ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការ​វិនិយោគរាជធានី-ខេត្ត​ ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក ។ ក្នុង​ចំណោម​គម្រោង​វិនិយោគដែលបានចុះបញ្ជីទាំង​ ២៧៦​គម្រោងនេះ ឃើញថា ខេត្ត​ចំនួន៥ ទទួលបានការ​ចុះបញ្ជីលើ​គម្រោង​វិនិយោគច្រើនជាង​គេ ។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌មាន និងរបាយការណ៍​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​​បានបង្ហាញពី​ខេត្ត​សក្ដានុពល​ចំនួន៥ ទទួលបានគម្រោង​ច្រើនជាង​គេ ហើយរាជធានីភ្នំពេញ ក៏ជា​តំបន់មួយដែលទទួលបាន​គម្រោង​វិនិយោគ​ចុះបញ្ជីច្រើនជាង​គេ​មួយក្នុង​រយៈពេល៦ខែមកនេះ ។​

បើតាម​របាយការណ៍​ដដែល​បានបង្ហាញថា​ ខេត្តកំពង់ស្ពឺ ជាខេត្ត​ទទួល​បានគម្រោងវិនិយោគ​ចុះបញ្ជីច្រើនជាងគេ​ ​ដោយក្នុងរយៈពេល ១ឆមាស​ឆ្នាំ ២០២៦ ខេត្ត​កំពង់​ស្ពឺ ទទួល​បានគម្រោងវិនិយោគចុះបញ្ជី​សរុប​ចំនួន​៧០គម្រោង​ ។ ដោយឡែកខេត្តដែលទទួលបាន​គម្រោង​វិនិយោគចុះបញ្ជីច្រើនជាង​គេលំដាប់ទី​២ នៅក្នុង​រយៈពេល៦ខែ ឆ្នាំ ២០២៦នេះ គឺខេត្តកណ្ដាល ដោយ​ទទួល​បានគម្រោង​វិនិយោគចុះបញ្ជីចំនួន ៣៧គម្រោង ។ ខេត្តមួយនេះមានអំណោយផលខ្ពស់ក្នុងការទាក់ទាញគម្រោងវិនិយោគ ដោយសារវា​ស្ថិតនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ និង​មាន​ក្រុង​រហូតដល់​៣ រួមមាន ក្រុង​តាខ្មៅ ក្រុង​សំពៅពូន និងក្រុងអរិយក្សត្រ ។​ ចំណែក​ខេត្តស្វាយរៀង ជាខេត្ត​ស្ថិតនៅលំដាប់ទី៣ ដែលទទួលបានគម្រោងវិនិយោគច្រើនជាង​គេ ដោយក្នុងរយៈពេល៦ខែ ស្វាយរៀង​ទទួលបានគម្រោងវិនិយោគចុះបញ្ជីចំនួន ៣៣​គម្រោង ហើយលំដាប់ទី​៤ ជាខេត្តដែលមានវ័យចំណាស់ជាង​គេ គឺខេត្ត​តាកែវដោយ​ទទួលបានគម្រោងវិនិយោគចំនួន​៣២គម្រោង  ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានបង្ហាញ​ទៀតថាខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ជារាជធានី-ខេត្តទាក់ទាញមួយផងដែរ ។ ក្នុង​រយៈពេល១ឆមាស ដើមឆ្នាំ ២០២៦នេះ រាជធានីភ្នំពេញ ទទួល​បានគម្រោង​វិនិយោគចំនួន២៩គម្រោង ខណៈព្រះសីហនុ​ក៏ទទួលបាន​គម្រោង​វិនិយោគចុះបញ្ជី​ចំនួន ២៩គម្រោងដូចគ្នា ។​

អ្នក​ឧកញ៉ា​បណ្ឌិត ​សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធក្រុមហ៊ុន​ SAM SN Group បានមានប្រសាសន៍ថា​​ បណ្ដាខេត្តជាប់​ឬក៏ជិត​រាជធានីភ្នំពេញ នៅតែមានសក្ដានុពល​ក្នុងការទាក់ទាញបាននូវគម្រោង​វិនិយោគ​ ក្នុងពេល​បច្ចុប្បន្ន​នេះ ជាពិសេស​ដូចជា​ខេត្តកំពង់​ស្ពឺ ខេត្ត​កណ្ដាល ខេត្ត​តាកែវ ព្រះសីហនុ និងស្វាយរៀង​ជាដើម​ ។ ខេត្តទាំងនេះ ភាគច្រើនទាក់ទាញគម្រោង​វិនិយោគក្នុងវិស័យ​ឧស្សាហកម្ម​ដោយសារតែមានតំបន់សេដ្ឋកិច្ច​ពិសេស​ស្រាប់ អាច​សម្រួលដល់​វិនិយោគិន​បរទេស​ក្នុងក្នុងការស្វែងរក​វិនិយោគនៅក្នុងប្រទេសកម្ពុជា ។​

អ្នកឧកញ៉ា​បន្តថា ការ​វិនិយោគលើ​វិស័យឧស្សាហកម្ម​ ដូចជា​រោងចក្រ​ សហគ្រាស​ បានធ្វើឱ្យការ​ទិញលក់ដីធ្លីនៅតែមានសកម្មភាព និងអាច​រក្សាតម្លៃដីធ្លីបានប្រសើរ បើទោះបីជាការទិញលក់​ដីធ្លីសម្រាប់វិស័យផ្សេងទៀត​ជួប​បញ្ហា​ក្ដី ។

យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញថា ក្នុងចំណោមទុនវិនិយោគប្រមាណ ៤,៧​ពាន់លានដុល្លារ​ដែលបាន​ចុះបញ្ជីក្នុងរយៈពេល៦ខែដើមឆ្នាំនេះ វិស័យ​ដែលទាក់ទាញបានទុនវិនិយោគចុះបញ្ជីច្រើនជាង​គេ​គឺវិស័យឧស្សាហកម្ម​ ដែលមានរហូតដល់ ២,៥៦​ពាន់​លានដុល្លារ​ បន្ទាប់មក​គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមាន​១,៧២ពាន់​លានដុល្លារ ។ ដោយឡែកវិស័យ​ទេសចរណ៍ទាក់ទាញបានទុនវិនិយោគចុះបញ្ជីវិនិយោគ​ចំនួន៣០០លានដុល្លារ ហើយកសិកម្ម និងកសិ-ឧស្សាហកម្មទទួលបាន​១១៣លានដុល្លារអាម៉េរិក ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា