ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត ប្រជាជនមានប្រាក់ចំណូល និងស្ថាប័នហិរញ្ញវត្ថុមានស្ថិរភាព ឆ្ពោះទៅរកកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងនៅក្នុងកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ វិស័យ MSMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល គាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ 

សម្ដេចបានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖ «MSMEs និងសិប្បកម្មជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ សិប្បកម្ម វប្បធម៌ និងសេវាកម្ម ដែលបានបង្កើតតម្លៃបន្ថែម និងបង្កើតឱកាសការងារនៅក្នុងស្រុកបានយ៉ាងច្រើន»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា គោលនយោបាយអភិវឌ្ឍន៍វិស័យ MSMEs គឺជាយុទ្ធសាស្ត្របន្ទាន់ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃរបត់សេដ្ឋកិច្ចកម្ពុជា។ វិស័យ MSMEs គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធានានិរន្តរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដូចដែលបណ្តាប្រទេសជឿនលឿនលើពិភពលោកធ្លាប់បានឆ្លងកាត់ ដែលដើមឡើយផ្តើមចេញពីគោលនយោបាយ SME រហូតពង្រីកខ្លួនមកជា MSME (សហគ្រាសធុនមីក្រូ តូច និងមធ្យម) នាពេលបច្ចុប្បន្ន។

លោកបានរំលឹកថា៖ «យើងមើលប្រទេសមួយចំនួន​ ដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ឬក៏បណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប សហរដ្ឋអាមេរិក ឬនៅរុស្ស៊ី ក៏ដោយ ពួកគេគឺផ្ដោតលើគោលនយោបាយ MSMEs នេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច»។

យោងតាមសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា សសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ នៃយុទ្ធសាស្ត្រ MSME​​ នេះ​មានដូចជា៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ ដើម្បីសម្រួលដំណើរការអាជីវកម្ម និងលក្ខខណ្ឌច្បាប់សម្រាប់សហគ្រាស។

ការពង្រឹងផលិតកម្ម សេវាកម្ម និងការពង្រីកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព គុណភាពផលិតផល និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា។ ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ ក្នុងការជំរុញឱ្យសហគ្រាសអាចពង្រីកទីផ្សារ និងចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ។ សសរស្តម្ភចុងក្រោយ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីពង្រឹងប្រព័ន្ធសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលជួយដល់ការរីកចម្រើនរបស់សហគ្រាស។

ភាពប្រទាក់ក្រឡាគ្នា

បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាកំពុងឃើញសញ្ញាវិជ្ជមាននៃការកើនឡើងសមត្ថភាពផលិតក្នុងស្រុក ខណៈក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកប្រមាណ ២៦០០មុខ បានចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១១០០មុខនៃផលិតផល បើប្រៀបធៀប ៩ខែឆ្នាំ២០២៥ ដែលមានប្រមាណ ១៥០០ មុខផលិតផល។

ជាមួយនឹងកំណើននេះ តាមការស្រាវជ្រាវរបស់លោកបណ្ឌិត ហុង វណ្ណៈ ប្រទេសដែលមើលរំលងវិស័យ MSMEs អាចនឹងជួបវិបត្តិសេដ្ឋកិច្ច។ ឧទាហរណ៍ ដូចជា ប្រទេសវេណេស៊ុយអេឡា ឬប្រទេសនៅមជ្ឈិមបូព៌ាមួយចំនួន ដែលពឹងផ្អែកតែលើការនាំចេញរ៉ែ និងប្រេងកាត ហើយមើលស្រាលការផលិតក្នុងស្រុក។ 

អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានគូសបញ្ជាក់ថា នៅពេលជួបវិបត្តិសកល ឬតម្លៃប្រេងធ្លាក់ចុះ ទំនិញនាំចូលឡើងថ្លៃ នាំឱ្យរូបិយវត្ថុជាតិធ្លាក់ថ្លៃយ៉ាងគំហុក រហូតជួបវិបត្តិសេដ្ឋកិច្ចរ៉ាំរ៉ៃជាច្រើនទសវត្សរ៍។ នេះបង្ហាញយ៉ាងច្បាស់ថា បើគ្មានការផលិតក្នុងស្រុកតាមរយៈ MSMEs នោះទេ ទោះបីជាមានធនធានធម្មជាតិច្រើនយ៉ាងណាក៏មិនអាចធានាស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចបានដែរ។

សម្រាប់កម្ពុជា ការផ្តោតលើ MSMEs គឺជាទិសដៅយុទ្ធសាស្ត្រត្រឹមត្រូវ ដោយត្រូវពិនិត្យលើសក្តានុពលនៃវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សិប្បកម្ម និងការកែច្នៃកសិផល ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ និងបច្ចេកវិទ្យា ដែលមានន័យថា ការពង្រឹងវិស័យមួយ ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមទៅលើវិស័យមួយទៀត។ 

វិស័យទាំងអស់នៅកម្ពុជានឹងមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា និងជួយបំពេញឱ្យគ្នាទៅវិញទៅមក។ នៅពេលដែលរដ្ឋយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយប្រព័ន្ធហិរញ្ញវត្ថុដើរតួនាទីរលូន ពលរដ្ឋនឹងមានចំណូលសម្រាប់ទិញដូរ ដែលចរន្តនេះនឹងជំរុញសហគ្រាសពីខ្នាតមីក្រូ ឱ្យរីកធំធាត់ និងរុញច្រានឧស្សាហកម្មធំៗឱ្យកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការសន្និដ្ឋានរបស់លោកបណ្ឌិត ហុង វណ្ណៈ។​

អ្នកជំនាញរូបនេះក៏បានបញ្ជាក់ថា ការកំណត់វិស័យអាទិភាព ការលើកកម្ពស់ជំនាញធនធានមនុស្ស ការបំពាក់បច្ចេកវិទ្យា ការបើកច្រកទីផ្សារ និងលំហូរហិរញ្ញវត្ថុ ត្រូវតែដើរទន្ទឹមគ្នា ក្រោមការចូលរួមយ៉ាងសកម្ម និងស៊ីសង្វាក់គ្នារវាងរាជរដ្ឋាភិបាល វិស័យឯកជន សិប្បករ និងស្ថាប័នហិរញ្ញវត្ថុ។ 

 លោកបញ្ជាក់ថា ៖ «​ការដែល MSME មានការរីកចម្រើន វានាំឱ្យដំណើរការសេដ្ឋកិច្ចមានភាពរលូន។ នៅពេលមនុស្សមានលុយ មានការងារធ្វើ គាត់មានលុយសម្រាប់ចាយវាយ និងទិញនេះទិញនោះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគាត់ប្រចាំថ្ងៃ»។

ជាមួយគ្នានេះដែរ មិនថាតែប្រជាពលរដ្ឋ ឬម្ចាស់អាជីវកម្មសហគ្រាសនានានោះទេ ពួកគេក៏អាចមានលទ្ធភាពសន្សំប្រាក់កាសខ្លះទុកនៅក្នុងធនាគារ​ផងដែរក្រោយពេលដែលពួកគេមានប្រាក់ចំណូល។ ក្នុងន័យនេះ​ដែរ សកម្មភាពនៃការចាក់បញ្ចូលសាច់ប្រាក់នឹងធ្វើឱ្យធនាគារមានលទ្ធភាពបញ្ចេញកម្ចីដល់ម្ចាស់សហគ្រាសថ្មីៗ ដែលមានគោលបំណងបង្កើតអាជីវកម្ម។​

គួរបញ្ជាក់ផងដែរថា នៅពេលសកម្មភាពផលិត និងទិញលក់ក្នុងស្រុកមានភាពរស់រវើក ចំណូលនឹងចាក់ចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ច។

បើយោងតាមលោកបណ្ឌិត ហុង វណ្ណៈ ដើម្បីឱ្យទិសដៅយុទ្ធសាស្រ្តនេះអាចសម្រេចទៅបាន គ្រប់អ្នកផលិតទាំងអស់ត្រូវមានគោលដៅនាំចេញផលិតផលរបស់ខ្លួនទៅក្រៅផងដែរ ពីព្រោះការកសាងឈ្មោះនៅទីផ្សារអន្តរជាតិក៏ជារឿងចាំបាច់មួយដែលជួយជំរុញឱ្យអន្តរជាតិស្គាល់ពីគុណភាពរបស់ផលិតផលខ្មែរ។

សរុបមក ប្រសិនបើយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម MSMEs ជោគជ័យ រដ្ឋាភិបាលកម្ពុជានឹងទទួលបានចំណូលពន្ធកើនឡើង និងស្ថិរភាពសេដ្ឋកិច្ចជាតិ ខណៈប្រជាពលរដ្ឋទទួលបានការងារធ្វើ មានប្រាក់ចំណូលកើនឡើង និងអាចសន្សំប្រាក់ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះ ផលិតកម្មក្នុងស្រុកនឹងកាន់តែមានការប្រកួតប្រជែងយ៉ាងសកម្ម៕ ​

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា