ការស្រាវជ្រាវរបស់ ADB បង្ហាញថា ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងអតិផរណា នៅអាស៊ី និងប៉ាស៊ីហ្វិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការស្រាវជ្រាវរបស់ ADB បង្ហាញថា ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងអតិផរណា នៅអាស៊ី និងប៉ាស៊ីហ្វិក

ការស្រាវជ្រាវរបស់ ADB បង្ហាញថា ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងអតិផរណា នៅអាស៊ី និងប៉ាស៊ីហ្វិក

ជម្លោះនៅមជ្ឈិមបូព៌ាអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

Advertisement

ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសក៏អាចរងផលប៉ះពាល់ផងដែរ។

របាយការណ៍ស្រាវជ្រាវសង្ខេបរបស់ ADB នេះរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើននិងអតិផរណា។

សេណារីយ៉ូជម្លោះនៅមជ្ឈិមបូព៌ា៖

សេណារីយ៉ូ ទី១​(ការរំខានបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦)

• ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦ • ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២ • ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ • ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។

សេណារីយ៉ូ ទី២ (ការរំខានអូសបន្លាយហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦)

• ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ • ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១ សមាមាត្រទៅនឹងការកើនឡើងនៃថ្លៃប្រេង • ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ • ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។

សេណារីយ៉ូ ទី៣ (ការរំខានធ្ងន់ធ្ងរបន្តកើតឡើងរហូតដល់ចុង ខែកុម្ភៈ ឆ្នាំ២០២៧)

• ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និងត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ • ថ្លៃឧស្ម័នកើនឡើងខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន • ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ • ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។

ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើនឡើងខ្លាំងក្នុងប្រទេសនៅតំបន់អាស៊ីខាងត្បូង។ សេណារីយ៉ូទាំងនេះ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យនឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និង ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុជាសកល។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង។»

របាយការណ៍ស្រាវជ្រាវសង្ខេបនេះបង្ហាញពីការឆ្លើយតបគោលនយោបាយសំខាន់ៗចំនួនបួន៖

• គោលនយោបាយគួរតែផ្តោតលើ ការរក្សាស្ថិរភាពជាជាងការលាក់បាំងកម្រិតថ្លៃជាក់ស្តែង។ ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្តដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ ការគ្រប់គ្រងថ្លៃ ឬការឧបត្ថម្ភធនច្រើន អាចជាប្រាក់លើកទឹកចិត្តខុសគោលដៅ ការពន្យារពេលការកែតម្រូវ និងការប្រើប្រាស់ធនធានមិនត្រឹមត្រូវ។

• ការគាំទ្រសារពើពន្ធដែលចាំបាច់គួរតែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ វិធានការដែលមានគោលដៅត្រឹមត្រូវអាចទប់ទល់នឹងផលប៉ះពាល់សង្គមដែលបណ្តាលមកពីការកើនឡើងនៃថ្លៃ ហើយទប់ស្កាត់ចំណាយសារពើពន្ធ និងកំណត់ប្រាក់លើកទឹកចិត្តដើម្បីឆ្លើយតបនឹងវិបត្តដែលកើតឡើង។

• ធនាគារកណ្តាលគួរតែផ្តោត លើការកំណត់ការប្រែប្រួលទីផ្សារហួសហេតុ ហើយតាមដានមើលនិន្នាការអតិផរណា។ អាទិភាពគួរតែផ្តល់ដល់សន្ទនីយភាពគោលដៅ ដើម្បីរក្សាដំណើរការទីផ្សារប្រកបដោយសណ្តាប់ធ្នាប់។ ការរឹតបន្តឹងគោលនយោបាយខ្លាំងពេក ប្រថុយប្រថាននឹងឧបសគ្គកាន់តែធំសម្រាប់កំណើន និងធ្វើឱ្យភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លះអាចល្អ ហើយការផ្តល់បច្ចុប្បន្នភាពច្បាស់លាស់ពីធនាគារកណ្តាលមានសារៈសំខាន់ណាស់ ដើម្បីរក្សាការព្យាករអតិផរណាឱ្យមានស្ថិរភាព។

• រដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា។ ការលើកទឹកចិត្តការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងថ្ងៃដែលគ្មានរថយន្តនៅក្នុងតំបន់ទីក្រុងនៅថ្ងៃឈប់សម្រាកសាធារណៈ ក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផងដែរ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា