គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

Advertisement

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជារដូវកាលដ៏ពិសេសសម្រាប់ភ្ញៀវទេសចរក្នុងការទទួលយកបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីសម្រស់ធម្មជាតិ និងវប្បធម៌កម្ពុជាពីទស្សនវិស័យថ្មី ដោយមានកញ្ចប់ផ្សព្វផ្សាយពិសេសស្របតាមយុទ្ធនាការ ៦ គួរ រួមមាន៖ គួរចង់ឃើញ , គួរស្នាក់នៅ, គួរភ្លក្ស , គួរទស្សនា, គួរសាកល្បង , គួរទិញ។

លោកជំទាវ ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ AMS Economy ថា៖ «ដើម្បីអនុវត្តគម្រោង​លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននេះឱ្យបានជោគជ័យ គឺឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើកិច្ចការងារនេះតាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តនេះប្រកបដោយគុណភាព ប្រសិទ្ធភាព។ ពោល គឺដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនឡើងតាមរយៈការអនុវត្តគម្រោងសាកល្បងនេះ។

លោកជំទាវបានបន្តថា៖

«ទាំងសេវាកម្ម ទាំងសម្បទាទេសចរណ៍ រួមទាំងការធ្វើដំណើរនៅតាមច្រកទ្វារអន្តរជាតិផងដែរ គឺកម្ពុជាបានត្រៀមរួចរាល់នៅក្នុងការរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរចិនដែលមកពីគោលដៅណាក៏បានដែរ សំខាន់គឺឱ្យតែគាត់កាន់លិខិតឆ្លងដែនប្រភេទ PRC គឺកម្ពុជារង់ចាំស្វាគមន៍ដោយភាពកក់ក្តៅបំផុត»។

លោកជំទាវបន្ថែមថា គម្រោងសាកល្បងនេះ នឹងទទួលបានជោគជ័យក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការផ្សព្វផ្សាយដោយផ្ទាល់ផងដែរនៅឯប្រទេសចិនតាមរយៈព្រឹត្តិការណ៍ទេសចរណ៍ ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ក៏បានសហការជាមួយស្ថានទូតចិននៅក្នុងការផ្សព្វផ្សាយពីគម្រោងសាកល្បងនេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋចិនបានជ្រាប

សូមជម្រាបថា​ ជាមួយនិងការខិតខំប្រឹងប្រែងនៅក្នុងគម្រោងនេះ ក្រសួងទេសចរណ៍សង្ឃឹមថា ការអនុវត្តវិធីសាស្ត្រនេះនឹងទទួលបានជោគជ័យ ប៉ុន្តែជោគជ័យកម្រិតណា ឬក៏ទទួលបានភ្ញៀវទេសចរចិននៅក្នុងចំនួនណានោះ នៅមិនទាន់អាចសន្មត់បាននោះទេ ដោយសារតែបច្ចុប្បន្ននេះ ពិភពលោកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ប្រឈមនឹងកត្តាវិបត្តិសេដ្ឋកិច្ច កត្តាការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ក៏ដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ាផងដែរ ដែលទាំងនេះជា អាចជាឧបសគ្គ ឬក៏ជាបញ្ហាប្រឈមខាងក្រៅ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA)ប្រចាំកម្ពុជា បានប្រាប់ ASM Economy ថា ៖ ការធ្វើ​យុទ្ធនាការ​លើកលែងទិដ្ឋាការសម្រាប់ទេសចរចិន វា​មិនមែន​គ្រាន់តែ​ជាគោលនយោបាយនោះទេ ប៉ុន្តែជាការផ្សព្វផ្សាយ និងត្រូវការការចូលរួមទើបវាទទួលបានផលជោគជ័យ។

លោកបញ្ជាក់ថា ៖

«តែ​កាលណា​បើ​យើង​គ្រាន់តែ​មាន​គោលនយោបាយ យើងខ្វះការផ្សព្វផ្សាយ ឬក៏យើងផ្សព្វផ្សាយវាមិនបានដល់ ទោះមានគោលនយោបាយដ៏ល្អយ៉ាងណា ក៏វានឹងមិនបានផ្តល់ផលទៅតាមការចង់បានរបស់យើងដែរ ជាពិសេសនៅក្នុងសម័យកាលដែលមានការប្រកួតប្រជែង»។

លោកថា សម័យកាលនេះ វាស្ថិតនៅក្នុងសម័យកាលដែលពិភពលោកមិនមានភាពច្បាស់លាស់។ ការដែលពិភពលោកមិនមានភាពច្បាស់លាស់ ការធ្វើទីផ្សារទេសចរណ៍មានតម្រូវការខ្ពស់ណាស់ ហើយវាក៏ត្រូវការការប្រកួតប្រជែងខ្ពស់ដេរ។ ដូច្នេះ បើត្រូវការការប្រកួតប្រជែងខ្ពស់ និងចង់បានផលចេញពីគោលនយោបាយ ទាល់តែខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លា។

លោក ហ៊ុយ ឈិន ជាប្រតិបត្តិករទេសចរណ៍ បានលើកឡើងថា ៖ ការលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន លោកគិតថាជាវិធីសាស្ត្រល្អ។ នេះជាការផ្សព្វផ្សាយឱ្យជនជាតិចិនបានដឹង ហើយលោករំពឹងថា ទេសចរចិននឹងមកទស្សនាកម្ពុជាបន្ថែមទៀត។

សូមបញ្ចាក់ថា នៅក្នុងកម្មវិធី Cambodia Travel Match 2026 Mini-Series ដើម្បីជំរុញការផ្សព្វផ្សាយ និងជំរុញទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កាលពីថ្ងៃទី២៧ ខែឧសភា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងថា ៖ តាមរយៈយុទ្ធនាការរយៈពេល ៤ខែនេះ កម្ពុជា រំពឹងទុកថាអាចទាក់ទាញភ្ញៀវទេសចរចិនបន្ថែមឱ្យបានចំនួនយ៉ាងហោចណាស់ ៥០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលភ្ញៀវទេសចរ ។

ឯកឧត្តម បានបញ្ជាក់ថា ៖

«នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទេស​ចរ​ណ៍ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា»។

យ៉ាងណាក៏ដោយ បើទោះជាមានភាពមិនច្បាស់លាស់នៅលើស្ថានការណ៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល រួមទាំងតំបន់ក្នុងឆ្នាំ២០២៥ ក៏ដោយ កម្ពុជានៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ដែលបង្ហាញពីកំណើនប្រកបដោយគុណភាពនៃវិស័យទេសចរណ៍កម្ពុជា។ ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានជាង ៣៣០ ០០០ នាក់ ឈរនៅលំដាប់ទី១ បន្ទាប់មកភ្ញៀវទេសចរវៀតណាម ប្រមាណ ៣១២ ០០០ នាក់ ឈរនៅលំដាប់ទី២ និងភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង ១០ ០០០ នាក់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា