កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

បរទេស៖ កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ក្រសួងរតនាគារអាម៉េរិកបានចេញផ្សាយកាក់ប្រាក់ ១ ដុល្លារ ដែលមានរូបមុខរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អមដោយពាក្យស្លោក Liberty និង In God We Trust ជាមួយនឹងកាលបរិច្ឆេទឆ្នាំ ១៧៧៦-២០២៦ ដែលជាការគូសបញ្ជាក់ពីខួប ២៥០ ឆ្នាំ នៃឯករាជ្យភាពរបស់អាម៉េរិកផងដែរ។ ដោយឡែក នៅផ្ទៃខាងក្រោយកាក់វិញ គឺជារូបត្រាតំណាងប្រធានាធិបតីអាម៉េរិក ដែលមានរូបសត្វឥន្ទ្រីក្ដាប់ព្រួញ និងមែកអូលីវ ដោយមានខែលគ្របពីលើ និងលេខខួប ២៥០ឆ្នាំ។ កាក់នេះត្រូវបានបោះពុម្ពឡើងដើម្បីអបអរសាទរខួប ២៥០ ឆ្នាំរបស់អាម៉េរិក ដោយក្នុងមួយដុំមានកាក់ចំនួន ២៥ ដុល្លារ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៦១ ដុល្លារ ហើយក្នុងមួយថង់មានកាក់ចំនួន ១០០ ដុល្លារនឹងលក់ក្នុងតម្លៃ ១៥៤,៥០ ដុល្លារ។ នេះមានន័យថា តម្លៃដែលលក់នេះខ្ពស់ជាងតម្លៃដើមរហូតដល់ ១៤៤ ភាគរយ។

នៅពេលដែលក្រសួងរតនាគារប្រកាសពីផែនការនេះលើកដំបូង គេនៅមិនទាន់ច្បាស់នៅឡើយទេថា កាក់ទាំងនេះនឹងមានតម្លៃជាសាច់ប្រាក់ប្រើប្រាស់ទូទៅ ឬ គ្រាន់តែជាកាក់អនុស្សាវរីយ៍នោះទេ? យ៉ាងណាមិញ ស្ថាប័នបោះពុម្ពប្រាក់អាម៉េរិក (US Mint) បញ្ជាក់ថា កាក់ទាំងនេះនឹងត្រូវដាក់ឱ្យចរាចរណ៍នាពេលឆាប់ៗ។

សូមជម្រាបថា ការដាក់រូប លោក ដូណាល់ ត្រាំ នៅលើកាក់ដែលមានតម្លៃសាច់ប្រាក់នេះ គឺផ្ទុយពីច្បាប់សហព័ន្ធដែលបានចែងថា «មិនអនុញ្ញាតឱ្យប្រធានាធិបតីដែលកំពុងមានជីវិតបង្ហាញមុខនៅលើកាក់ ឬ ក្រដាសប្រាក់អាមេរិកឡើយ» ខណៈដែលកាលពីពេលថ្មីៗនេះ ក្រសួងរតនាគារអាម៉េរិក បានបង្ហើបពីផែនការចេញផ្សាយក្រដាសប្រាក់ ២៥០ ដុល្លារថ្មី ដោយមានរូបលោក ត្រាំ ផងដែរ។

ចាប់តាំងពីចូលកាន់តំណែងជាលើកទី ២ មក លោក ត្រាំ បានជម្នះ និងប្រឆាំងទៅនឹងទំនៀមទម្លាប់ច្បាប់ចាស់ៗ ដើម្បីរៀបចំរចនាសម្ព័ន្ធស្ថាប័នអាម៉េរិកបែបថ្មី ដូចជា ការដាក់ឈ្មោះរបស់លោកនៅលើមជ្ឈមណ្ឌលសិល្បៈ Kennedy Center និងការវាយកម្ទេចអគារស្លាបខាងកើតរបស់សេតវិមាន។ ការដាក់រូបមុខ និងឈ្មោះរបស់លោក ត្រាំ នៅលើរូបិយវត្ថុអាមេរិក គឺជាផ្នែកមួយនៅក្នុងយុទ្ធនាការចុងក្រោយបង្អស់របស់លោក និង​ជាការផ្លាស់ប្តូរថ្មីបំផុតមួយដែលមិនធ្លាប់មានពីមុនមក ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា