វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ភ្នំពេញ៖ ក្នុងគោលបំណងបង្កើនភាពទាក់ទាញវិនិយោគិន និងជំរុញការធ្វើពាណិជ្ជកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​ និងកំពុងស្ថាបនាចំណតផែទឹកជ្រៅថ្មីជំហានទី១ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ​២០២៧។ ក្រោយបញ្ចប់ការសាងសង់ វានឹងជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ(TEU) ហើយជាបន្តបន្ទាប់ នឹងស្ថាបនាចំណតផែទឹកជ្រៅថ្មីជំហានទី២ និងទី៣ទៀត។

Advertisement

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានថ្លែងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្ដានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ» កាលពីថ្ងៃដើមសប្តាហ៍នេះថា៖  កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​កំពុងជំរុញការអភិវឌ្ឍចំណត​ផែកុងតឺន័រទឹកជ្រៅថ្មី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន។

ឯកឧត្តម  បានលើកឡើងថា៖ បញ្ហាប្រឈមនៃការដឹកជញ្ជូនតាមផ្លួវទឹករបស់កម្ពុជា​នាពេលនេះ គឺតម្លៃខ្ពស់ជាងប្រទេសជិតខាង​ ប៉ុន្តែបន្ទាប់ពី​ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ដាក់ឱ្យ​ដំណើរការ នោះតម្លៃទឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ ដែលជាតម្លៃប្រហាក់ប្រហែលនឹងប្រទេសជិតខាងរបស់កម្ពុជាដែរ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានបន្តលើកឡើងថា៖

«ការថយចុះ​នៃតម្លៃដឹកជញ្ជូននេះ នឹងរួមចំណែកទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា ដែលនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែប្រសើរឡើង»។

ឯកឧត្តមប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា៖​ ចំណតផែកុងតឺន័រថ្មីនេះ​ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥០ម៉ែត្រ ហើយគ្រោងនឹងបំពាក់គ្រឿងចក្រលើកដាក់​ធុនធ្ងន់ប្រភេទ QC ចំនួន៣គ្រឿង រួមជាមួយប្រ​ភេទ​​RTG ចំនួន៩គ្រឿងផ្សេងទៀត ។ ចំណតផែនេះអនុញ្ញាតឱ្យនាវាកុងតឺន័រ ចំណុះ៤០០០ ធីអីយូ ឬស្មើនឹង ៦ម៉ឺនតោនអាចចូលចតបាន​។ នៅ​ដើមឆ្នាំ២០២៧ សមត្ថភាព​ផែសរុបកើនដល់ ១ ៤៥០ ០០០ ធីអ៊ីយូ ក្នុងមួយឆ្នាំ នឹងក្លាយជាកំពង់ផែស្នូលក្នុងការតភ្ជាប់ផ្លូវនាវាកុងតឺន័រធុនធំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ៩៣% អាចចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ២០០ដុល្លារក្នុងមួយធីអ៊ីយូ។ សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៥ ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ក្រោម​ហិរញ្ញប្បទានជប៉ុន សម្រេចបានប្រមាណ១៥% ហើយនៅដើមឆ្នាំ២០២៦ សម្រេចបានប្រមាណ៦០ភាគរយ។

សម្រាប់គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៩ អាចសមត្ថភាពទទួលប្រមាណ ​២លានTEUs ក្នុងមួយឆ្នាំ ហើយ ​កប៉ាល់ធុនធំដែលចរាចរណ៍ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ​ឬតាមសមុទ្រប៉ាស៊ីហ្វិក​ ក៏ដូចជាសមុទ្រឥណ្ឌា អាចចូលចតនៅកំពង់ផែក្រុងព្រះសីហុ​បានដោយផ្ទាល់ ដោយមិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសទី៣ទៀតនោះទេ។​ ដោយឡែក​ ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ក្នុងផែនការឆ្នាំ២០៣០ អាចសមត្ថភាពទទួលប្រមាណជាង ២លាន ៦២ម៉ឺនធីអ៊ីយូក្នុងមួយឆ្នាំ​ ដែលកប៉ាល់ស្ទើរទូទាំងពិភពលោកអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន។

ឯកឧត្តម លូ គឹមឈន់ បានបញ្ជាក់ថា៖

«កប៉ាល់មកពីអាម៉េរិកក៏អាចមកផ្ទាល់បានដែរ ហេតុនេះនឹងកាត់បន្ថយថ្លៃដឹកជញ្ជូនថែមទៀត ដែលនឹងបង្កើនការប្រកួតប្រជែង និងទាក់ទាញវិនិយោគិនឱ្យកើនឡើងថែមទៀត ។ បន្ទាប់ពីបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ទាំង៣ជំហាននេះ ​ចំណតផែរបស់កំពង់ផែក្រុងព្រះសីហនុ នឹងកើនឡើងដល់ ជាង២ពាន់ម៉ែត្រ»។

ពាក់ព័ន្ធនឹងដំណើរការ​អាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមបានឱ្យដឹងថា៖ ពីរឆ្នាំចុងក្រោយនេះ​​ កំពង់ផែទទួលបានកំណើននាវាចូលចត និងចំណូលល្អប្រសើរគួរ​ឱ្យកត់សម្គាស់។ ក្នុង​ឆ្នាំ​​២០២៥ ទទួលបានកុងតឺន័រឆ្លងកាត់ជាង ១ លាន TEU កើន​ឡើង​ជាង ៣០% ​ ធៀបនឹងឆ្នាំ២០២៤ ខណៈនៅក្នុងរយៈពេល​២ខែ ដើមឆ្នាំ២០២៦នេះ បាន​កើន​ឡើង​ជាង ៤០% ​ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នាពេលថ្មីៗនេះថា៖ កម្ពុជាគ្រោងវិនិយោគជិត ១ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍចំណតកំពង់ផែខេត្តព្រះសីហនុដើម្បីប្រែក្លាយខេត្តសមុទ្រមួយនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សម្តេចធិបតីបានលើកឡើងថា ៖​

«ខេត្តព្រះ​សីហនុ ជាខេត្តនាំមុខនៃកំពង់ផែទឹកជ្រៅខណៈកម្ពុជាបានកំណត់ជាគោលដៅផែអាទិភាពដ៏ធំ។ ចាប់ពីពេលនេះទៅដល់ឆ្នាំ២០២៩ យើងគ្រោងវិនិយោគទឹកប្រាក់ជិត ១ ពាន់លានដុល្លារបន្ថែម ខណៈជំហានទី១ ចាយជាង ២០០ លានដុល្លារ ដែលជាឥណទានជប៉ុន។ នៅសល់២ដំណាក់ទៀតទំហំទឹកប្រាក់ជាង ៦០០ លានដុល្លារដែលកម្ពុជាវិនិយោគធំណាស់នៅក្នុងខេត្តព្រះសីហនុ មិនត្រឹមតែជាកំពង់ផែទេ តែរៀបចំជាតំបន់ភស្តុភាកកម្មនៃប្រព័ន្ធ ឡូជីស្ដិកតំបន់»។

សូមបញ្ជាក់ថា គម្រោងកំពង់ផែសាងសង់ទាំង៣ជំហាន នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាម៉េរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនប្រមាណ ៧៦០លានដុល្លារអាម់េរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាម៉េរិក និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាម៉េរិក។

ការសាងសង់ចំណតកំពង់ផែថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាម៉េរិកនេះ គឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) អនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច (EIRR) ប្រមាណ ២៣.៣ភាគរយ រួមជាមួយផលប្រយោជន៍ហិរញ្ញវត្ថុ (FIRR) ប្រមាណ ៧.៧% ផងដែរ។​ ចំពោះចំណតផែកុងតឺន័រជំហានទី១ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight) នឹងមានតម្លៃប្រហាក់ប្រហែលជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។ ជាងនេះទៀត ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ នឹងផ្តល់លទ្ធភាពបន្ថែមសម្រាប់ការនាំទំនិញចេញ-ចូលដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុប និងអាម៉េរិក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតឡើយ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា