ហ៊ុយ យន់ បង្កើនទុនដល់ ១លានដុល្លារ ប្ដេជ្ញាបំប្លែងសំរាម ១០០០តោន ក្នុង ១ថ្ងៃ ទៅ​ជា​ជីធម្មជាតិ ចាប់​ពី​ឆ្នាំ​២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ៊ុយ យន់ បង្កើនទុនដល់ ១លានដុល្លារ ប្ដេជ្ញាបំប្លែងសំរាម ១០០០តោន ក្នុង ១ថ្ងៃ ទៅ​ជា​ជីធម្មជាតិ ចាប់​ពី​ឆ្នាំ​២០២៧

ហ៊ុយ យន់ បង្កើនទុនដល់ ១លានដុល្លារ ប្ដេជ្ញាបំប្លែងសំរាម ១០០០តោន ក្នុង ១ថ្ងៃ ទៅ​ជា​ជីធម្មជាតិ ចាប់​ពី​ឆ្នាំ​២០២៧

ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ុយ យន់ នឹងបង្កើន​ទុន​ដល់​ ១​លានដុល្លារអាមេរិក ដើម្បី​ញែក​សំរាម​ទៅ​ជា​វត្ថុធាតុដើម ​ផលិត​ជីធម្មជាតិ ចាប់​ពីខែមករា ​ឆ្នាំ​២០២៧ ខណៈ​ដែល​ក្រុមហ៊ុន​នេះ កំពុង​ញែកសំរាមប្រមាណ ២០០​តោន ក្នុង​ ១ថ្ងៃ ដោយ​ប្រើ​ម៉ាស៊ីន​ពាក់កណ្ដាល​ស្វ័យប្រវត្ដិតម្លៃ ៥០ម៉ឺនដុល្លារ អាចជំនួស​កម្លាំង​មនុស្ស​ញែកសំរាម​ដោយ​ដៃជាង ៦០០​នាក់។

អគ្គនាយក​ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ លោក យន់ សុផាត បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី១៦ ខែ​តុលា នេះ​ ថា ក្រុម​ហ៊ុន​លោក​ទទួល​ការអនុញ្ញាតពីរាជរដ្ឋាភិបាល​ក្នុង​ការ​ញែកសំរាមសាកល្បង​រយៈ​ពេល ៥ឆ្នាំ គិត​ពី​ឆ្នាំ​២០២៦ ដោយ​​​កន្លង​ទៅ​ប្រើ​តែកម្លាំង​មនុស្ស​ញែក​ ឬ​បែងចែក​ប្រភេទ​សំរាម​មិន​បាន​លឿន​ និងគ្រប់​តាម​ផែន​ការ​ ដោយថ្ងៃ​ខ្លះ​បាន​តិច ថ្ងៃ​ខ្លះ​បាន​ច្រើន​​ ធ្វើ​ឱ្យ​ពិបាក​ដល់​ចង្វាក់ផលិតកម្ម។

នៅ​ចុង​ឆ្នាំ​២០២៦ នេះ​ ក្រុម​ហ៊ុន​បានដំឡើង​ម៉ាស៊ីន​ពាក់កណ្ដាល​ស្វ័យប្រវត្ដិ​ ១គ្រឿងដែល​​នាំ​ចូល​គ្រឿង​បង្គំ​ពី​ក្រៅ​ប្រទេសស្ទើរ​ទាំង​ស្រុង។ ​ក្នុង​ ១គ្រឿង​ត្រូវ​ចំណាយ​អស់ ៥០ម៉ឺនដុល្លារ​ ហើយដើម្បី​បំពេញផែនការញែកសំរាមឱ្យ​បាន ១,០០០​ តោន ក្នុង១ថ្ងៃ តាមផែនការ ក្រុមហ៊ុន​ត្រូវ​ចំណាយ ១លាន​ដុល្លារ​ទៀត ដើម្បី​ដំឡើង​ម៉ាស៊ីន​បន្ថែម ដាក់ឱ្យ​​ដំណើរការ​ដោយថាមពល​អគ្គិសនី​។

ក្រុមហ៊ុន ហ៊ុយ យន់ ទទួល​បាន​សំរាម​ និង​ទីតាំង​ដំណើរការចង្វាក់​ផលិតកម្ម​នៅ​ទីលាន​ចាក់​សំរាមថ្មី ស្ថិតនៅ​ស្រុក​អង្គស្នួល​ ខេត្ដ​កណ្ដាល ​ដោយ​ផ្ទាល់​ពី​រដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍។ ក្រុមហ៊ុនរំពឹង​ថា​ ក្រោយពី​ដំឡើង​ម៉ាស៊ីន និងដាក់​ដំណើរការ​ពេញ​លេញ​ចាប់​ពី​ឆ្នាំ​២០២៧ តទៅ ក្រុមហ៊ុន​ នឹង​​​ទាញ​យក​​វត្ថុធាតុ​ដើម​ជា​កាកសំណល់​ធម្មជាតិ ទៅ​ជាជីកំប៉ុស​ក្រោយ​ដាក់​ចូល​ឡ​ផ្អាប់​ចន្លោះ​ពី​ ៣ ទៅ​ ៦ខែ មុន​រុញ​ទៅ​ផលិត​សម្រេចចុង​ក្រោយជា​ជី​ធម្មជាតិ ឱ្យ​បាន​លើ​សសមត្ថភាព​ផលិត​របស់​ខ្លួនដែល​ធ្លាប់​ផលិត​បានតែ ​៧ម៉ឺនតោន/ឆ្នាំ។

បើ​តាម​លោក យន់ សុផាត វត្ថុធាតុដើមតែ ២ប្រភេទគត់​ដែល​អាច​បំប្លែង​ទៅ​ជា​ជីកំប៉ុសមុន​អាច​យក​ទៅ​ផលិត​ជាជីធម្មជាតិ និងចែក​ចាយ​នៅ​លើ​ទីផ្សារ​បាន គឺទី១ ​លាមកសត្វ និងទី២ ​សំរាម​ដែល​ជាកាកសំណល់​ធម្មជាតិអាច​រលាយ​ដោយឯកឯង​បាន។ ដូច្នេះ​ការញែក​សំរាម គឺ​មាន​សារៈសំខាន់​អាចជួយ​​កាត់​បន្ថយ​ទាំងផល​​ប៉ះពាល់​​បរិស្ថាន សុខភាពមនុស្ស សត្វ និងអាច​ទាញ​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​ផ្សេង​ៗ​បាន។ ប៉ុន្ដែចំពោះ​ជី ​លោក​ថា ក្នុង​សំរាម ១តោន អាចបំប្លែង​ទៅ​ជា​ជីកំប៉ុស​បានតែ​១៥០ ទៅ២០០គីឡូក្រាម​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ​ ​អ្នកនាំពាក្យក្រសួង​បរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ធ្លាប់មាន​ប្រសាសន៍​ថា ក្រសួងនៅ​តែ​ស្វាគមន៍ និង​លើក​ទឹកចិត្ដ​គ្រប់​ក្រុមហ៊ុន​ទាំង​អស់ដែល​កែច្នៃ​សំរាម​ទៅ​ជាវត្ថុប្រើប្រាស់ ឬ​ជា​ជីធម្មជាតិ ខណៈ​​ក្រសួង​ក៏​កំពុង​ពិនិត្យ​លទ្ធភាព​​បង្កើត​រោងចក្រ​កែច្នៃសំរាម​ទៅ​ជាថាមពល​អគ្គិសនី និង​ឥន្ធនៈ​សម្រាប់​ប្រើប្រាស់ដោយចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ធំ​ណា​មួយមាន​លទ្ធភាព​ចំណាយ​ខ្ពស់លើ​ដំណើរការ​ចង្វាក់​ផលិតកម្ម​នេះ។

ឯកឧត្ដម បញ្ជាក់​ថា បរិមាណសំរាម​នៅ​ទីតាំងចាស់ក្នុង​ខណ្ឌដង្កោ មាន​ចន្លោះ​ពី១៤ ទៅ​ ១៥លាន​តោន ដែល​ក្រុមហ៊ុន ឬសហគ្រាស អាច​ទាញ​យក​ទៅ​ផលិត​តាម​តម្រូវ​ការរបស់ខ្លួន ដោយ​មិន​ភ័យខ្លាច​ខ្វះ​ឡើយ។ ទន្ទឹម​គ្នា​នេះ ក៏មាន​ទីតាំង​ចាក់​សំរាម​ថ្មី ស្ថិត​នៅស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ដែលសាងសង់ជំហាន​ទី១ បានចំនួន ៤ រណ្ដៅ អាច​ផ្ទុកសំរាម​រហូត​ដល់ ៧​ ៦៧៦ ៤២៤ តោន ដើម្បី​ឆ្លើយតប​នឹង​ការ​បញ្ចេញ​សំរាម​ពី​រាជធានីភ្នំពេញចំនួន ៤ ០០០តោន/ថ្ងៃ សម្រាប់​ប្រើប្រាស់​បាន​រយៈ​ពេល ៥ឆ្នាំ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា