ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

​ភ្នំពេញ​៖​ ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦​។

ទុន​នេះ​ត្រូវ​បាន​ត្រៀម​សម្រាប់​ទម្លាក់​ទៅកាន់​រោង​ម៉ាស៊ីន ​ដើម្បី​ប្រមូល​ទិញ​ ​និង​ស្តុក​ស្រូវ​ឱ្យ​បាន​ទាន់​ពេលវេលា​ ​ព្រមទាំង​ជួយ​រក្សា​លំនឹង​តម្លៃ​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​២០២៦​។

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក​ឧកញ៉ា​ ឡាយ​ ​ឈុន​ហួ ​បាន​ប្រាប់​ AMS ​នៅ​ថ្ងៃ​ទី​១៥​ ​ខែ​កញ្ញា​ ​ថា​ ​ការ​បង្កើន​ទុន​បង្វិល​សម្រាប់​រោង​ម៉ាស៊ីន​ ​គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ផែនការ​នាំ​អង្ករ​ចេញ​ ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ​លោក​បញ្ជាក់​ថា​ ​វិស័យ​ស្រូវ​អង្ករ​ទាំងមូល​ត្រូវ​ការ​ទុន​បង្វិល​ប្រមាណ​ពី​ ​៦០០ ​ទៅ​៧០០ ​លាន​ដុល្លារ​។

​លោក​ឧកញ៉ា ឡាយ​ ​ឈុន​ហួ ​បាន​ឱ្យ​ដឹង​ថា​ ទុន ​២០០ ​លាន​ដុល្លារ​របស់​ ARDB ​អាច​ជួយ​បង្កើន​លទ្ធភាព​នាំចេញ​បាន​ពី​ ​២៥​ ​ទៅ​៣០​ ​ភាគរយ ​ហើយ​វិស័យ​នេះ​នៅ​មាន​ប្រភព​ទុន​សំខាន់​ៗ​ចំនួន​ ៣ ​ផ្សេងទៀត​។

លោក​ បានថ្លែងដូច្នេះថា៖ “​ខ្ញុំ​មើលឃើញ​ថា​ ​២០០​ ​លាន​ដុល្លារ​នេះ​ ​អាច​ជួយ​បង្កើន​លទ្ធភាព​នាំចេញ​បាន​ ​២៥ ​ទៅ​៣០​ ​ភាគរយ ​ហើយ​យើង​នៅ​មាន​ប្រភព​គាំទ្រ​សំខាន់​ៗ​ ៣​ទៀត​។ តាម​ពិត​យើង​មិន​ខ្វះ​ស្រូវ​ផលិត​នាំចេញ​ឱ្យ​គ្រប់​ ​១​លាន​តោន​ទេ ​កម្ពុជា​យើង​ផលិត​ស្រូវ​បាន​ចន្លោះ​ពី​ ​១៤ ​ទៅ​១៥ លាន​តោន​ហើយ​ៗ​ តែ​កន្លង​មក​យើង​មាន​ឧបសគ្គ​ខ្លះ​ ​ដូចជា​រឿងទុន​សម្រាប់​ប្រមូល​ទិញ​ពេល​ស្រូវ​ជន់​ខ្លាំង​ចន្លោះ​ពី​ខែ​១១ ​ទៅ​ខែ​១២​ ​បញ្ហា​រៀបចំ​ឃ្លាំង​ស្តុក​ទុក​ ​និង​ឡ​សម្ងួត ​ហើយ​នឹង​កត្តា​ទីផ្សារ​”​។

​លោក​បាន​ស្នើ​ឱ្យ​ទុន​បង្វិល​នេះ​ត្រូវ​បាន​ទម្លាក់​ទៅ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​នីមួយ​ៗ​នៅ​ចន្លោះ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ដល់​ខែ​មីនា ​ឆ្នាំ​២០២៧ ​ដើម្បីឱ្យ​ការ​ប្រើប្រាស់​ទុន​មាន​ប្រសិទ្ធភាព​ ​និង​ងាយស្រួល​ក្នុង​ការ​ចាត់ចែង ​ដោយ​អាច​ដំណើរការ​ស្រប​គ្នា​ជាមួយ​ប្រភព​ទុន​បង្វិល​សំខាន់​ៗ​ចំនួន​ ៣ ​ផ្សេងទៀត​។

ប្រភព​ទុន​ទី​មួយ គឺ​ឥណទាន​ពី​ធនាគារ​ពាណិជ្ជ ​ដូចជា​ ​Maybank​,​ ABA,​ ​Chip ​Mong ​និង​ ​CIMB ​ជាដើម​ ​ដែល​ម្ចាស់​រោង​ម៉ាស៊ីន​អាច​ដាក់​ទ្រព្យធានា ​ហើយ​រោង​ម៉ាស៊ីន​មួយចំនួន​អាច​ខ្ចី​បាន​រហូតដល់​ ៥ លាន​ដុល្លារ​។

​ប្រភព​ទី​ពីរ​ ​គឺ​ទុន​ពី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​តាមរយៈ​គម្រោង​ធានា​ឥណទាន ​និង​ប្រភព​ទី​បី ​គឺ​ទុន​ផ្ទាល់ខ្លួន​របស់​ម្ចាស់​រោង​ម៉ាស៊ីន​។

​បច្ចុប្បន្ន​ ​កម្ពុជា​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ស្តង់ដារ​ចំនួន​ ​៦០ ​ដែល​អាច​ផលិត​អង្ករ​ប្រណីត​សម្រាប់​នាំចេញ​។ ​តាមរយៈ​រោង​ម៉ាស៊ីន​ទាំងនេះ​ ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​ ៩៤ ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៥ ​ដែល​ជិត​ដល់​គោលដៅ​ ​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​២០១០​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជឿជាក់​ថា​ ​ជាមួយ​ពេលវេលា​នៅសល់​ជិត​ ៤​ ​ខែ​ទៀត​ក្នុង​ឆ្នាំ​២០២៦ ​កម្ពុជា​នឹង​មាន​ឱកាស​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

​ការ​ពង្រីក​ទីផ្សារ​អន្តរជាតិ​ក៏​ជា​កត្តា​មួយ​ដែល​វិស័យ​ស្រូវ​អង្ករ​ត្រូវការ​ពង្រឹង​។ ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​មើល​ឃើញ​ថា​ ​ទីផ្សារ​អន្តរជាតិ​របស់​អង្ករ​កម្ពុជា​នៅ​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​ ​ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ពង្រីក​ ​និង​ពិពិធកម្ម​ទី​ផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ ​២០២៥​-​២០៣០ ​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង ​និង​ពង្រីក​ចំណែក​ទីផ្សារ​អង្ករ​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ជាក់ស្តែង​ ​កាលពី​ថ្ងៃ​ទី​១៤​ ​ខែ​កញ្ញា​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​លោក​ជំទាវ ចម និមល ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​-​លក់​អង្ករ​កម្ពុជា​រវាង​ក្រុមហ៊ុន​ ​City Rice ​Import ​Export ​Co​.​,​ Ltd​. ​និង​ក្រុមហ៊ុន​ DILA​I Trading ​Co​.​ Pte​.​ Ltd​. ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ហ្វីលីពីន​។

​កិច្ចសន្យា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ ​ខណៈ​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​តំបន់​ក៏​កំពុង​ដំណើរការ ​ហើយ​ទីផ្សារ​អឺរ៉ុប​នៅតែ​ជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​ប្រណីត​របស់​កម្ពុជា​។

​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា​ ​ក្នុង​រយៈពេល​ ៨ ​ខែ​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​ ៧៩​២​,​២​១២​ តោន ​តាមរយៈ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន​ ៦​១ ​ទៅកាន់​គោលដៅ​ចំនួន​ ​៦៦​។

​អង្ករ​ក្រអូប​មាន​ចំណែក​ធំ​បំផុត​ក្នុង​ការ​នាំចេញ ​ដោយ​មាន​ ៥​៧​.​៩៦ ​ភាគរយ​ អម​ដោយ​អង្ករ​ស​គ្រាប់​វែង​ ​២៤​.​៤០​ ​ភាគរយ​ ​អង្ករ​ចំហុយ​ ១​.​៩១ ​ភាគរយ​ ​អង្ករ​សរីរាង្គ​ ​១​.​២៨ ​ភាគរយ​ ​អង្ករ​បាក់​គ្រប់​ប្រភេទ​ ១៤​.​២៦ ​ភាគរយ​ ​និង​អង្ករ​ផ្សេង​ៗ​ ០​.​១៩ ​ភាគរយ​។

​ក្រៅ​ពី​ការ​នាំចេញ​អង្ករ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដូចគ្នា​ ​កម្ពុជា​បាន​នាំចេញ​ស្រូវ​សើម​ចំនួន​ ៣​,​៣៥៦​,​៩៦៩ តោន ​ដែល​មាន​ទឹក​ប្រាក់​ប៉ាន់ប្រមាណ​ ​៧៥៣​.​៤១​ ​លាន​ដុល្លារ​៕

អត្ថបទ៖ ​ជិន​ សុភ័ក្ដ្រ

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា