គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

Advertisement

គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ដែលមានការគាំទ្រដោយ ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ក្រោមប្រធានបទ “លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោង កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំសម្រាប់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង និងបង្កើនសមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដើម្បីឱ្យគាត់អាចពាំនាំ និងបន្តអប់រំផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានបានយ៉ាងមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវការការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាចំណេះដឹងនេះអាចបញ្ជ្រាបដល់ប្រជាពលរដ្ឋយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។

ឯកឧត្តមក៏បានបញ្ជាក់ដែរថា៖

“គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានភាពរឹងមាំ។”

ទន្ទឹមនឹងនេះ លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការដឹកនាំការអនុវត្តថ្នាក់កណ្តាលនៃគម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» និងជាអគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការជួយឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុបានត្រឹមត្រូវ មានសុវត្ថិភាព និងជៀសវាងហានិភ័យនានា។

បន្ថែមលើនេះ លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងចាប់តាំងពីឆ្នាំ២០២៣ មក ដែលគម្រោងនេះបានបណ្តុះបណ្តាលចំនួន ១,៤២៦ លើកដល់គ្រូបង្គោលចំនួន ៥៩ នាក់ និងប្រជាពលរដ្ឋចំនួន ៤,៥៧១ នាក់ នៅឃុំគោលដៅ ចំនួន ៤ ក្នុងខេត្តកំពង់ធំ ស្វាយរៀង កំពង់ស្ពឺ និងបាត់ដំបង។

ជាមួយគ្នានេះ លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ក្នុងការជួយប្រជាពលរដ្ឋប្រើប្រាស់ឥណទានបានត្រឹមត្រូវ បង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងលើកកម្ពស់សុខុមាលភាពគ្រួសារ និងសហគមន៍។

លោកជំទាវក៏បានបន្ថែមថា៖

“ការយល់ដឹងផ្នែកហិរញ្ញវត្ថុ មិនត្រឹមតែជួយកែលម្អជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគមន៍ឱ្យមានភាពរឹងមាំ និងចីរភាពផងដែរ។”

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការដឹកនាំការអនុវត្តថ្នាក់កណ្តាលនៃគម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» និងជា អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងមានការចូលរួមពីគ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលគម្រោងបានពង្រីកបន្ថែមក្នុង ខេត្តរតនគិរី កំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា