ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារអភិវឌ្ឍន៍​ ចេញផ្សាយថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌ របស់​ធនាគារអភិវឌ្ឍន៍​អាស៊ី​បាន​បង្ហាញសេណារីយោ​ថា ក្នុង​ករណី ស្ថានភាព​នៅតំបន់​មជ្ឈិម​បូព៌ា​ធូរស្រាលឆាប់រហ័ស​ កំណើន​ត្រូវ​បានគាំទ្រ​ដោយ​ដំណើរការ​វិស័យ​កម្មន្ត​សាល ដែលមានភាពធន់​។ កំណើន​ត្រូវ​បានព្យាករ​នឹ​ងកើនឡើង​ថែមទៀត​ដល់​ ៥,០ ភាគរយ នៅឆ្នាំ ២០២៧ បើសិនស្ថានភាព​នៅក្រៅប្រទេស​មានភាពល្អប្រសើរឡើង ហើយកំណែទម្រង់​ក្នុង​ស្រុក​បន្ត​លើកកម្ពស់​ផលិតភាពសេដ្ឋកិច្ច។

នាយិកាប្រចាំប្រទេស​កម្ពុជា​របស់​ធនាគារ អភិវឌ្ឍន៍​អាស៊ី លោកស្រី Yasmin Siddiqi បានមានប្រសាសន៍ថា​៖

“កម្ពុជា​បន្ត​បង្ហាញភាពធន់​នឹង​សម្ពាធពីខាងក្រៅ។​ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។”

បើតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣ ភាគរយ​ ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។

កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន ០,៩ ភាគរយ​ ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និងធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មកក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។

របាយការណ៍ បានបង្ហាញថា កំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤ ភាគរយ​ ក្នុងឆ្នាំ ២០២៥ មកនៅត្រឹម ២,៣ ភាគរយ ក្នុងឆ្នាំ ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរ ដែលបានអនុម័តកើនឡើង ៤៥ ភាគរយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។

អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៨ ភាគរយ ជាមធ្យមនៅឆ្នាំ ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍ ។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។

ការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។ គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈមក្នុងការស្វែងរកកម្មករដែលមានសមត្ថភាព។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា