រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​

យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានឱ្យដឹងថា​ កាលពី​ចុងសប្ដាហ៍​កន្លងទៅនេះ ឯកឧត្តម ​សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចុះចែក​បណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ពលរដ្ឋ​ក្នុងខេត្តកំពង់ឆ្នាំង និង​ខេត្ត​បន្ទាយ​មានជ័យ សរុប​ប្រមាណជាង ៥ម៉ឺន​បណ្ណ ដើម្បីទុកជា​ប្រយោជន៍ និង​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់ ។​

បើតាមរបាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បណ្ណកម្មសិទ្ធិចំនួន ២៥៧៩០បណ្ណ បានប្រគល់ជូនបងប្អូនអ្នកស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួចរាល់ ដែល​បណ្ណកម្មសិទ្ធិដីធ្លីទាំងនេះ ពិតជាមានតម្លៃ និងសារៈប្រយោជន៍ និងសូមចាត់ទុកការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរ្តិ៍មរតក ឬការប្រគល់ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការកាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតជំនាន់ដល់កូនចៅបន្តវេន ។

ដោយឡែក នៅឯខេត្ត​បន្ទាយមានជ័យឯណោះវិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រគល់វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន​ ៣០៩៥៨ បណ្ណ​ ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​ និងស្រុកមង្គលបូរី ដើម្បីជា​ចំណង​ដៃដល់ពលរដ្ឋ​ជាម្ចាស់​កម្មសិទ្ធិសម្រាប់ទុកប្រើប្រាស់ទៅតាមតម្រូវការ​ជាក់ស្ដែង ជាពិសេស​សម្រាប់ការពារទ្រព្យ​ និងទុកផ្ទេរ​តកូនចៅរបស់ខ្លួន​ជំនាន់ក្រោយៗ ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានមានប្រសាសន៍ថា ការ​ចុះវាស់វែង​ដីធ្លី ការចុះបញ្ជី និងចេញ​បណ្ណជូន​ប្រជាពលរដ្ឋ គឺជាការ​បញ្ចប់ភាពចម្រូងចម្រាសនៅក្នុង​សង្គម​​ ដោយឯកឧត្តមមិនចង់ឃើញ​ និងមិនឱ្យកើត​មាននូវទិដ្ឋភាពពលរដ្ឋឈ្លោះទាស់ទែង​គ្នា​រឿង​ព្រំដីនៅជិតគ្នាទៀត​ឡើយ ។

ឯកឧត្តម​បានបន្ត ៖

«បណ្ណកម្មសិទ្ធិដែលបងប្អូន​ពលរដ្ឋ​ទទួលបាន មិនត្រឹមតែ​បញ្ជាក់ពីអត្តសញ្ញាណ​របស់ដីធ្លីប៉ុណ្ណោះទេ តែជា​របង​ការពារ​ដ៏រឹង​មាំ ដោយមិនអាច​ឱ្យ​ជនណាមករំលោភបំពាន​ ឬដណ្ដើម​យកពីបងប្អូន​បានឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ ប្លង់​កម្មសិទ្ធិ​ដីធ្លីទាំង​នោះ​ក៏អាច​យកទៅដាក់បន្ទុក​នៅ​ស្ថាប័ន​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ សម្រាប់​យក​កម្ចីមកប្រើប្រាស់តាមគោលដៅ ដើម្បីលើកស្ទួយ​កម្រិតជីវភាព​គ្រួសារផងដែរ»។​​

សូមជម្រាបថា ការ​បញ្ចប់​ការ​វាស់វែង ចុះបញ្ជី​ និងចេញ​បណ្ណសម្គាល់ម្ចាស់ដីធ្លីនៅទូទាំង​ប្រទេស​នេះដែរ នឹង​ជួយទាក់ទាញការ​វិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ ជាមួយការផ្តល់នូវទំនុកចិត្តតាមផ្លូវច្បាប់យ៉ាងប្រាកដ ហើយវិនិយោគិន​ នឹង​លែង​បារម្ភ​ចំពោះការ​វិនិយោគលើ​ដីដែលមិនច្បាស់លាស់ទៀតហើយ ។ ចាប់ពីពេលនេះ រាល់ដីធ្លីនៅទូទាំងប្រទេស​កម្ពុជា សុទ្ធតែមានប្លង់​កម្មសិទ្ធិ មាន​ម្ចាស់កម្មសិទ្ធិច្បាស់លាស់ ដូច្នេះ រាល់ការ​ទិញ-លក់ដីធ្លី ក្នុងពេលឆាប់ៗនេះ​នឹងលែង​មានដីអត់ប្លង់ទៀតហើយ ។​

កន្លងមក​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសេរ​ចំពោះសកម្មភាព​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដែលបានប្រឹងប្រែងយ៉ាងសកម្មពាក់ព័ន្ធទៅនឹងកិច្ចការងារដីធ្លី និងដោះស្រាយបញ្ហាវិវាទនានាជាច្រើន ជាពិសេស ការឈានដល់បញ្ចប់​ការ​វាស់វែង​ដីធ្លីនៅទូទាំង​ប្រទេស​ជា​ប្រវត្តិសាស្ត្រ​ និង​បន្ត​ចុះបញ្ជី ដើម្បីចេញបណ្ណជូន​ដល់ម្ចាស់កម្មសិទ្ធិ​គ្រប់ៗគ្នា ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា