ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រុង Yushu នៃខេត្ត​ឈីងហៃ ប្រទេស​ចិន ជា​ក្រុង​ដែលស្ថិតនៅតំបន់ខ្ពង់រាប​ទីបេ​​នៃប្រទេស​ចិន មានផ្ទៃដីប្រមាណ ២៣ម៉ឺន​គីឡូម៉ែត្រការ៉េ ឬស្មើនឹង​ ១.២៧ដង​ នៃ​ផ្ទៃដីប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុង​មួយនេះ​បែរជាមានចំនួន​ប្រជាជន​រស់នៅតិច​តួច​បំផុត ពោល គឺត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ ។ ដឹងទេថា ​តើ​មូលហេតុអ្វីទើបធ្វើឱ្យ​​ទីក្រុងដែលមានវិសាលភាពធំធេងមួយនេះមានចំនួនមនុស្ស​រស់នៅ​តិចតួចដូច្នេះ ?​

យោងតាម​របាយការណ៍របស់រដ្ឋបាលក្រុង យូស៊ូ ខេត្ត​ឈីង​ហៃ ​ប្រទេស​ចិន បានបង្ហាញឱ្យដឹងថា ក្រុង​​ Yushu ជា​តំបន់​ស្វយ័ត​មួយ​ ស្ថិតនៅប៉ែកខាងជើង​នៃប្រទេសចិន ។​ តំបន់​នេះ​មានផ្ទៃដីធំទូលាយ ប៉ុន្តែពុំ​សូវ​មាន​មនុស្ស​រស់នៅទេ ដោយសារតែជា​តំបន់ខ្ពង់រាប មានរយៈកម្ពស់​ប្រមាណ ៦០០០ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ដូច្នេះ ​តំបន់នេះ ពុំ​សូវ​មានខ្យល់​អុក​ស៊ីសែន​គ្រប់គ្រាន់សម្រាប់ដកដង្ហើមនោះទេ ហើយក៏មិនអំណោយផលលើការ​ប្រកប​មុខរបរចិញ្ចឹមជីវិត​នោះដែរ ។

នៅក្នុង​សៀវភៅ​របាយការណ៍របស់​រដ្ឋបាល​ក្រុង​ Yushu បាន​ឱ្យដឹងថា ប្រជាជន​ក្នុងក្រុ​ង Yushu ភាគច្រើន​ប្រកបរបរ​ចិញ្ចឹមសត្វ និង​ថែទាំបរិស្ថាន ។ អ្នកថែទាំបរិស្ថាន ត្រូវទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបា​ល ដោយរដ្ឋាភិបាល​ផ្ដល់​ថវិកាប្រចាំខែ ប្រចាំ​ឆ្នាំ ​ដល់ពលរដ្ឋណាដែល​ចូលរួម​ថែរក្សា​បរិស្ថាន ដាំដុះដើមឈើ និងអភិរក្ស​សត្វ​ ។ នៅក្នុងតំបន់​នេះទាំង​មូល​មិនមាន​រោងចក្រ ឧស្សាហកម្មអ្វីទាំងអស់​ ។

សម្រាប់​ភ្ញៀវទេសចរ ឬអ្នកចង់ចូលទៅលេង​​ក្រុង​ Yushu ដាច់ខាត​ត្រូវ​តែស្ដាប់​តាមការណែនាំរបស់ម្ចាស់​តំបន់ ​ដោយសារតែវា​ជា​តំបន់ដែល​មានរយៈកម្ពស់​ខ្ពស់ ខ្សត់​ខ្យល់​អុក​ស៊ីសែន អ្នក​ចង់ចូលតំបន់​នោះត្រូវ​ប្រាកដ​ថា​មិនមានបញ្ហា​បេះដូង ឬ​សួត បើពុំ​នោះទេ វាអាច​ប្រឈម​នឹង​បញ្ហាសុខភាពភ្លាម! ។ ដោយឡែក មនុស្ស​ធម្ម​​តាដែល​ចូលទៅតំបន់​នោះ ក៏មិនត្រូវ​ធ្វើ​សកម្មភាពណាដែល​ញាប់​ៗរហ័ស​ ដូចជា​រត់ ហែល​ទឹក ឬឡើង​ជណ្ដើរ​លឿនៗ ជាដើម ។ ការទទួល​ទានគ្រឿង​ស្រវឹង ក៏ត្រូវ​បានដាក់កម្រិត​សម្រាប់​អ្នកចំណូលថ្មី​ ព្រោះវា​អាច​ធ្វើឱ្យបេះដូង​លោតញាប់ អាច​មានហានិភ័យភ្លាមៗ ។

គួរ​បញ្ជាក់​ថា ក្រុង​Yushu នៃខេត្ត​ឈីង​ហៃ ប្រទេស​ចិន​ ក៏​ជា​តំបន់​នៃប្រភពទឹក​ទន្លេមគង្គ​ផងដែរ ។ ប្រភពទឹក​ទន្លេមេគង្គ​ គឺហូរចេញទន្លេចំនួន​៣ នៅក្នុងតំបន់នេះ គឺទន្លេធុងទៀន ទន្លេ​យ៉ាំង​សៀ និងទន្លេ​លឿង ហើយវា​ហូរទៅកាន់​ទន្លេឡានឆាងមេគង្គ​ និង​បន្ត​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ កម្ពុជា ហើយចុង​ក្រោយទៅកាន់សមុទ្រ​នៃប្រទេស​វៀតណាម ។ ទន្លេមួយនេះ​បានចិញ្ចឹមពលរដ្ឋ​រាប់សិប​លាន​នាក់​ ខណៈកម្ពុជាក៏មានពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់បានទទួលប្រយោជន៍ពីទន្លេ​មេគង្គ ដូចជា ​ការ​ធ្វើ​កសិកម្ម  ប្រព័ន្ធដឹកជញ្ជូន និង​ផ្ដល់​ផលត្រីជាច្រើន​ប្រភេទ ។

សូមបញ្ជាក់ថា ដោយហេតុថា ទន្លេមេគង្គ​បានផ្ដល់​ផលប្រយោជន៍យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ រដ្ឋាភិបាលនៃប្រទេស​ចិន បានបង្កើតនូវ​កម្ម​វិធីកិច្ច​សន្ទនា​នៃ​កិច្ច​សហប្រតិបត្តិការមេគង្គ​-ឡាន​ឆាងជារៀងរាល់ឆ្នាំ និ​ងបានអញ្ជើញ​តំណា​ងប្រទេស​តាមបណ្ដោយទន្លេមេគង្គ​ជជែក​វែក​ញែកពីទុក្ខ​កង្វល់​របស់ខ្លួន​ ។

ក្នុងឆ្នាំ២០២៦នេះ ប្រទេស​ចិន​ក៏បានអញ្ជើញ​ភាគីកម្ពុជា​ចូលរួមក្នុងកិច្ច​សន្ទនា​នេះ ដោយមានការ​ចូលរួមពីតំណាង​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ ក្រសួងបរិស្ថាន និ​ងរដ្ឋបាលខេត្ត​ចំនួនពីរ គឺខេត្តកែប និង​ខេត្តតាកែវ ដែលជាខេត្ត​ជាប់គម្រោងព្រែកជីកហ្វូណ​នតេជោ ។ នៅក្នុងឱកាស​នោះ អភិបាលខេត្តទាំងពីរ​ បាន​ឡើងថ្លែង​ពីការ​ប្ដេជ្ញា​ក្នុងការ​រក្សា​ និង​បង្កើនទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន និង​បានស្នើឱ្យវិនិយោគិន​ចិនមកសិក្សា​ស្វែងយល់​ពីសក្ដានុពល​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជាបន្ថែមទៀតផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា