ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ភ្នំពេញ​៖​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ក្រោម​ «​កម្មវិធី​អន្តរាគមន៍​បន្ទាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​» ​(​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​Program​ ​-​ ​RISE​) ​ដើម្បី​គាំទ្រ​កិច្ចខិតខំ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ពហុ​វិបត្តិ ​និង​ពង្រឹង​ភាព​ធន់​សេដ្ឋកិច្ច​។

Advertisement

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ ​ADB​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​លោកស្រី​ ​យ៉ាស​មីន ​ស៊ីឌី​ភី ​នាយិកា​ស្ថាន​តំណាង​ ​ADB​ ​ប្រចាំ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​ ​RISE​ ​ក្រោម​ក្របខណ្ឌ​ ​Countercyclical​ ​Support​ ​Facility​ ​(​CSF​)​។​

កម្មវិធី​ ​RISE​ ​មាន​គោលបំណង​គាំទ្រ​ការ​អនុវត្ត​ ​«​កម្មវិធី​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ​ ​ឆ្លើយតប​នឹង​សភាពការណ៍​ពហុ​វិបត្តិ​» ​របស់​រាជ​រដ្ឋាភិបាល​ ​ដោយ​ផ្តោត​លើ​ការ​បង្កើត​មុខរបរ​ និង​ការងារ​ ការ​ធានា​លំនឹង​ជីវភាព​ប្រជាជន​ និង​ការ​ពង្រឹង​ភាព​ធន់​នៃ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ ​ចំ​ពេល​ស្ថានភាព​សកល ​និង​តំបន់​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​។

​កម្មវិធី​នេះ​ផ្តោត​លើ​សមិទ្ធផល​គន្លឹះ​ចំនួន​បី​ ​រួមមាន​ ​ការ​កាត់បន្ថយ​ផលប៉ះពាល់​ជា​បណ្តោះអាសន្ន​ពី​ការ​ប្រែប្រួល​ខ្លាំង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​សេដ្ឋកិច្ច​ ​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំ​គោលដៅ​ ​និង​ការ​គាំទ្រ​សកម្មភាព​កសិកម្ម​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ ​និង​ការ​ពន្លឿន​អន្តរកាល​បៃតង ​ដើម្បី​ពង្រឹង​ភាព​ធន់​ ​និង​សមត្ថភាព​ឆ្លើយតប​ចំពោះ​វិបត្តិ​ថាមពល​នា​ពេល​អនាគត​។​

ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ចាត់ទុក​ការ​ទទួលបាន​ហិរញ្ញប្បទាន​ក្រោម​យន្តការ​ ​CSF​ ​ថា​ ​មិន​ត្រឹមតែ​ជា​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ដំណោះស្រាយ​ទាន់​ពេលវេលា​ ​ដើម្បី​ជួយ​កម្ពុជា​ឆ្លងកាត់​កាលៈទេសៈ​ដ៏​លំបាក​ និង​រក្សា​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

​កម្ពុជា​គឺជា​ប្រទេស​សមាជិក​ទី​១​ ​ដែល​ទទួលបាន​ការ​គាំទ្រ​ពី​ ​ADB​ ​ក្រោម​កម្មវិធី​ ​RISE​ ​ដែល​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​ ​ADB​ ​អនុម័ត​នៅ​ថ្ងៃទី​៣០​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​នៅ​ថ្ងៃទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​ឯកឧត្តម ​អូន​ ព័ន្ធ​មុនីរ័ត្ន ​បាន​មានប្រសាសន៍​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ ការ​គាំទ្រ​ ​និង​ការ​ជឿទុកចិត្ត​ខ្ពស់​របស់​ ​ADB​ ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ​កម្មវិធី​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ ​ADB​ ​និង​តួនាទី​របស់​ធនាគារ​ក្នុង​ការ​កៀរគរ​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​កម្ពុជា​ ​ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​ត្រូវការ​ការ​គាំទ្រ​ជាក់ស្តែង​ និង​បន្ទាន់​ ​ដូចជា​អំឡុង​វិបត្តិ​ទឹក​ជំនន់​ឆ្នាំ​២០០០​-​២០០១​ ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨​ ​និង​វិបត្តិ​កូវីដ​-​១៩​។

​លោក​ ​Nianshan​ ​Zhang​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ចំពោះ​ភាព​ជា​ម្ចាស់​ ​និង​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ ​និង​លំនឹង​ជីវភាព​ប្រជាជន​ ក្នុង​បរិបទ​ដ៏​លំបាក​នា​ពេល​បច្ចុប្បន្ន​។​

​ADB​ ​ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ដើម្បី​ពង្រឹង​ភាព​ធន់​ ​និង​សមត្ថភាព​ឆ្លើយតប​របស់​កម្ពុជា​ចំពោះ​វិបត្តិ​ថាមពល​នា​ពេល​អនាគត​ ​និង​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម ​អូន​ ព័ន្ធ​មុនីរ័ត្ន ​បាន​ស្នើ​ឱ្យ​ ​ADB​ ​បន្ត​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដែល​មាន​ភាព​បត់បែន​ខ្ពស់​ដល់​កម្ពុជា​ ​ក្នុង​ដំណាក់កាល​អន្តរកាល​បន្ទាប់ពី​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (​LDC​ ​Graduation​) ​ដើម្បី​គាំទ្រ​ការ​វិនិយោគ​ក្នុង​វិស័យ​អាទិភាព​ និង​រក្សា​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា