អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

បរទេស៖ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានស្នើដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើប្រទេសចំនួន ៦០ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ នេះបើយោងតាមការរាយការណ៍ពី CNA ។

Advertisement

ជាការកត់សម្គាល់ ប្រទេសទាំង ៦០ ដែលជាប់ក្នុងបញ្ជីដំឡើងពន្ធ ភាគច្រើនសុទ្ធតែជាដៃគូពាណិជ្ជកម្មជាមួយអាម៉េរិក រួមមាន ប្រទេសចិន អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ សិង្ហបុរី វៀតណាម និងហ្វីលីពីនជាដើម។ អត្រាពន្ធ ១០% នឹងដាក់​លើ​ទំនិញ​នាំ​ចូល​ពីកាណាដា អេក្វាឌ័រ សហភាព​អឺរ៉ុប ឥណ្ឌូណេស៊ី ម៉ិចស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង​ចក្រភព​អង់គ្លេស។​ អត្រា ១២,៥% នឹងដាក់​លើការនាំចូលពីប្រទេសចំនួន ៤៥ ផ្សេងទៀត។ ​


លោក Jamieson Greer តំណាងពាណិជ្ជកម្មអាម៉េរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖

«ភាពបរាជ័យរបស់ដៃគូពាណិជ្ជកម្មដ៏សំខាន់ៗរបស់យើងក្នុងការដោះស្រាយបញ្ហាការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មបង្ខំ គឺមិនអាចទទួលយកបានទេ។ វាគឺជាបញ្ហាសម្រាប់កម្មករអាម៉េរិកប្រកួតប្រជែងនៅលើសមរភូមិពាណិជ្ជកម្មដែលមិនស្មើភាព»។

ការប្រើពលកម្មដោយបង្ខំនាំឲ្យទំនិញមានតម្លៃថោក ដោយសារប្រទេសមួយចំនួនមិនផ្តល់ប្រាក់ឈ្នួលសមរម្យ ឬ ត្រូវនឹងលក្ខខណ្ឌការងារស្របច្បាប់ ដែលមានន័យថា ថ្លៃដើមនៃការផលិតទំនិញទាំងនោះថោកខុសធម្មតា។ បញ្ហានេះមិនស្មើភាពសម្រាប់កម្មករអាម៉េរិក ដោយសាររោងចក្រនៅក្នុងអាម៉េរិកត្រូវបានគោរពច្បាប់ការងារតឹងរ៉ឹង និងត្រូវផ្តល់ប្រាក់ឈ្នួលសមរម្យ ដែលធ្វើឱ្យថ្លៃដើមផលិតកម្មរបស់ពួកគេខ្ពស់ជាង។ យ៉ាងណាមិញ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកកំពុងស្នើលើវាយនភ័ណ្ឌ និងសំលៀកបំពាក់មួយចំនួននាំចូលក្នុងអត្រាពន្ធទាប។ លើសពីនេះ វាអាចនឹងលើកលែងបន្ថែមទៀតលើទំនិញផ្សេងៗដូចជា សាច់គោ កាហ្វេ ផ្លែឈើ និងគ្រាប់ធញ្ញជាតិមួយចំនួន។

គួរឲ្យបញ្ជាក់ដែរថា វិធានការដំឡើងពន្ធនេះមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយអាម៉េរិកទុកពេលឱ្យសាធារណជន ឬ ក្រុមហ៊ុននានាផ្ញើការតវ៉ាលាយលក្ខណ៍ជាអក្សរត្រឹមថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ។ បន្ទាប់មក ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកនឹងរៀបចំសវនាការដើម្បីជជែកពិភាក្សាមុននឹងសម្រេចចិត្តជាផ្លូវការ។

កាលពីខែកុម្ភៈ តុលាការកំពូលអាម៉េរិកបានលុបចោលវិធានការពន្ធមួយចំនួនរបស់ប្រធានាធិបតី លោក Donald Trump ដែលជាមូលហេតុមន្ត្រីពាណិជ្ជកម្មអាម៉េរិកងាកមកប្រើវិធីបើកការស៊ើបអង្កេតពាណិជ្ជកម្មនេះ ដើម្បីធ្វើជាមូលដ្ឋានច្បាប់ក្នុងការដាក់ពន្ធគយឱ្យមានលក្ខណៈស្របច្បាប់ និងយូរអង្វែងជាងមុន។ ក្រៅពីការស៊ើបអង្កេតលើការនាំចូលទំនិញដោយប្រើពលកម្មបង្ខំនេះ អាម៉េរិកក៏បានបើកការស៊ើបអង្កេតមួយទៀតអំពីបញ្ហានៃការលើសសមត្ថភាពផលិតកម្មឧស្សាហកម្ម សំដៅលើប្រទេសទាំងឡាយណាដែលផលិតទំនិញច្រើនហួសប្រមាណ រួចបង្ហូរលក់បង្ខូចថ្លៃលើទីផ្សារពិភពលោក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា