សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុងពង្រីក​ផ្ទៃដី​ដាំដុះដំណាំដូងឱ្យ​បាន​លើស​ពី ២០,១៦៩ហិកតា ដែល​ជា​ផ្ទៃដីកំពុង​ថែទាំ និង​ប្រមូល​ផលដូងសព្វថ្ងៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ បច្ចុប្បន្ន មានសិប្បកម្មខ្នាតតូច និងមធ្យមនៅ​កម្ពុជាចំនួន ១៥ កំពុងដំណើរការយ៉ាងរលូន ក្នុង​ការកែច្នៃផ្លែដូង ដើម្បីផលិតជាសម្ភារៈ​ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតជានំចំណី​ និងគ្រឿងសំអាងផងដែរ​។

អ្នកនាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍​ ឯកឧត្ដម ហេង សុគង់ បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS ​ថា  សព្វថ្ងៃនេះ សិប្បកម្មទាំង​ ១៥ បាន​ និងដំណើរការជាមួយនឹង​ដើមទុន​សរុប​ ៤៥៦.២៤៥ ដុល្លារ​អាមេរិក ដែល​ភាគច្រើន​សិប្បកម្ម ​ផលិ​តចេញ​ជា ស្ករគ្រាប់ដូង នំដូង ប្រេងដូងត្រជាក់ ចាហ៊ួយដូង មីដូង សាប៊ូដូង និងខ្ទិះដូង ច្រក​​ដាក់កំប៉ុងសម្រាប់​លក់​នៅ​លើ​ទីផ្សារក្នុងស្រុក។

ក្រៅ​ពីផលិត​ផល​​គ្រឿងទេស គ្រឿងលំអរ គ្រឿងសំអាង និងនំចំណី វត្ថុធាតុដើម​ចេញ​ពី​ស្រកី​ដូង និង​ផ្លែដូងទុំ ក៏ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​កែច្នៃ​ទៅ​ជា​របស់ប្រើប្រាស់​ផ្សេងៗទៀត​ដែរ ដូចជា ស្រកីដូង ត្រូវ​បាន​ផលិត​ទៅ​ជា​ជីសរីរាង្គ​ ហើយត្រឡោកដូង ផលិត​ទៅ​ជា​ធ្យូង​អនាម័យ​ជាដើម។ ប៉ុន្ដែឯកឧត្ដម ហេង សុគង់ បញ្ជាក់​ថា បរិមាណ នៃ​ការកែច្នៃ​ទាំង​នេះសម្រាប់​តែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ មិន​ទាន់​មាន​សិប្បកម្ម ឬ​ក្រុមហ៊ុន​ណាមួយ​មានលទ្ធភាព​កែច្នៃ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ។

​ចំពោះ​តួលេខ​កែច្នៃដូងស្រស់នាំចេញទៅប្រទេសចិន និង​ស្ថានភាពនៃដំណើរការចង្វាក់​ផលិតកម្ម​ដូងស្រស់ ស្ថិតនៅ​ក្នុង​ស្ថានភាព​បែបណានោះ ឯកឧត្ដម ហេង សុគង់ បញ្ជាក់​ថា ការកែច្នៃទឹកដូងស្រស់​នេះ មិនស្ថិតនៅក្រោម​ការ​ចុះបញ្ជី ឬគ្រប់គ្រង​ដោយ​ក្រសួង​ឧស្សាហកម្មនោះ​ទេ គឺស្ថិត​នៅ​លើ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះ​ជា​យ៉ាងណា ឯកឧត្ដម ថា ការផ្គត់ផ្គង់ដូង​ចូល​ក្នុងចង្វាក់ផលិតកម្មនីមួយៗពិតជាមានសារៈសំខាន់ ដើម្បីធានាដល់ដំណើរការទៀងទាត់ និងឆ្លើយតប​ទៅនឹងតម្រូវការទីផ្សារ។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​កសិកម្ម និងសេដ្ឋកិច្ច ធ្លាប់​បានបង្ហើប​ថា ផលិតភាព​ដូងស្រស់​ចូល​រោងចក្រ និងសិប្បកម្ម​ធំៗ ដើម្បី​កែច្នៃនាំ​នាំចេញ​នៅ​មាន​ការខ្វះខាត ជាពិសេស​នៅរដូវប្រាំង។ ប៉ុន្ដែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាម​រយៈ​អ្នកនាំពាក្យ បាន​បញ្ជាក់​ថា កម្ពុជា កំពុង​ជំរុញឱ្យ​មាន​ការដាំដុះដំណាំដូង​បន្ថែម ដើម្បី​ឆ្លើយតប​នឹងតម្រូវ​ការកែច្នៃនាំចេញ និង​ផ្គត់ផ្គង់ក្នុងស្រុក។ ជាក់ស្ដែង ​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា បាន​នាំចេញ​ដូងស្រស់ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិនបានចំនួន ៤៣១តោន ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា