ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ 

ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងប្រាប់ AMS នារសៀលថ្ងៃទី២០ ខែតុលាននេះ លោកឧកញ៉ា ឡាយ ឈុនហួ ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ទីផ្សារធំជាងគេសម្រាប់កម្ពុជានៅពេលនេះគឺអឺរ៉ុប ដែលកម្ពុជាអាចនាំចេញអង្ករប្រហែលជា ៣០ ម៉ឺន ទៅ ៣៤ ម៉ឺនតោន ក្នុងមួយឆ្នាំណា។ ចិនគឺជាទីផ្សារធំបន្ទាប់ទី២ ដែលទទួលទិញអង្ករពីកម្ពុជា ពី២០ ទៅ ២៣ ម៉ឺនតោនដែរ ក្នុងមួយឆ្នាំ។ ចំណែកឯ ទីផ្សារថ្មីមួយដែលទើបតែទទួលបាននោះគឺទីផ្សារហ្វីលីពីន ដែលកម្ពុជារំពឹងថានឹងអាចនាំចេញអង្ករពី២០ ម៉ឺន ឬក៏ ២០ ម៉ឺនជាងដែរ។​​ 

តាមការបញ្ជាក់របស់លោកឧកញ៉ា សមិទ្ធផលជាផ្លែផ្កាទាំងអស់នេះបានមកពីកត្តាជាច្រើន ហើយកត្តាសំខាន់ជាងគេគឺការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយនាំចេញអង្ករ ១លានតោន ដែលត្រូវបានជំរុញយ៉ាងខ្លាំងចាប់តាំងពីអាណត្តិសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់នាយករដ្ឋមន្ត្រីថ្មី។ 

ជាមួយគ្នានេះដែរ ការគាំទ្រនេះធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានផ្តល់ឥណទានតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តាំងពីឆ្នាំ២០១៤ សម្រាប់ទិញស្រូវពីកសិករ និងសាងសង់ឃ្លាំង ឡសម្ងួត។ បន្ថែមពីនេះ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) រដ្ឋក៏បានបញ្ចេញទុនបន្ថែម ដើម្បីបង្កើនសមត្ថភាពប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្អែកលើទិន្នន័យប្រៀបធៀបការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ (២០១៥-២០២៦) បានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស។  ដោយដំណាក់កាល ២០១៤ ដល់ ២០១៥៖ ការនាំចេញអង្ករប្រចាំឆ្នាំរបស់កម្ពុជាមានទំហំចន្លោះពី ៥៣៨,០០០ តោន ដល់ ៦៩១,០០០ តោន , ពី ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ បន្តការធ្លាក់ចុះមកខ្ទង់ ៦១០,០០០តោន ហើយលើស ឬជិត​ ៦៥០,០០០ ពីកំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ 

បើក្រលេកមើលតាមរបាយការណ៍នៅក្នុងឆ្នាំ២០២៥​ គឺមានការស្ទុះងើបឡើងវិញ ដោយការនាំចេញបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៩៤០,០០០ តោន។ ដោយឡែក ចំពោះកំណត់ត្រាថ្មីឆ្នាំ២០២៦នេះ គិតត្រឹមថ្ងៃទី១៩ ខែតុលា ការនាំចេញបានកើនឡើងដល់ ១,០១៤,៤៤២ តោន ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន និងបានទម្លុះកំណត់ត្រាចាស់ៗទាំងអស់ បើទោះបីជាពេលវេលានៃឆ្នាំ២០២៦ នៅសល់ជាង ២ខែទៀតក៏ដោយ។

ជាកំណត់ត្រាថ្មីគួរជាទីអបអរ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានយល់ឃើញថា ​សមិទ្ធផលមួយនេះ​បើនិយាយពីអត្ថន័យ គឺមានអត្ថន័យធំធេងសម្រាប់ប្រជាកសិករខ្មែរ នឹងកាន់តែមានទំនុកចិត្តនៅក្នុងការដាំដុះបន្តទៀត ដែលនេះមានន័យថា អ្វីដែលកសិករដាំគឺគាត់មានទីផ្សារដើម្បីនាំចេញ​។

គួរបញ្ជាក់ផងដែរថា តម្រូវការអង្ករកម្ពុជាមិនមែនមានតែនៅក្រៅស្រុកនោះទេ ដោយទីផ្សារក្នុងស្រុកក៏ឃើញមានចំនួនថេរដូចគ្នា។នេះបើតាមការលើកឡើងរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ ទីផ្សារក្នុងស្រុកមានទំហំប្រមាណជា ១លាន ២ សែនតោន នៅក្នុងមួយឆ្នាំ។

នៅក្នុងឆ្នាំ២០២៥ កម្ពុជាផលិតស្រូវបានចំនួន១៥លានតោន ដែលកើតឡើងពីការធ្វើការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក ដែលបានសាងសង់ប្រឡាយ និងទំនប់វារីសាស្ត្រធំៗ ដើម្បីឱ្យប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រូវប្រាំង។ ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានរំលឹកទៅដល់ស្ថានទូតនានា សមាជិក និងក្រុមហ៊ុនធំៗទាំងអស់ដែលបានចូលរួមទាំងថវិកា ដើម្បីរៀបចំការតាំងពិព័រណ៍ និងទស្សនកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយអង្កររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

គោលដៅបន្ទាប់ ៖

មកដល់ពេលនេះកម្ពុជាបានដាក់គោលដៅនាំចេញអង្ករលើសពី១លានតោន។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ឡាយ ឈុនហួ។ លោកបញ្ជាក់ថា រាល់សមិទ្ធផលទាំងអស់នឹងជះផលវិជ្ជមានដល់គ្រប់ភាគីពាក់ព័ន្ធ។ កសិករជាអ្នកដាំដុះ ហើយប្រមូលផល ហើយបន្ទាប់មកឈ្មួញកណ្ដាលដែលជាអ្នកទិញស្រូវដើម្បីលក់ឱ្យរោងម៉ាស៊ីនកិនស្រូវ។ ​ចំណែកម៉ាស៊ីនកិនស្រូវ កែច្នៃ រហូតមកដល់ការនាំចេញទៅក្រៅប្រទេស។

លោកឧកញ៉ាបានបញ្ជាក់ថា ៖ «​ដូចនេះយើងរំពឹងនៅថ្ងៃអនាគត គឺយើងនឹងព្យាយាមថែរក្សាការនាំចេញមួយលានតោននេះ ឬក៏យើងមានផែនការដើម្បី ពង្រីកទំហំ អាចថា មានការកើនឡើងចន្លោះពី ៥ ទៅ ១០ភាគរយជារៀងរាល់ឆ្នាំ»​។

អ្វីដែលជាការកត់សម្គាល់ នៅពេលតម្រូវការនាំចេញកាន់តែកើន បាតុភូតប្រែប្រួលអាកាសធាតុ ​អែលនីញ៉ូ បានមកដល់។ ជាមួយនឹងចំណុចនេះ លោកឧកញ៉ា ឡាយ ឈុនហួ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ និងកើនឡើងកម្ដៅសកល (Global Warming) កំពុងប៉ះពាល់ទូទាំងពិភពលោក ខណៈកម្ពុជាទទួលរងត្រឹមចំហាយ និងមិនទាន់ធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវិស័យកសិកម្មត្រូវតែប្រុងប្រយ័ត្ន។  ទី១ ប្រជាកសិករត្រូវតាមដានការព្យាករធាតុអាកាសដែលប្រកាសដោយក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីដឹងថា តំបន់ណាគួរធ្វើ ឬមិនគួរធ្វើស្រែចម្ការ ជៀសវាងការខូចខាតជុំទី១ ហើយត្រូវធ្វើជុំទី២ ដែលនាំឱ្យថ្លៃដើមស្ទុះឡើងទ្វេដង។ ក្នុងស្ថានភាពសង្គ្រាមបច្ចុប្បន្ន ថ្លៃប្រេងម៉ាស៊ូត និងជីគីមីសុទ្ធតែឡើងថ្លៃ ដូច្នេះកសិករគួរបង្វែរមកប្រើជីធម្មជាតិផលិតក្នុងស្រុកដែលមានតម្លៃសមរម្យវិញ ដើម្បីកាត់បន្ថយចំណាយផលិតកម្ម ជាពិសេសនៅពេលដែលតម្លៃស្រូវអង្ករលើទីផ្សារមានការចុះថោក។​

លោកឧកញ៉ាក៏បានបន្ថែមដែរថា ទាក់ទងនឹងបញ្ហាទឹកប្រើប្រាស់ក្នុងការធ្វើស្រែ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងធនធានទឹក ក៏បានជជែកពិភាក្សាអំពីដំណោះស្រាយចាំបាច់មួយចំនួន ដែលក្រសួងបានបញ្ជាក់យ៉ាងច្បាស់ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ។​ជាមួយគ្នានេះដែរ ប្រជាកសិករក៏បានទទួលការណែនាំពីពូជស្រូវមួយចំនួន ដើម្បីដាំដុះនៅក្នុងបរិបទមានបញ្ហាអាកាសធាតុ។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា