិប្ប​កម្ម​ក្នុង​ស្រុក​។

​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​ចាត់ទុក​វេទិកា​នេះ​ថា​ ​ជា​ឱកាស​មួយ​ដែល​អាច​ជួយ​នាំ​អ្នក​វិនិយោគ​ឱ្យ​ជួប​អ្នក​ផ្គត់ផ្គង់​ដោយ​ផ្ទាល់ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា ​ស្វែងរក​ដំណោះស្រាយ ​និង​ពង្រឹង​លទ្ធភាព​ផ្គត់ផ្គង់​ផលិតផល​ទៅកាន់​ទីផ្សារ​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា