តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ភ្នំពេញ ៖ បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ ដែលជាក្តីព្រួយបារម្ភលើការចំ​ណាយ​ថ្លៃដើមផលិតរបស់កសិករក្នុងកម្រិតខ្ពស់។  

Advertisement

លោក ហាង អាន កសិកររស់នៅភូមិដូនឡឹក ឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រាប់ AMS ឱ្យដឹងថា បច្ចុប្បន្ន តម្លៃជីកសិកម្មនៅតែមិនទាន់ធ្លាក់ថ្លៃនៅឡើយ បើទោះបីជាតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារធ្លាក់ចុះក៏ដោយ ពោលគឺតម្លៃជីត្រូវបានឡើងថ្លៃតាំងពីអំឡុងខែមីនាមកម្ល៉េះ។

លោកបញ្ជាក់ថា ក្រៅពីកង្វល់លើបញ្ហាជីកសិកម្មនៅបន្តឡើងថ្លៃហើយនោះ កសិករនៅក្នុងស្រុកមង្គលបូរី នៅមានបញ្ហាកង្វះទឹកធ្វើស្រែទៀត ដោយសារមិនទាន់មានភ្លៀងធ្លាក់ច្រើននោះទេ។

កសិកររូបនេះបានសង្កត់ធ្ងន់យ៉ាងដុច្នេះថា ៖

«រាល់ថ្ងៃនេះនៅមិនទាន់ហ៊ានបាចជីនៅឡើយ ដោយសារមិនមានទឹកភ្លៀង ចំណែកទឹកបឹងប្រឡាយផ្គង់ផ្គង់មិនបានគ្រប់គ្រាន់សម្រាប់បូមដាក់ស្រែររបស់កសិករនៅតំបន់នេះទេ»

លោក ប៉េង ប៉ោទាង កសិករនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តពោធិ៍សាត់ ឯណោះវិញ ក៏បានត្អូញត្អែស្រដៀងគ្នាដែរថា មកទល់បច្ចុប្បន្ន តម្លៃជីកសិកម្មនៅបន្តថ្លៃខ្ពស់នៅឡើយ ដោយនៅមុនពេលមានសង្គ្រាម អាម៉េរិក អ៊ីស្រាអែល ជាមួយអ៊ឺរ៉ង់ ជីកសិកម្មមានតម្លៃចន្លោះពី ១២ម៉ឺនរៀល ដល់ ១៣ម៉ឺនរៀល ក្នុងមួយបាវ លុះក្រោយពេលមានសង្គ្រាមផ្ទុះឡើងមួយរយៈពេលខ្លី តម្លៃជីហក់ឡើងថ្លៃប្រហែល​ ៣០% ដែលក្នុងមួយបាវដូចគ្នា មានតម្លៃចន្លោះពី ១៦ ម៉ឺនរៀល ទៅដល់ ១៧ម៉ឺនរៀល ធ្វើឱ្យកសិករនៅក្នុងតំបន់បោះបង់ការធ្វើស្រែប្រាំង និងចាប់យករបរធ្វើស្រែវស្សាតែម្តងប៉ុណ្ណោះក្នុងឆ្នាំនេះ។

លោកថា ៖

«ក្រៅពីជួបបញ្ហាជីឡើងថ្លៃ បញ្ហាសត្វកណ្តុរបំផ្លាញដំណាំស្រូវហើយនោះ កសិករកំពុងជួបញ្ហាប្រឈមអំពីកង្វះទឹកធ្វើស្រែ ដោយសារមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ហើយបើសិនជាភ្លៀងនៅតែមិនព្រមធ្លាក់ត្រឹមតែរយៈពេលកន្លះខែទៀត ស្រូវនឹងត្រូវខូចទាំងអស់ ។ បច្ចុប្បន្នមានភ្លៀងដែរ តែភ្លៀងមិនសើមដី មិនដូចនៅភ្នំពេញ និងនៅកំពង់សោម មានភ្លៀងរហូតលិចផ្លូវ លិចឡាន លិចម៉ូតូនោះទេ»។   

ម្ចាស់ដេរប៉ូនៅផ្សាររូង ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយទទួលស្គាល់ថា តម្លៃជីកសិកម្មនៅបន្តថ្លៃខ្ពស់នៅឡើយ ដោយសារស្តុកចាស់នាំចូលមកមានតម្លៃខ្ពស់ ហើយលក់ចេញមិនទាន់អស់។ តែទោះជាយ៉ាងណា ម្ចាស់ដេប៉ូខាងលើបានអះអាងថា តម្លៃជីក្បាលក្របីបានធ្លាក់ថ្លៃបន្តិចពី ១៧ម៉ឺនរៀលក្នុងមួយបាវមកនៅត្រឹម ១៦ម៉ឺនរៀល ខណៈជីកសិកម្មរ​បស់ក្រុមហ៊ុនផ្សេងៗ នៅមិនទាន់មានសញ្ញាធ្លាក់ថ្លៃនៅឡើយ។

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតជីកសិកម្ម បានមើលឃើញថា ការអូសបន្លាយនៃតម្លៃជីឡើងថ្លៃបានជះឥទ្ធិពលដល់ការចំណាយថ្លៃដើមផលិតរបស់កសិករខ្នាតតូចនៅតាមបណ្តាខេត្តផ្សេងៗ។ ដើម្បីដោះស្រាយបញ្ហានេះ លោកសូមលើកទឹកចិត្តដល់កសិករដែលជាក្រុមអ្នកផលិត ងាកមកប្រើប្រាស់ជីកសិកម្មផលិតក្នុងស្រុកឱ្យបានច្រើន រួមបញ្ចូលនឹងការប្រើប្រាស់ជីលាមកគោ និងជីកាកសំណល់ផ្សេងៗដូចកាលពីសម័យ ៣ ទសវត្សរ៍មុន ដើម្បីកាត់បន្ថយថ្លៃដើមផលិតបានមួយចំណែក។

លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដី និងជីកសិកម្ម នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការឡើងថ្លៃជីកសិកម្មជាបញ្ហាសកល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា រួមនឹងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិថយចុះ ប្រេងឥន្ទនៈឡើងថ្លៃ ធ្វើឱ្យការដឹកជញ្ជូនឡើងថ្លៃផងដែរ។

លោកថា ៖

«ក្រសួងបានយកចិត្តទុកដាក់ជាលក្ខណៈបុរេសកម្ម ដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់កុំឱ្យខ្វះខាត ដែលមកដល់ពេលនេះ យើងមិនមានបញ្ហាខ្វះខាតជីទេ ហើយតម្លៃជីក៏មិនឡើងថ្លៃទៀតដែរក្នុងរយៈពេល៤ខែចុងក្រោយនេះ»។

សូមជម្រាបថា ៖ ​កម្ពុជាមានតម្រូវការជីកសិកម្មប្រមាណជា ៨០ម៉ឺន ទៅ ៩០ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈដែលការផលិតក្នុងស្រុកផ្គង់ផ្គត់មានបរិមាណចន្លោះពី ៧ ទៅ ៨ម៉ឺនតោនប៉ុណ្ណោះជាប្រភេទជីសរីរាង្គ ដែលអាចរួមចំណែកទីផ្សារបានប្រ​មាណជា ៣០ ភាគរយ នៃតម្រូវការប្រើប្រាស់ជីកសិកម្មសរុប៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា