គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​​ ២៣០​ គីឡូ​វ៉ុល​ តម្លៃ​ ១៨៣ ​លាន​ដុល្លារ ​បើក​ផ្លូវ​ពង្រីក​ឧស្សាហកម្ម ​និង​បង្កើត​ការងារ​ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​​ ២៣០​ គីឡូ​វ៉ុល​ តម្លៃ​ ១៨៣ ​លាន​ដុល្លារ ​បើក​ផ្លូវ​ពង្រីក​ឧស្សាហកម្ម ​និង​បង្កើត​ការងារ​ថ្មី​

គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​​ ២៣០​ គីឡូ​វ៉ុល​ តម្លៃ​ ១៨៣ ​លាន​ដុល្លារ ​បើក​ផ្លូវ​ពង្រីក​ឧស្សាហកម្ម ​និង​បង្កើត​ការងារ​ថ្មី​

ភ្នំ​ពេញ​៖​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ប្រកាស​បើកការដ្ឋាន​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ ​២៣០​គីឡូ​វ៉ុល​ ប្រវែង​ប្រមាណ​ ​១២០​ គីឡូម៉ែត្រ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​១៨៣ ​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​)​ ​ដើម្បី​ត​ភ្ជាប់​ខេត្ត​ពោធិ៍សាត់​ ​កំពង់ឆ្នាំង ​និង​កណ្ដាល​។

​គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជួយ​ពង្រឹង​ស្ថិរ​ភាព​ផ្គត់ផ្គង់​អគ្គិសនី ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត ​និង​បង្កើន​សក្ដានុពល​ពង្រីក​រោងចក្រ​ ​សហគ្រាស ​ព្រមទាំង​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ​នៅ​តាម​មូលដ្ឋាន​។

​កាលពី​ថ្ងៃ​ទី​ ១៨ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០២៦​ ​ឯកឧត្តម​ ​កែវ​ រ​តនៈ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ប្រកាស​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​អំពី​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​នេះ​ ​ក្រោម​កិច្ច​សហការ​រវាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​អគ្គិសនី​កម្ពុជា​។

​ក្រៅ​ពី​ការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ ​គម្រោង​នេះ​ក៏​រួមបញ្ចូល​ការ​សាងសង់​អនុស្ថានីយ​ថ្មី​ចំនួន​២ ​និង​ការ​ពង្រីក​សមត្ថភាព​អនុស្ថានីយ​ដែល​មាន​ស្រាប់​ចំនួន ​២ ​កន្លែង​ផងដែរ​។ ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​មាន​គោលដៅ​សំខាន់​ក្នុង​ការ​តភ្ជាប់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ពី​ខេត្ត​ពោធិ៍សាត់​ទៅក្នុង​បណ្ដាញ​អគ្គិសនី​ជាតិ​ ​ដើម្បី​បង្កើន​សមត្ថភាព​បញ្ចូល​ថាមពល​ស្អាត​ទៅក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទូទាំង​ប្រទេស​។

​បើ​តាម​ឯកឧត្តម​ ​កែវ​ រ​តនៈ​ ​បច្ចុប្បន្ន​ ​ខេត្ត​ពោធិ៍សាត់​មាន​គម្រោង​ស្ថានីយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ ​ដែល​មាន​អនុភាព​សរុប​ជាង​ ១ ១០០​ មេហ្គាវ៉ាត់ ​ដែល​ជា​ប្រភព​ថាមពល​បៃតង​ដ៏​សំខាន់​របស់​កម្ពុជា​។​ ​ឯក​ឧត្តម​បាន​លើកឡើង​ថា​ ​គម្រោង​ថាមពល​នេះ​ជា​គម្រោង​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​អាស៊ាន ​ដែល​មាន​គោលដៅ​ជួយ​ឱ្យ​កម្ពុជា​សម្រេចបាន​ការ​ប្រើប្រាស់​ថាមពល​ស្អាត​យ៉ាងតិច ​៧០​ ភាគរយ ​នៅ​ឆ្នាំ​២០៣០​។​

​ឯក​ឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​ថាមពល​ស្អាត​ប្រមាណ​ ​៦៣ ​ភាគរយ​ ​ដែល​រួមមាន​វារី​អគ្គិសនី​ ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ ​និង​ជីវម៉ាស​។ ​ក្នុង​ន័យ​នេះ​ ការ​ពង្រីក​បណ្ដាញ​ខ្សែ​បញ្ជូន ​និង​អនុស្ថានីយ​នឹង​ជួយ​ពង្រឹង​ស្ថិរ​ភាព​ផ្គត់ផ្គង់​អគ្គិសនី ​កាត់បន្ថយ​ការ​ដាច់​ចរន្ត​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ ​ឧស្សាហកម្ម​ ​កសិកម្ម ​និង​លំនៅឋាន​ប្រជា​ពលរដ្ឋ​ ​ព្រមទាំង​សម្រួល​ដល់​ប្រតិបត្តិការ​របស់​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​។

​ជាពិសេស​ ​គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជួយ​ជំរុញ​ការ​ពង្រីក​សកម្មភាព​ផលិតកម្ម​នៅ​តំបន់​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បច្ចុប្បន្ន​មាន​កម្មករ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​នានា​ប្រមាណ​ជាង​ ៧​ ម៉ឺន​នាក់​។ ​ឯកឧត្តម​ ​កែវ រ​តនៈ ​បាន​លើកឡើង​ថា​ ការ​បន្ថែម​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​នេះ​ ​តាមរយៈ​គម្រោង​ខាង​លើ ​នឹង​ជួយ​ឱ្យ​រោងចក្រ​ ​និង​សហគ្រាស​អាច​ពង្រីក​ប្រតិបត្តិការ​បន្ថែម ​និង​មាន​លទ្ធភាព​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង​ ១ ​សែន​នាក់​ ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​។

ការ​មាន​ប្រភព​អគ្គិសនី​ស្អាត ​និង​មាន​ស្ថិរ​ភាព ​ក៏​កំពុង​ក្លាយជា​កត្តា​សំខាន់​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​ផងដែរ​។ យោង​តាម​អង្គការ​ ​Energy ​Lab ​Asia ​រោងចក្រ​កាត់ដេរ​ សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម ​និង​រោងចក្រ​ដំឡើង​គ្រឿង​អេឡិចត្រូនិក​នៅ​កម្ពុជា​ ​កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​អ្នក​ទិញ​ ​និង​វិនិយោគិន ​ដែល​ទាមទារ​ឱ្យ​ផលិតផល​មាន​ការ​បំភាយ​កាបូន​ទាប ​និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ច្បាស់លាស់​។

​អង្គការ​នេះ​បាន​លើកឡើង​ថា​ ​ថាមពល​ស្អាត​អាច​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ឥន្ធនៈ​ហ្វូស៊ីល​នាំ​ចូល​ពី​បរទេស ព្រមទាំង​ទាក់ទាញ​ឧស្សាហកម្ម​ថ្មី​ៗ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​។ ​នៅក្នុង​តំបន់​អាស៊ាន ភាព​ប្រកួតប្រជែង​របស់​ប្រទេស​នានា​កាន់តែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លទ្ធភាព​ទទួល​បាន​ថាមពល​ស្អាត ​ខណៈ​អ្នក​ទិញ​ធំ​ៗ វិនិយោគិន ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​កំពុង​ភ្ជាប់​ការ​ចូល​ទៅកាន់​ទីផ្សារ​ ​និង​ការ​ទទួល​បាន​ដើមទុន​ទៅ​នឹង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​។

​ទាក់ទង​នឹង​ការ​បង្កើត​ការងារ​នៅ​តាម​មូលដ្ឋាន​ ​ឯកឧត្តម​ ​កែវ រ​តនៈ ​បាន​លើកឡើង​ថា​ ​គម្រោង​នេះ​ស្រប​តាម​គោលដៅ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ​ជូន​យុវជន ​ដើម្បីឱ្យ​ពួកគេ​អាច​មាន​ការងារ​ធ្វើ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​រក​ការងារ​នៅ​តំបន់​ឆ្ងាយ​ពី​គ្រួសារ​។

​ក្រៅ​ពី​ខេត្ត​កំពង់ឆ្នាំង​ ​គម្រោង​នេះ​ក៏​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​បង្កើត​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ដល់​ខេត្ត​ពោធិ៍សាត់ ​និង​ខេត្ត​កណ្ដាល​ផងដែរ​ ​តាមរយៈ​ការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី​សម្រាប់​វិស័យ​ទេសចរណ៍​ ​កសិកម្ម ​និង​ឧស្សាហកម្ម​។ ការ​តភ្ជាប់​ប្រភព​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ពីពោធិ៍សាត់​ទៅក្នុង​បណ្ដាញ​ជាតិ​ ​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រើប្រាស់​ថាមពល​ស្អាត​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​តំបន់​នានា​។

​តាម​ការ​លើកឡើង​របស់​ ​Energy ​Lab ​Asia ​ថាមពល​ស្អាត​គឺជា​ឱកាស​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ ​ខណៈ​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​កាន់តែ​ពឹងផ្អែក​លើ​លទ្ធភាព​ទទួល​បាន​ថាមពល​ស្អាត​។ ​ដូច្នេះ​ ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​អគ្គិសនី ​និង​ការ​បង្កើន​សមត្ថភាព​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ ​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នា​ពេល​អនាគត​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា