វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ខេត្តកំពង់ស្ពឺ៖ តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ មានឈ្មោះ «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍» (Cambodia SuperPort) ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន YCH Group ដែលផ្តល់ដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ឈានមុខគេរបស់សិង្ហបុរី និងក្រុមហ៊ុនសម្ព័ន្ធ Sear Brothers Investments របស់កម្ពុជា។នៅលើផ្ទៃដីទំហំ ១៣២ហិកតា ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យផលិតកម្ម បង្កើនប្រសិទ្ធភាពនៃលំហូរទំនិញ ព្រមទាំងជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាពរយៈពេលវែង មានទីតាំងនៅក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងគោលនយោបាយបើកចំហសេដ្ឋកិច្ចទៅកាន់ទីផ្សារពិភពលោក។ កត្តាអំណោយផលទាំងនេះ បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន សំដៅបង្កើនភាពប្រទាក់ក្រឡានៃខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការចំណាកស្រុក និងផ្តល់ជម្រើសការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

«នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុកទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព»។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដ៏មានសក្ដានុពល គម្រោងសេដ្ឋកិច្ចពិសេសមួយនេះ នឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ (CITLS) នឹង បណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN), Cambodia SuperPort® (PPLC) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធតំបន់ដ៏សំខាន់ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ីអាគ្នេយ៍។

តាមការគ្រោងទុក គម្រោង Cambodia SuperPort® នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២៧ ជាមួយនឹងទុនវិនិយោគ ៣០០ លានដុល្លារ លើផ្ទៃដី ១៣២ ហិកតា ក្នុងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មពហុប្រព័ន្ធនេះត្រូវបានសាងសង់ឡើងសម្រាប់ទ្រង់ទ្រាយធំ និងមានសមត្ថភាពលើកដាក់ទំនិញពេញប្រមាណដល់ ២,០០០ TEU ក្នុងមួយថ្ងៃ ដោយតភ្ជាប់ ផ្លូវទឹក-ផ្លូវគោក និងផ្លូវល្បឿនលឿន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយផ្ទាល់ ព្រមទាំងស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាថែមទៀតផង។

ក្រៅពីការតភ្ជាប់ តម្លៃស្នូលនៃគម្រោងនេះ គឺអនុវត្តម៉ូដែលឧស្សាហកម្ម “Park-in-a-Park” ដែលរួមបញ្ចូលការផលិត ឃ្លាំងស្តុកទំនិញ (Bonded Facilities) និងសេវាគយ ក្នុងតំបន់តែមួយ រួមមាន៖ សេវាកម្មឃ្លាំងកុងតឺន័រក្នុងស្រុក (Inland Container Depot) សេវាកម្មស្ថានីយ៍ផ្ទុកទំនិញកុងតឺន័រ (Container Freight Station) និងនីតិវិធីគយដែលបានគ្រោងទុក។ ការរួមបញ្ចូលគ្នានេះ នឹងជួយឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយពេលវេលា សម្រួលប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពនាំចេញ-នាំចូល ដោយពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជាក្នុងតំបន់៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា