​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB បានអនុម័ត​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន ៧២លានដុល្លារ​ ដើម្បីជួយប្រទេសកម្ពុជា​ពង្រឹង​ការ​ធ្វើ​កសិក​ម្មនៅតាមជន​បទ និ​ងបង្កើន​ការ​​ចូលរួម​របស់ស្ត្រីក្នុ​ងវិស័យកសិកម្ម​ ព្រមទាំងបង្កើន​ភាពធន់របស់កសិករ​ខ្នាតតូចប្រមាណ ២០ម៉ឺននាក់​ ក្នុងចំណោមអ្នកដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារ ADB នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ។​

យោងតាម​សេចក្ដី​ប្រកាសព័ត៌​មាន​ដដែល​នេះឱ្យដឹងថា កញ្ចប់​ហិរញ្ញប្បទាន​​ដែលមានទំហំ ៧២លានដុល្លារ​នេះ រួមមាន​ឥណទាន​សម្បទាន​​ចំនួន ៥៧​លានដុល្លារ និ​ង​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន ១៥លានដុល្លារអាម៉េរិក ​ពី​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី ដែលគាំទ្រ​ដល់ប្រទេស​ដែល​ត្រូវកា​រជំនួយ​បំផុត ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេលបច្ចុប្បន្ន​​ ហើយ​កសាង​មូលដ្ឋាន​គ្រឹះសម្រាប់កំណើន​យូរអង្វែង ។ ហិរញ្ញប្បទាន​របស់ ADB ត្រូវ​បានបំ​ពេញបន្ថែម​ដោយ​សហហិរញ្ញប្ប​ទានចំនួន ២៣ លានដុល្លារ ពីមូលនិធិ​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​អាស៊ាន ហិរញ្ញប្បទា​ន​ឥតសំណងចំនួន ១០ លានដុល្លារ ពី​មូលនិធិ​អាកាសធាតុ​បៃតង ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣ លានដុល្លារ ពីមូល​និធិ​ជប៉ុន​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក​ប្រកប​ដោយភាពរុងរឿង និង​ភាពធន់ ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន​ ៤,៣ លានដុល្លារ ពី​រាជ​រដ្ឋាភិ​បាលកម្ពុជា ។

លោកស្រី Yasmin Siddiqi នាយិកា​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំប្រទេស​កម្ពុជា បានមាន​​ប្រសាសន៍ថា ការ​​វិនិយោគ​លើកសិករខ្នាត​តូច ជាពិសេស​ស្ត្រី​​ គឺ​ជា​ការ​​ចាំបាច់​​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជន​បទ និង​​គាំ​ទ្រ​​សហគមន៍​ក្រី​ក្រដែល​​ងាយ​​រង​​គ្រោះបំផុត​ដោយសារ​​អាកាស​ធាតុ​អាក្រក់​ ។ តាមរយៈ​ការ​​ជួយ​​ស្ត្រីឱ្យ​ដឹក​​នាំ​​ និង​​ចូលរួមក្នុងការ​​សម្រេច​​ចិត្ត​​ និង​​ក្នុង​កម្ម​វិធី​អភិវឌ្ឍន៍​​គម្រោងនេះ នឹង​ពង្រីក​ខ្សែ​ច្រវាក់​​តម្លៃ​កសិកម្មប្រកប​ដោយ​​បរិយាបន្ន និង​​ពង្រឹង​​ប្រព័ន្ធ​ស្បៀង​អាហារ ព្រមទាំង​ជំរុញអាជីវកម្ម​ដែល​ដឹកនាំដោយស្ត្រី និងគាំទ្រ​គ្រួសារ​ឱ្យកសាង​អនាគតប្រកបដោយ​សុខភាពល្អ សុវត្ថិភាព​និងភាពធន់ ។

បើតាម​ធនាគារអភិវឌ្ឍន៍​អាស៊ីឱ្យដឹងថា គម្រោងអភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​ខ្នាតតូចដែលធន់​នឹងអាកាសធាតុនេះ នឹង​ធ្វើ​ឱ្យប្រសើរឡើង​នូវ​​ហេដ្ឋា​រចនា​សម្ព័ន្ធ និ​ងសេវាក​ម្ម​​កសិកម្មក្នុង​ឃុំ​​ចំនួន ​១៨៦ នៅខេត្ត​ចំនួន៧ ដែល​ងាយរងគ្រោះ​ធ្ងន់ធ្ង​រដោយសារ​គ្រោះធម្មជាតិ ។ គម្រោ​ងនេះ នឹង​ធ្វើទំនើប​កម្ម ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​បម្រើ​​ឱ្យ​ផ្ទៃដី​កសិកម្ម​ចំនួន ៧ ០០០ហិកតា​បន្ថែមទៀត និង​ស្ដារ​ឡើងវិញនូវផ្លូវ​ប្រវែង ១៩០គីឡូម៉ែត្រ​ ដើម្បី​តភ្ជាប់​​កសិករ​​ទៅនឹងទីផ្សារ​ការងារ និងឱកាស​ ជាពិសេស​សម្រាប់​ស្ត្រី និង​ប្រជាពលរ​ដ្ឋ​​ដែលមិ​នទា​ន់​​ទទួ​​​ល​បា​នសេវា​គាំទ្រ​ពេញលេញ ។​

គម្រោងនេះដែរ នឹ​ងផ្ដល់ឱ្យកសិករ នូវ​ការគាំទ្រផ្នែក​បច្ចេកទេស និង​ការ​​បណ្ដុះ​បណ្ដាល​​ដើម្បី​បង្កើន​ជំនាញ និង​ផ្ដល់​ល​ទ្ធភាព​ដល់​ពួកគាត់​​ក្នុង​ការ​អនុវត្ត​​វិធីសាស្ត្រ​​ប្រកប​ដោយ​​ភាពធន់ ក្នុងការ​ដាំដុះដំណាំ ការធ្វើ​សាកវប្បកម្ម​ ការ​ចិញ្ចឹម​បសុ​បក្សី និងសត្វ​ល្អិត និងការ​ធ្វើ​វារី​វប្បកម្ម ។ គម្រោងនេះ នឹង​ផ្ដល់​ជំនួយ​ឥតសំណង ដើម្បីជួយកសិករ​កាត់បន្ថយការពឹង​ផ្អែកលើ​ប្រេង​ឥន្ធនៈ និងជីដែល​នាំចូល និង​បង្កើនភាពធន់​របស់​ពួកគាត់​ទៅនឹង​គ្រោះមហន្តរាយ​​ក្នុងសហគមន៍​ លើ​កកម្ពស់​របបអាហារ​ដែល​ផ្ដល់​នូវសុខភាពល្អ និងគ្រប់គ្រង​គ្រោះធម្មជាតិ ក៏ដូចជា​ហានិភ័យ​​គ្រោះមហន្តរាយ ។

បើតាម​ប្រសាសន៍ឯកឧត្តម ​ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងវេទិកា និងពិព័រណ៍​កសិកម្ម​​ឆ្នាំ២០២៦​ (CAFE26) កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅនេះ​ឱ្យ​ដឹងថា របរ​កសិកម្ម​​នៅ​ក្នុង​ប្រទេស​ក​ម្ពុជា បច្ចុប្បន្ន​នេះ មិនមែនជា​របរ​បែ​បប្រពៃណីដូច​មុនទៀតនោះទេ តែ​វាបានក្លាយ​ជា​មុខរបរ​ដែលធ្វើ​នវានុវត្តន៍​ ការ​ធ្វើកសិកម្មបែប​ទំនើប ដោយកសិករ​តាមបណ្ដាខេត្ត​បានចង​ក្រងជាសហគមន៍​ហើយរកទី​ផ្សារ​ស​ម្រា​ប់​​ផលិតផល​កសិកម្ម​​​សម្រាប់​ផ្គត់​ផ្គង់​យូរអង្វែង ។

គួរ​បញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីកសិករ​ នៅក្នុងវិស័យកសិកម្មកម្ពុជា​ក៏ចាប់​ផ្ដើម​មានការ​វិនិយោ​គ​​​ធំៗពីវិនិយោគិនក្នុង​និងក្រៅប្រទេស ដោយ​មើលឃើញថា​ដំណាំ​យុទ្ធសាស្ត្រ និង​មានសក្ដានុពល​មួយ​ចំ​នួន​របស់​កម្ពុជា​ ត្រូវបាន​ដាំដុះ កែច្នៃ និង​នាំចេ​ញទៅកា​ន់ទីផ្សារ​​អន្តរជាតិ ដែលជាការរួ​មចំណែ​កដល់ការ​នាំចេញរបស់កម្ពុជា​មួ​យចំ​ណែកធំផងដែរ ។​ ជាក់ស្ដែ​ងតា​មរ​បាយកា​រណ៍របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅ​ការ​នាំចេញកសិផល​ជារុក្ខជាតិ​មានទំហំរហូតដល់១៥លានតោន​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា