មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។

ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បាន​ប្រាប់បណ្ដាញសារព័ត៌មាន AMS ថា រេដបូក (REDD+) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងការរេចរឹលព្រៃឈើ។ យន្តការ​នេះ បាន​រួម​បញ្ចូល​នូវ​តួនាទីអភិរក្ស គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងបង្កើនអាងស្តុកកាបូនក្នុងវិស័យព្រៃឈើ តាមរយៈការលើកទឹកចិត្តជាហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្ដម​បន្ដ​ថា សម្រាប់​កម្ពុជា​ ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា Total, World Disney ជាដើម មកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូន យកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូន សម្រាប់រាប់បញ្ចូលទៅក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសាកល សំដៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជា ជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០”។

បើ​តាម​ក្រសួង​បរិស្ថាន ដែល​ជាសេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ការអនុវត្តគម្រោងរេដបូក គឺស្របគ្នាជាមួយនឹងគោលដៅជាតិនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្ដីពីក្រមបរិស្ថាន​ និងធនធានធម្មជាតិ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ យុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជាឆ្នាំ២០២៤-២០៣៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន​ជា​ដើម ដែលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុពិភពលោក។

ក្រសួងបរិស្ថានកម្ពុជា​ បាន និងកំពុងបន្ដ​ខ្នះខ្នែង​រក​ចំណូល​ពីការលក់កាបូន ដោយ​សម្របសម្រួល រៀបចំគម្រោងឥណទានកាបូនថ្មីៗ​បន្ថែម ទាំងនៅក្នុងវិស័យព្រៃឈើ និងមិនមែនព្រៃឈើ។ បច្ចុប្បន្ន គម្រោងរេដបូកក្នុងប្រទេសកម្ពុជាមានចំនួន ១៥ ក្នុងនោះ ១២​ គម្រោងកំពុងសិក្សា និង ៣គម្រោង កំពុងដំណើរការ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង នៅក្នុងខេត្តកោះកុង គម្រោងរេដបូកកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងគម្រោងរេដបូកព្រៃឡង់ អនុវត្តតាមកម្មវិធី JCM ជាមួយក្រុមហ៊ុនមីតស៊ូ ប្រទេសជប៉ុន ដែល​សរុបផ្ទៃដីទាំង​ ១៥គម្រោង សរុបផ្ទៃដីគ្របដណ្ដប់​ព្រៃឈើចំនួន ៣,៧ លានហិកតា ក្នុង​ផ្ទៃដីតំបន់ការពារធម្មជាតិជាង ៧លានហិកតា៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា