រោងចក្រកែច្នៃដំឡូងមីតម្លៃ ២០ លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងជួយជំរុញតម្លៃបន្ថែមសម្រាប់វិស័យដំឡូងមីនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រោងចក្រកែច្នៃដំឡូងមីតម្លៃ ២០ លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងជួយជំរុញតម្លៃបន្ថែមសម្រាប់វិស័យដំឡូងមីនៅកម្ពុជា

រោងចក្រកែច្នៃដំឡូងមីតម្លៃ ២០ លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងជួយជំរុញតម្លៃបន្ថែមសម្រាប់វិស័យដំឡូងមីនៅកម្ពុជា

រោងចក្រកែច្នៃដំឡូងមីថ្មីមួយ បានបើកការដ្ឋានសាងសង់ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈការវិនិយោគបង្កើតរោងចក្រនេះ គឺជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

Advertisement

រោងចក្រនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. ក្នុងទុនវិនិយោគសរុបប្រមាណ ២០ លានដុល្លារអាម៉េរិក ដោយរំពឹងថា នឹងពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក គាំទ្រកសិករ និងជំរុញកំណើននៃការនាំចេញ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅពេលសាងសង់រួចនិងដាក់ឱ្យដំណើរការនោះ រោងចក្រនេះរំពឹងថា នឹងទទួលចំណូលពីការលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារអាម៉េរិក ដោយមានសមត្ថភាពផលិតម្សៅដំឡូងមីសម្រេច ១០០ ០០០ តោន, ចំណិតដំឡូងមីស្ងួត ១០០ ០០០ តោន និងសំណល់សម្រាប់ចំណីសត្វ ៣០ ០០០ តោន ក្នុងមួយឆ្នាំ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

“វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញក្នុងទម្រង់ជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់។ កម្ពុជាមានបរិមាណផលិតកម្មដំឡូងមី ប្រមាណ ១៣.៨៩ លានតោន ក្នុងឆ្នាំ ២០២៣ ហើយវិស័យនេះបន្តទាក់ទាញការវិនិយោគឯកជនធំៗ ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។”

ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានឱ្យដឹងថា បច្ចុប្បន្ន មានរោងចក្រកែច្នៃដំឡូងមីចំនួន ១៦ (កើនឡើង ៩ រោងចក្រ ធៀបនឹងឆ្នាំ២០២០ ដែលមានតែ ៧ រោងចក្រ) កំពុងដំណើរការ ដែលបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃសមត្ថភាពកែច្នៃក្នុងស្រុក។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានអភិវឌ្ឍស្តង់ដាជាតិចំនួន ៤ សម្រាប់វិស័យដំឡូងមី រួមមានស្តង់ដា CS056:​2007 សម្រាប់ផលិតម្សៅដំឡូងមី (Tapioca​ Flour), ស្តង់ដា CS058:2008 សម្រាប់ម្សៅអាមីដុងដំឡូងមី (Tapioca Starch), ស្តង់ដា CS328:​2014 សម្រាប់ដំឡូងមីផ្អែម និងស្តង់ដា CS516:2014 CAR/RCP73-2013 សម្រាប់គ្រប់គ្រងអាស៊ីត Hydrocyanic (HCN) ដើម្បីឆ្លើយតបទៅនឹងតម្រូវការគុណភាពផលិតផល និងតម្រូវការទីផ្សារ។

ឯកឧត្តម បានលើកឡើងថា៖

“ទោះបីជាស្ថានភាពបច្ចុប្បន្នមានការរំខាន នៅតាមព្រំដែន ជាមួយប្រទេសថៃក៏ដោយ ក៏ទីផ្សារក្នុងស្រុក នៅតែអាចស្រូបយកទិន្នផលបានយ៉ាងល្អ។ នៅខែមករា ឆ្នាំ ២០២៦ ការនាំចេញទៅកាន់ប្រទេសវៀតណាម បានកើនឡើងយ៉ាងខ្លាំង ដោយសារតែតម្រូវការខ្ពស់ វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញវត្ថុធាតុដើម ទៅការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។”

ឯកឧត្តមបានបន្ថែមថា អ្នកជំនួញកសិឧស្សាហកម្មធំៗ ដូចជា ក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុង ឫទ្ធី បានចំណា​យ​ប្រហែល ៤០ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីទិញដំឡូងមី និងពោតពីកសិករ សម្រាប់ផលិតចំណីសត្វ ដែលបានជួយកាត់បន្ថយការនាំចូលចំណីសត្វ និងរក្សាចរន្តសេដ្ឋកម្មនៅក្នុងប្រទេស និងការអភិវឌ្ឍន៍។

លោក Yang Youytong ប្រធានក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. បានបញ្ជាក់ថា៖


«ក្រោមការបណ្តាក់ទុនសរុបប្រហែល ២០ លានដុល្លារ បន្ទាប់ពីបញ្ចប់ការសាងសង់ យើងខ្ញុំរំពឹងថា គម្រោងនេះនឹងអាចបង្កើតចំណូលលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារ ដោយផលិតម្សៅដំឡូងមី ១០ ម៉ឺនតោន ដំឡូងមីស្ងួត ១០ ម៉ឺនតោន និងកាតដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ ៣ ម៉ឺនតោន។”

លោកបានបន្តថា វត្តមានរោងចក្ររបស់លោក នឹងបង្កើតជាប្រភពផ្គត់ផ្គង់ដ៏មានស្ថិរភាព គុណភាព ប្រកបទៅដោយទំនុកចិត្ត សម្រាប់ពាណិជ្ជកម្មដំឡូងមីរវាងកម្ពុជា និងចិន ព្រមទាំងចូលរួមពង្រីកកិច្ច សហប្រតិបត្តិការខ្សែសង្វាក់ផលិតកម្មកសិកម្ម កម្លាំងចលករថ្មី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោក ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានឱ្យដឹងថា អនុវិស័យដំឡូងមីបានរកចំណូលបានប្រមាណជាង ៧០០ លានដុល្លារដល់សេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងទី ១០ នៅលើពិភពលោក។ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥ ភាគរយ ហើយកែច្នៃក្នុងស្រុក ៥ ភាគរយ ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិជាប្រចាំឆ្នាំ។

លោកបានថ្លែងថា៖

“កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងទី ១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៦០ ម៉ឺន ទៅ ៨០ ម៉ឺនហិកតា។ មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមាន ម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជា នំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម។”

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបា្រប់បណ្តាញព័ត៌មាន AMS កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ ថា៖


“ការសាងសង់រោងចក្រដំឡូងមីតម្លៃ ២០ លានដុល្លារនេះ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើបរិយាកាសធុរកិច្ចនៅកម្ពុជា។ វាមិនត្រឹមតែជួយដល់ផលិតផលក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព។”

អ្នកឧកញ៉ា បានបន្ថែមថា៖

“និយាយរួម អ្នកវិនិយោគភាគច្រើន ទុកចិត្តលើសម្ដេចនាយករដ្ឋមន្ត្រី ដែលបានធានាអះអាងពេលបេសកកម្មក្រៅប្រទេសដើម្បីទាក់ម៉ូយ ដើម្បីការពារអ្នកវិនិ​យោគ​ទុន ជាពិសេស គោលនយោបាយស្ថិរភាព សន្តិភាព និងច្បាប់វិនិយោគ កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដែលជាកត្តាទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសយើងដោយមិនមានភាពស្ទាក់ស្ទើរ។”

អ្នកឧកញ៉ា បានបន្ថែមថា ចំពោះសេដ្ឋកិច្ចវិញ និយាយរួមទៅឱ្យតែមានរោងចក្រសហគ្រាស អ្នកវិនិយោគច្រើនពីបរទេស ក្នុងស្រុក ក្រៅស្រុកក៏ដោយ វានឹងជួយជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ ។

យោងតាមស្ថិតិក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការរនាំចេញដំឡូងមីពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦ នេះ មានទំហំទឹកប្រាក់សរុបជាង ៣៧៦ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៦.២៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥ ដែលមានទឹកប្រាក់ ជាង ៣២៣ លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញដំឡូងមីទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់មានប្រមា​ណ ៣២៤,៧៩ លានដុល្លារអាម៉េរិក  បើធៀបនឹងរយៈពេលដូចគ្នាមានការកើនឡើងប្រមាណ ៤៨.០៧ ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីពេលថ្មីៗនេះ។

នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ វៀតណាម ជាប្រទេសដែលនាំចូលដំឡូងមីពីកម្ពុជាច្រើនជាងគេ ខណៈប្រទេសចិនស្ថិតនៅលំដាប់ទី ២ ជាប្រទេសដែលនាំចូលដំឡូងមីពីកម្ពុជា ដោយក្នុងរយៈពេល ៣ ខែកន្លងទៅនេះ។ កម្ពុជាបាននាំដំឡូងមីទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ជាង ៥១ លានដុល្លារ សហរដ្ឋអាម៉េរិកក៏បាននាំចូលដំឡូងមីពីកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ​ ២១ ម៉ឺនដុល្លារ ក្រៅពីនោះមានប្រទេសប៉ាគីស្ថាន សិង្ហបុរី អ៊ីតាលី កាណាដា ឥណ្ឌូនេស៊ី និងប្រទេសកូរ៉េខាងត្បូងជាដើម។

ដំឡូងមីបានក្លាយជាផលិតផលកសិកម្មនាំចេញ ដ៏មានសក្តានុពលមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ ២០២៥ កន្លងមកការនាំចេញដំឡូងមីស្រស់ ស្ងួត និងម្សៅដំឡូងមី រកចំណូលបាន ៦៤៦ លានដុល្លារ ។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយជាតិ ស្ដីពីដំឡូងមី រដ្ឋាភិបាលបានចាត់ទុកដំណាំនេះជាដំណាំធំទី ២ បន្ទាប់ពីដំណាំស្រូវ ហើយត្រូវមានការគាំទ្រពិសេស ដើម្បីទាញយកប្រយោជន៍ឱ្យបានជាអតិបរមា និងការអភិវឌ្ឍដំណាំនេះឱ្យក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការធ្វើបដិវត្តន៍កសិ-ឧស្សាហកម្មនៅកម្ពុជា ដែលទិសដៅនេះត្រូវបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ដោយរំពឹងថា ផលិតកម្មដំឡូងមីអាចនឹងរួមចំណែកពី ៣ ភាគរយ ទៅ ៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា