យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។

កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា កម្មវិធីទូរសព្ទដៃដែលក្រុមរបស់កញ្ញាបានបង្កើតឡើងដើម្បីយកមកប្រកួតប្រជែងនោះគឺជាកម្មវិធីទូរសព្ទដែលផ្ដោតលើការទទួលទានអាហារដែលមានសុខភាព ។

កញ្ញានិយាយថា ៖ « ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ម្ហូបអាហារនៅលើទីផ្សារមានច្រើនសំបូរបែប ក្នុងនោះអាហារខ្លះបានផ្ដល់ថាមពល និងជួយដល់សុខភាព ហើយអាហារខ្លះទៀតបើទទួលទានច្រើននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ។ ការបង្កើត App នេះឡើងនឹងជួយអ្នកប្រើប្រាស់អាចដឹងពីសារធាតុនៅក្នុងអាហារនោះ ដូចជា មានជាតិស្ករប៉ុន្មាន មានកាឡូរីប៉ុន្មាន » ។

កញ្ញាបន្តថា កម្មវិធីទូរសព្ទដៃនេះ នឹងជួយអ្នកបរិភោគអាចស្កែនលើម្ហូបអាហារនោះដឹងពីបរិមាណជាតិស្ករ កាឡូរី និងសារធាតុផ្សេងៗដែលអ្នកបរិភោគចង់ ប៉ុន្តែកម្មវិធីនេះ នឹងមិនផ្ដល់ទិន្នន័យជាក់លាក់ដូចម៉ាស៊ីនពិសោធន៍នោះទេ គ្រាន់តែជាការផ្ដល់ទិន្នន័យប្រហាក់ប្រហែលតាមការប៉ាន់ស្មានទៅតាមកម្មវិធី AI ប៉ុណ្ណោះ ។

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងបង្កើត Mobile App បានទាក់ទាញនិស្សិតចុះឈ្មោះចូលរួមប្រកួតសរុបចំនួន ១៦ក្រុម ស្មើនឹង ៨៦នាក់ ។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃ គណៈកម្មការវាយតម្លៃបានជ្រើសរើសយក១៤ក្រុម សម្រាប់ការវាយតម្លៃបន្ត ហើយរហូតដល់វគ្គចុងក្រោយ ក៏រកឃើញក្រុមជ័យលាភីឆ្នើមចំនួន៦ក្រុមដែលមានស្នាដៃលេចធ្លោជាងគេក្នុងការបង្កើត Mobile App ប្រកបដោយភាពច្នៃប្រឌិត និងការឆ្លើយតប ទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ។ សម្រាប់ជ័យលាភីដែលត្រូវបានប្រកាសនឹងទទួលបានរង្វាន់ពិសេសរហូតដល់ ៣ ក្នុងនោះមានរង្វាន់ជាសាច់ប្រាក់ រង្វាន់ជាឱកាសសម្រាប់បេក្ខជនជ័យលាភីអាចចូលបម្រើការក្នុងធនាគារអេស៊ីលីដា ហើយរង្វាន់ពិសេសនោះ គឺកម្មវិធីទូរសព្ទដែលឆ្នើមជាងគេ នឹងត្រូវយកទៅដាក់នៅក្នុង App របស់ធនាគារអេស៊ីលីដា គឺអេស៊ីលីដាម៉ូបាលស៊ូភើអេប ។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិការនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា គឺជាបុត្រសម្ព័ន្ធមួយរបស់ធនាគារអេស៊ីលីដាភីអិលស៊ី ដែលជាធនាគារខ្មែរ អភិវឌ្ឍន៍ដោយកូនខ្មែរ និងតែងតែអភិវឌ្ឍទៅមុខជាលំដាប់ ។ ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា មិនមែនសម្រាប់បម្រើតែគ្រឹះស្ថានធនាគារអេស៊ីលីដាមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បម្រើឱ្យវិស័យធនាគារទាំងអស់នៅកម្ពុជា ។
ក្រៅពីវិស័យធនាគារ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រក៏បានបន្ថែមលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់នឹងបរិបទសង្គមកម្ពុជា និងពិភពលោក ជាក់ស្ដែងកម្មវិធី ប្រកួតប្រជែងបង្កើត Mobile App នៅពេលនេះ បានបង្ហាញពីការឈានទៅមុខមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា ដើម្បីឱ្យនិស្សិតកម្ពុជាត្រៀមខ្លួនចូលប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ ។

សូមបញ្ជាក់ថាកម្មវិធីប្រកួតប្រជែងបង្កើត Mobile App ធ្វើឡើង ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអប់រំ និងបណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យាឌីជីថលឆ្លាតវ័យ (Intelligent Technology) ជូនដល់យុវជនកម្ពុជា ដែលជាសិស្សនិស្សិតរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និងមានការគាំទ្រពីក្រុមហ៊ុនមេ គឺធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងទាំងផ្នែកថវិកា បច្ចេកវិទ្យា ឧបករណ៍សម្ភារ និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ក្នុងការដឹកនាំ និងឧបត្ថម្ភដល់ការប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឌីជីថល ឱ្យទៅជាផលិតផលបច្ចេកវិទ្យាពិតប្រាកដ ជាផ្លូវការ និងប្រកបដោយជោគជ័យ ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា