សហគមន៍​កសិកម្ម ​​២៥ ​នៅ​កំពង់ធំ​ ​ទទួល​ត្រាក់ទ័រ​ ​និង​សម្ភារៈ​កសិកម្ម ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍​កសិកម្ម ​​២៥ ​នៅ​កំពង់ធំ​ ​ទទួល​ត្រាក់ទ័រ​ ​និង​សម្ភារៈ​កសិកម្ម ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម

សហគមន៍​កសិកម្ម ​​២៥ ​នៅ​កំពង់ធំ​ ​ទទួល​ត្រាក់ទ័រ​ ​និង​សម្ភារៈ​កសិកម្ម ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម

​កំពង់ធំ​៖​ សហគមន៍​កសិកម្ម​ចំនួន​ ​២២ ​និង​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​ ៣ ​នៅ​ទូទាំង​ខេត្ដ​កំពង់ធំ​ ​ទទួល​បាន​ត្រាក់ទ័រ​ចំនួន​ ១៦ ​គ្រឿង​ គោយន្ត​ចំនួន​ ​២​ ​គ្រឿង​ ​និង​លាន​ហាល​សម្ងួត​គ្រាប់​ចំនួន​ ​១០ ​កន្លែង​ ​ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម ​កាត់បន្ថយ​ថ្លៃ​ដើម​ពលកម្ម ​និង​ពង្រឹង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

ពិធី​ប្រគល់​គ្រឿង​ចក្រ ​និង​សម្ភារៈ​កសិកម្ម​នេះ​ ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្តម​ ឌិត ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​។​

​ឯកឧត្តម​ ឌិត​ ទី​ណា ​បាន​មានប្រសាសន៍​ថា​ ​ក្រសួង​ ​និង​ដៃគូ​អភិវឌ្ឍន៍ ​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយ​ចន្ទី ​ដើម្បី​ជួយ​ឱ្យ​កសិករ​ទទួល​បាន​ទិន្នផល​កាន់តែ​ច្រើន​ ​បង្កើន​ប្រាក់​ចំណេញ ​និង​បង្កើត​តម្លៃ​បន្ថែម​ ​ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​ដែល​ឈ្មួញ​អាច​ទម្លាក់​តម្លៃ​ផលិតផល​។ ការ​ផ្តល់​ត្រាក់ទ័រ ​និង​សម្ភារៈ​កសិកម្ម​ជូន​សហគមន៍​នៅ​ពេល​នេះ​ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម​នេះ​។

​ក្នុង​ចំណោម​សហគមន៍​កសិកម្ម​ទាំង​ ​២​៥​ ​សហគមន៍​កសិកម្ម​សាលា​វិស័យ​ ​ក៏​ទទួល​បាន​ត្រាក់ទ័រ​កម្លាំង​ ​៦០​*​៤០​ ​មួយ​គ្រឿង​ផងដែរ​។ ​តំណាង​សហគមន៍​ចាត់ទុក​ការ​គាំទ្រ​នេះ​ថា​ ​ជា​ក្តី​សង្ឃឹម​ថ្មី​ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការជួល​ត្រាក់ទ័រ​ឯកជន ​និង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ផលិតកម្ម​ស្វាយចន្ទី​ដោយ​ខ្លួនឯង​។

​អ្នក​ស្រី​ ​ផុន ​ចាន់ អនុ​ប្រធាន​សហគមន៍​កសិកម្ម​សាលា​វិស័យ​ ​បាន​ឱ្យ​ដឹង​ថា​ ​សហគមន៍​មាន​សមាជិក​សរុប​ ៣៤៨​ ​គ្រួសារ​ ​មកពី​ ​១៩ ​ភូមិ ​ក្នុង​ឃុំ​សាលា​វិស័យ​។ ​ក្នុង​ចំណោម​នេះ​ មាន​ ១៩៤ ​គ្រួសារ​ ​ដែល​ភាគ​ច្រើន​ជា​គ្រួសារ​ជនជាតិ​ដើម​ភាគ​តិច​គួយ​ ​ធ្លាប់​ជួប​ការ​លំបាក​ដោយសារ​ត្រូវ​ចំណាយ​លើ​ការជួល​កម្លាំង ​និង​គ្រឿង​ចក្រ​សម្រាប់​ភ្ជួរ​រាស់​ដី​ ​និង​បាញ់​ថ្នាំ​លើ​ដំណាំ​ស្វាយ​ចន្ទី​។

​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ សហគមន៍​មាន​ផ្ទៃដី​ដាំដុះ​ស្វាយចន្ទី​សរុប​ចំនួន​ ៥៧៨​ ហិកតា ​និង​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​ ​៣០០ ​ទៅ​ ​៧០០​ តោន​ក្នុង​មួយ​ឆ្នាំ​។

​ជាមួយគ្នា​នេះ​ ​អ្នក​ស្រី​ អន ស៊ី​នឿន ដែល​ជា​កសិករ​ម្នាក់​ក្នុង​សហគមន៍​សាលា​វិស័យ​ ​បាន​ឱ្យ​ដឹង​ថា​ ​គ្រួសារ​អ្នក​ស្រី​បាន​ដាំ​ស្វាយចន្ទី​ពូជ​ ​M23 ​លើ​ផ្ទៃដី​ ៤​ ​ហិកតា​ ​តាំងពី​ឆ្នាំ​២០១៩​មក​។ ​កន្លង​មក​ ​ការ​ធ្វើ​កសិកម្ម​ត្រូវ​ចំណាយ​ដើមទុន​ខ្ពស់​លើ​ការជួល​ត្រាក់ទ័រ​ឯកជន ​ហើយ​ជួប​ការ​លំបាក​ក្នុង​ការ​រង់ចាំ​ម្ចាស់​ត្រាក់ទ័រ​មក​ភ្ជួរ​រាស់​ដី​នៅ​រាល់​រដូវ​កាល​ដាំដុះ​។

​អ្នក​ស្រី​រំពឹង​ថា​ ​ការ​មាន​ត្រាក់ទ័រ​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ផ្ទាល់ នឹង​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម ​កាត់បន្ថយ​ការ​លំបាក​ក្នុង​ការ​រៀបចំ​ដី​ ​និង​ជួយ​បង្កើន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​សម្រាប់​គ្រួសារ​កសិករ​។

​ការ​ផ្តល់​ត្រាក់ទ័រ​ គោ​យន្ត ​និង​លាន​ហាល​សម្ងួត​គ្រាប់​ជូន​សហគមន៍​កសិកម្ម​ទាំង​ ​២៥​ ​នៅ​ខេត្ត​កំពង់ធំ​នេះ​ ​ត្រូវ​បាន​តំណាង​សហគមន៍​ ​និង​កសិករ​មើល​ឃើញ​ថា​ ​ជា​ការ​គាំទ្រ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផលិតកម្ម ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​សេវា​ជួល​គ្រឿង​ចក្រ​ឯកជន​ ​និង​បង្កើន​ប្រាក់​ចំណេញ​ពី​ផលិតផល​ស្វាយចន្ទី​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា