អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

​សៀមរាប​៖ ​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង​។

Advertisement

​ក្រសួង​ទេសចរណ៍​ ​បាន​ចាប់ផ្តើម​អនុវត្ត​សាកល្បង​យុទ្ធនាការ​នេះ​ ​ចាប់ពី​ថ្ងៃទី​១​ ​ខែសីហា ​ដល់​ថ្ងៃទី​៣១​ ​ខែតុលា ​ឆ្នាំ​២០២៦​ ​ដោយ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​លើ​សេវាកម្ម​ទេសចរណ៍​របស់​គ្រឹះស្ថាន​ទេសចរណ៍​កម្រិត​ចាប់ពី​ផ្កាយ​៣​ ​ដល់​ផ្កាយ​៥​ ​នៅ​ទូទាំង​ខេត្ត​សៀមរាប​។ ​យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​ទេសចរណ៍​ក្នុង​អំឡុង​ ​Green​ ​Season​ ​និង​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ ​និង​ប្រើប្រាស់​សេវាកម្ម​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​។

​ឯកឧត្តម​ តុ​ប ​សុភ័ក​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ​AMS​ ​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ថា​ ​យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ ​Green​ ​Season​ ​របស់​កម្ពុជា​។

​ឯកឧត្តម​ តុ​ប ​សុភ័ក ​បាន​មានប្រសាសន៍​ថា​៖​ ​

«​កម្មវិធី​នេះ​ ​គឺជា​ការ​រួមចំណែក​មួយ​នៅក្នុង​យុទ្ធនាការ​ រដូវកាល​បៃតង​ ​(​Green​ ​Season​) ​របស់​កម្ពុជា​..​. ​សម្រាប់​កម្មវិធី​នេះ​ ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ចូល​ទៅក្នុង​គេហទំព័រ​ ​www​.​cambodiawonder​.​com​ ​ដើម្បី​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចាប់ពី​ ​១០​% ​ដល់​ ​៥០​%​»​។​

តាមរយៈ​គេហទំព័រ​នេះ​ ភ្ញៀវ​ទេសចរ​អាច​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​លើ​សេវាកម្ម​ស្នាក់​នៅ​ ​ភោជនីយដ្ឋាន​ ​បារ ​ហាង​ ​ដឹកជញ្ជូន​ មគ្គុទ្ទេសក៍​ទេសចរ ​ស្ប៉ា ​និង​សេវាកម្ម​កញ្ចប់​ទស្សនកិច្ច​ ​រួមទាំង​កម្មវិធី​ទស្សនា​ថ្ងៃ​លិច​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​ជ្រើសរើស​ខេត្ត​សៀមរាប​សម្រាប់​ការ​សាកល្បង​ដំបូង​ ​មិន​មាន​ន័យ​ថា​យុទ្ធនាការ​នេះ​នឹង​មាន​តែ​នៅ​ខេត្ត​នេះ​ទេ​ ​ហើយ​ប្រសិនបើ​ការ​សាកល្បង​ទទួលបាន​ជោគជ័យ​ ក្រសួង​នឹង​ពិចារណា​ពង្រីក​ទៅកាន់​គោលដៅ​ផ្សេង​ៗ​ទៀត​ទូទាំង​ប្រទេស​។

​ឯកឧត្តម​ តុ​ប ​សុភ័ក ​បាន​មានប្រសាសន៍​ថា​៖​ ​

«​កម្មវិធី​នេះ​មិន​មែន​ធ្វើត្រឹមតែ​ខេត្ត​សៀមរាប​មួយ​ទេ ​ប៉ុន្តែ​ជា​ការ​សាកល្បង​ដំបូង​នេះ​ ​យើង​រៀបចំ​កម្មវិធី​បញ្ចុះ​តម្លៃ​នេះ​នៅ​ខេត្ត​សៀមរាប​..​. ​បើ​ការ​សាកល្បង​នេះ​ទទួលបាន​ជោគជ័យ​ ​យើង​នឹង​ពង្រីក​ទៅកាន់​គោលដៅ​ផ្សេង​ៗ​ទៀត​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​»​។

​ឯកឧត្តម​បាន​ថ្លែង​ថា​ ​គិត​ត្រឹម​ថ្ងៃទី​២​ ​ខែសីហា ​មាន​អាជីវកម្ម​ប្រមាណ​ ​៦០​ ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ ​ហើយ​ចំនួន​នេះ​នៅតែ​បន្ត​កើនឡើង​។ ​ការ​បញ្ចុះ​តម្លៃ​មិន​មាន​អត្រា​ដូចគ្នា​ទាំងអស់​នោះ​ទេ ​ដោយ​អាស្រ័យ​លើ​ប្រភេទ​សេវាកម្ម​ ​និង​មូលដ្ឋាន​អាជីវកម្ម ​ខណៈ​ការ​បញ្ចុះ​តម្លៃ​មាន​ចន្លោះ​ពី​ ​១០​% ​ដល់​ ​៥០​%​។ នេះបើយោងតាមការបញ្ជាក់របស់​ឯកឧត្តម​ តុ​ប ​សុភ័ក​។

លោក​ ​ធួន​ ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​(​PATA​) ​បាន​ប្រាប់​ ​AMS​ ​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ថា​ ​ការ​បញ្ចុះ​តម្លៃ​ក្នុង​រដូវកាល​បៃតង​ ​គឺជា​រឿង​ដែល​សណ្ឋាគារ​ដែល​មាន​វិជ្ជាជីវៈ​បាន​អនុវត្ត​ជាទូទៅ​រួច​មកហើយ​ ​ដោយ​បែងចែក​តម្លៃ​សម្រាប់​ ​Green​ ​Season​ ​និង​ ​High​ ​Season​។

​លោក​បាន​ចាត់ទុក​ការ​បញ្ចុះ​តម្លៃ​នេះ​ថា​ ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ស្រុក​ ​ហើយ​អាច​ជួយ​ទាក់ទាញ​អ្នកដំណើរ​បុគ្គល ​ដែល​មិន​ទិញ​កញ្ចប់​ទេសចរណ៍​ ​ឱ្យ​ពេញចិត្ត​នឹង​តម្លៃ​ ​និង​អាច​បន្ត​ការ​ស្នាក់នៅ​របស់​ពួកគេ​បាន​។

​លោក​ ​ធួន​ ស៊ីណាន ​បាន​លើកឡើង​ថា​៖ ​ការ​បញ្ចុះ​តម្លៃ​នេះ​ ​ជា​សញ្ញា​វិជ្ជមាន​មួយ​ សម្រាប់​ការ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​..​. ​ទេសចរ​បុគ្គល​ (​Individual​ ​Traveler​) ​ដែល​មិន​មែន​ជា​អ្នក​ដែល​ទិញ​កញ្ចប់​ទេសចរណ៍​ ​ពួកគាត់​អាច​មាន​ការ​ពេញចិត្ត​ចំពោះ​ការ​ចុះ​ថ្លៃ​ ​ឬ​ក៏​បន្ត​ការ​ស្នាក់​នៅ​បន្ថែម​។

​លោក​បាន​បន្ត​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក​បាន​ ​ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​ផែនការ​រយៈពេល​វែង​ ការ​បញ្ចុះ​តម្លៃ​ ​និង​ប្រូម៉ូសិន​គួរ​ត្រូវបាន​ផ្សព្វផ្សាយ​ជាមុន ​ដើម្បីឱ្យ​ភ្ញៀវ​អាច​រៀបចំ​ផែនការ​ធ្វើដំណើរ​បាន​។

​លោក​បាន​បញ្ជាក់​ថា​៖​

«​សម្រាប់​រយៈពេល​យូរ ​យើង​ពុំ​គួរ​មើល​តែ​មួយ​ជ្រុង​ទៅលើ​ការ​បញ្ចុះ​តម្លៃ​ទេ ​យើង​ត្រូវតែ​ប្រឹង​បង្កើត​នូវ​ផលិតផល​ ផ្សព្វផ្សាយ​នូវ​ផលិតផល​ទេសចរណ៍​ឱ្យ​បាន​ទៅដល់​គោលដៅ​ដែល​យើង​ចង់​ធ្វើ​.​..​ ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​ចង់ឱ្យ​យើង​មើល​រយៈពេល​វែង​ប្រសើរ​ជាង​យើង​ធ្វើ​តែ​រយៈពេល​ខ្លី​»​។

​លោក​ ​ធួន​ ស៊ីណាន ​ក៏​បាន​សង្កេតឃើញ​ថា​ ​ភ្ញៀវ​អន្តរជាតិ​ទៅកាន់​សៀមរាប​ក្នុង​រដូវកាល​បៃតង​នៅ​មាន​ចំនួន​តិចតួច ​ខណៈ​សន្ទុះ​ភ្ញៀវ​ក្នុង​ស្រុក​ក៏​មិន​ទាន់​អាច​ប្រៀបធៀប​ជាមួយ​តំបន់​សមុទ្រ ​ឬ​តំបន់​ធម្មជាតិ​ផ្សេង​ទៀត​បាន​។

​លោក​យល់​ថា​ ​មូលហេតុ​មួយ​គឺ​ការ​ផ្សព្វផ្សាយ​សៀមរាប​នៅតែ​ផ្តោត​ខ្លាំង​លើ​ប្រាសាទ​បុរាណ ​ខណៈ​ខេត្ត​នេះ​មាន​ធនធាន​ធម្មជាតិ​ជាច្រើន​នៅ​ជុំវិញ​ទី​រួម​ខេត្ត​ ​ដែល​គួរ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ថែម​។

​លោក​ ​ធួន​ ស៊ីណាន ​បាន​មានប្រសាសន៍​ថា​៖​

«​ការ​ពិត​ ​សៀមរាប​ វា​លើស​អំពី​តំបន់​ប្រាសាទ​។ ​ប៉ុន្តែ​ ​ការ​ផ្សព្វផ្សាយ​របស់​យើង​ ​ផ្សព្វផ្សាយ​តែ​តំបន់​ប្រាសាទ​..​. ​យើង​ត្រូវតែ​ប្រឹង​បង្កើត​នូវ​ផលិតផល​ ផ្សព្វផ្សាយ​នូវ​ផលិតផល​ទេសចរណ៍​..​. ​ជាជាង​ដែល​យើង​មើល​តែ​ទៅ​លើ​ចំណុច​ដែល​រយៈពេល​ខ្លី​ៗ​»។

​លោកជំទាវ​ ​ឆាយ ​ស៊ីវលីន ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ​បាន​ប្រាប់​ ​AMS​ ​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ថា​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​យន្តការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​ ​គឺជា​គំនិត​ល្អ​ និង​អាច​ក្លាយជា​សារផ្សព្វផ្សាយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ​ជាពិសេស​ប្រសិនបើ​ការ​បញ្ចុះ​តម្លៃ​អាច​ឈានដល់​ ​៥០​%​។

​លោកជំទាវ​ ​ឆាយ ​ស៊ីវលីន ​បាន​មានប្រសាសន៍​ថា​៖​

«​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​យន្តការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​ ​នេះ​ ​គឺ​វា​ពិតជា​ល្អ​ហើយ​។ ​កាលណា​មាន​យុទ្ធនាការ​អី​កើតឡើង​ទាក់ទង​ទៅ​នឹង​សេវាកម្ម​ទេសចរណ៍​ ​គឺជា​សារផ្សព្វផ្សាយ​មួយ​ទាក់ទាញ​..​. ​ហើយ​បើ​អាច​ចុះ​រហូត​ទៅដល់​ ​៥០​% ​អ៊ីចឹង​មែន​ វា​ពិតជា​ទាក់ទាញ​ខ្លាំង​»។

​ទោះជា​យ៉ាងណា​ ​លោកជំទាវ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​យុទ្ធនាការ​ត្រូវបាន​ដាក់ឈ្មោះ​ថា​ ​ការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​គួរតែ​មាន​ការ​ចូលរួម​ពី​ភ្នាក់ងារ​ទេសចរណ៍​ ​ដែល​ជា​អ្នករៀបចំ​កញ្ចប់​ទស្សនកិច្ច​ ​ដើម្បី​ធ្វើឱ្យ​ការ​បញ្ចុះ​តម្លៃ​មាន​ភាព​ពេញលេញ​ជាង​មុន​។

​លោកជំទាវ​បាន​ពន្យល់​ថា​ ​ការ​ចូលរួម​របស់​សេវា​ករ​ទាំងអស់​ ​គួរ​រួមមាន​សេវា​ស្នាក់​នៅ​ ​ដឹកជញ្ជូន​ ​ភ្នាក់ងារ​ទេសចរណ៍​ ​និង​អ្នករៀបចំ​កញ្ចប់​ទេសចរណ៍​ ​ដើម្បីឱ្យ​ភ្ញៀវ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​បញ្ចុះ​តម្លៃ​ជា​កញ្ចប់​។

​លោកជំទាវ​ ​ឆាយ ​ស៊ីវលីន ​បាន​គូសបញ្ជាក់​ថា​៖​

«​កាលណា​យើង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​អ្វី​មួយ​ ត្រូវ​ទាញ​ឱ្យ​សេវា​ករ​ទាំងអស់​ជា​កញ្ចប់​ឱ្យ​ចូលរួម​ជាមួយគ្នា​ ​អា​ហ្នឹង​ទើប​វា​មាន​ប្រសិទ្ធភាព​ ​ហើយ​អ្នក​ខាង​សេវាកម្ម​ស្នាក់​នៅ​ក៏​ចុះ​តម្លៃ​ ​សេវាកម្ម​ដឹក​ជញ្ជូន​ក៏​ចុះ​ ​សេវាកម្ម​រៀបចំ​កញ្ចប់​ក៏​ចុះ​ ហ្នឹង​បាន​វា​មើលឃើញ​ថា​ការ​ចូលរួម​ជាមួយគ្នា​ ​ទើប​ការ​ផ្សព្វផ្សាយ​នេះ​វា​បាន​ទៅដល់​អ្នកប្រើប្រាស់​ផ្ទាល់​»​។

​លោកជំទាវ​បាន​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍​កៀរ​គរ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​សេវា​ករ​ទេសចរណ៍​ ​រួមមាន​ភ្នាក់ងារ​ទេសចរណ៍​ ​សេវា​ដឹកជញ្ជូន​ផ្លូវ​គោក​ ​ផ្លូវ​ទឹក​ ​ផ្លូវ​អាកាស​ និង​សេវា​ស្នាក់​នៅ​ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ​និង​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​។

​លោកជំទាវ​បាន​បញ្ជាក់​ថា​៖​

«​និយាយ​រួម​ យុទ្ធនាការ​បញ្ចុះ​តម្លៃ​នេះ​ ​គួរតែ​ក្រសួង​ធ្វើ​ការ​កៀរ​គរ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​សេវា​ករ​ទាំងអស់​..​. ​អ៊ីចឹង​ ​ទើប​អាច​ធ្វើឱ្យ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​នេះ​វា​មាន​ភាព​ទាក់ទាញ​ ​ហើយ​ទទួលបាន​ជោគជ័យ​»៕​

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា