សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

​ភ្នំពេញ​៖​ សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព​។

Advertisement

​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​១២​ ​ខែសីហា ​ឆ្នាំ​២០២៦​ សមាគម​ទាំង​ពីរ​បាន​លើកឡើង​ពី​វីដេអូ​ឯកសារ​ដែល​អង្គការ​លីកាដូ ​(​LICADHO​) ​និង​បណ្តាញ​សារព័ត៌មាន​មួយចំនួន​ ​បាន​បន្ត​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​មួយចំនួន​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​កើតឡើង​កន្លងមក​។

​ABC​ ​និង​ ​CMA​ ​បាន​បញ្ជាក់​ថា​ ​សមាគម​ទាំង​ពីរ​គោរព​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​ការ​លើកកម្ពស់​ការ​យល់ដឹង​របស់​សាធារណជន​ និង​ការពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​។

​យ៉ាងណា​ក៏ដោយ​ សមាគម​បាន​អះអាង​ថា​ វីដេអូ​ឯកសារ​ទាំងនោះ​បង្ហាញ​តែ​ទិដ្ឋភាព​មួយ​ផ្នែក​នៃ​អង្គហេតុ ​ដោយ​មិន​បាន​ឆ្លុះបញ្ចាំង​ពេញលេញ​ពី​វិធានការ​ដែល​បាន​អនុវត្ត​ជាបន្តបន្ទាប់​ វឌ្ឍនភាព​ ​និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ករណី​នីមួយ​ៗ​។

​សមាគម​ទាំង​ពីរ​បាន​លើកឡើង​ថា​ ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខ្វះ​បរិបទ​ពេញលេញ​ ​អាច​ធ្វើឱ្យ​សាធារណជន​មាន​ការ​ភ័ន្តច្រឡំ ​ឬ​យល់​ខុសពី​ស្ថានភាព​ជាក់ស្តែង​ ​ហើយ​អាច​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​សាធារណជន​ចំពោះ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។​

​ABC​ ​និង​ ​CMA​ ​បាន​អំពាវនាវ​ឱ្យ​ការ​រាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​ទាំងនេះ​ ​ផ្អែក​លើ​ព័ត៌មាន​ដែល​បាន​ផ្ទៀងផ្ទាត់​ និង​រួមបញ្ចូល​ទាំង​បរិបទ ​ពេលវេលា​ ​ការ​វិវត្ត​ ​វិធានការ​ដែល​បាន​អនុវត្ត​ជាបន្តបន្ទាប់​ ​និង​ស្ថានភាព​ចុងក្រោយ​នៃ​ករណី​នីមួយ​ៗ​។

​ផ្អែក​តាម​ព័ត៌មាន​ដែល​បាន​បញ្ជាក់​ដោយ​គ្រឹះស្ថាន​ពាក់ព័ន្ធ​ សមាគម​បាន​ឱ្យដឹង​ថា​ ករណី​ដែល​ត្រូវបាន​លើកយក​មក​បង្ហាញ​ក្នុង​វីដេអូ​ទាំង​នេះ​ ត្រូវបាន​សម្របសម្រួល​ ​ពិនិត្យ​ ​តាមដាន​ ​និង​ដោះស្រាយ​តាម​នីតិវិធី​ជាធរមាន​ ​ដោយ​មាន​ការ​ព្រមព្រៀង​រវាង​អតិថិជន​ ​និង​គ្រឹះស្ថាន​ពាក់ព័ន្ធ​ផងដែរ​។​

កន្លងមក​ ​ABC​ ​និង​ ​CMA​ ​ក៏​បាន​អញ្ជើញ​ ​LICADHO​ ​និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ ​ចូលរួម​កិច្ចសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​ក្នុង​កិច្ចសន្ទនា​កម្រិត​ខ្ពស់​រវាង​ពហុ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ «​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ​និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

​តាម​សេចក្តីថ្លែងការណ៍​ កិច្ចសន្ទនា​នេះ​បាន​ដាក់ចេញ​សកម្មភាព​អាទិភាព​ចំនួន​ ​២២​ ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ ​រួមមាន​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ វិស័យ​ឯកជន ​និង​អង្គការ​សង្គម​ស៊ីវិល ​ដោយ​ផ្តោត​ជាពិសេស​លើ​កិច្ចការពារ​អតិថិជន​។ ​ក្នុង​ចំណោម​នោះ​ សកម្មភាព​អាទិភាព​ចំនួន​ ​១៤​ ​ត្រូវបាន​អនុវត្ត​បញ្ចប់​ ​ខណៈ​សកម្មភាព​ចំនួន​ ​៨​ ​កំពុង​បន្ត​អនុវត្ត​។​

​ABC​ ​និង​ ​CMA​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​នឹង​បន្ត​អនុវត្ត​ស្រប​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន​ ​ព្រមទាំង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ កិច្ចការពារ​អតិថិជន​ ការ​ដោះស្រាយ​បណ្តឹង​ និង​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​។

​សមាគម​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​ថា​ ​ខ្លួន​នឹង​បន្ត​កិច្ចសន្ទនា​ប្រកបដោយ​ការ​ស្ថាបនា ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដើម្បី​សម្រេចបាន​ដំណោះស្រាយ​ជាក់ស្តែង​ ការពារ​អតិថិជន​ ​និង​ពង្រឹង​ទំនុកចិត្ត​សាធារណជន​លើ​ប្រព័ន្ធ​ធនាគារ​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា