ការ​ធ្វើកសិកម្ម​តាមបែ​បកសិ-អេកូឡូស៊ី ជួយឱ្យកសិករ​​កាត់បន្ថយចំណាយថ្លៃដើម​ និងបង្កើន​ប្រាក់ចំណូល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ធ្វើកសិកម្ម​តាមបែ​បកសិ-អេកូឡូស៊ី ជួយឱ្យកសិករ​​កាត់បន្ថយចំណាយថ្លៃដើម​ និងបង្កើន​ប្រាក់ចំណូល​

ការ​ធ្វើកសិកម្ម​តាមបែ​បកសិ-អេកូឡូស៊ី ជួយឱ្យកសិករ​​កាត់បន្ថយចំណាយថ្លៃដើម​ និងបង្កើន​ប្រាក់ចំណូល​

ភ្នំពេញ ៖ ការ​ធ្វើកសិកម្មតាមបែប​កសិ-អេកូឡូស៊ី បានជួយឱ្យកសិករ​កាត់បន្ថយ​ការ​ចំណាយថ្លៃដើមបានច្រើន ​និ​ងអាច​រកប្រាក់ចំណូលបានខ្ពស់ជាង​ការ​ធ្វើកសិកម្ម​តាមបែបប្រពៃណី​ ឬកសិកម្មដែល​ប្រើប្រាស់ជីគីមី និងថ្នាំ​គីមីពុល ហើយអ្វីដែលកាន់តែពិសេសនោះ គឺ​ជួយឱ្យគុណភាពដីល្អប្រសើរ ទិន្នផលកសិកម្មទទួលបានខ្ពស់​ និងជួយដល់បរិស្ថាន​ក្នុងតំបន់​ផងដែរ ។

Advertisement

បើតាម​លោក​ សុខ សុធា​ អ្នកជំនាញ​ផ្នែកកសិ​-អេកូឡូស៊ី នៃអង្គការ​ GRET បានមានប្រសាសន៍ថា តាមបទពិសោធន៍ដែលលោកបានធ្វើការ​ជាមួយប្រជាកសិករ​ជាច្រើន​សហគមន៍​ក្នុ​ងខេត្ត​សៀមរាប​កន្លងមកនេះឃើញថា ​ការធ្វើកសិកម្ម​តាមបែបកសិ-អេកូឡូស៊ី បានធ្វើឱ្យកសិករ​មានការ​ផ្លាស់​ប្តូរជីវភាព​កាន់តែប្រសើរជាង​មុន មិនធ្វើឱ្យប៉ះពាល់​សុខ​ភាព​ដល់​អ្នកដាំ​ ក៏ដូចជាអ្នក​បរិភោគ ហើយអ្វីដែលពិសេស​ទៀតនោះ គឺទិន្នផល​បន្លែ​ដែល​កសិករ​បានដាំដុះ​បានមានតម្រូវការទីផ្សារ​ខ្ពស់ ក្រោមការរង់ចាំបញ្ជាទិញពីបណ្តាភោជនីយដ្ឋាន​ធំ ក៏ដូចជាសណ្ឋាគារផងដែរ ដើម្បី​បម្រើ​ក្នុង​អាជីវកម្ម​ចំណីអាហាររបស់ពួកគេ ។

លោកបន្តថា ៖​

«ការ​ធ្វើកសិកម្ម​បែបនេះ តម្រូវឱ្យកសិករ​ប្រើប្រាស់វត្ថុធាតុដើម​ដែល​មានស្រាប់នៅក្នុងសហគមន៍​ដើម្បី​ផលិតជា​ជីកំប៉ុស ថ្នាំកសិកម្មធម្មជាតិ មិនប៉ះពាល់ដល់សុខភាពអ្នកដាំ និងអ្នកបរិភោគ ។ ការធ្វើកសិកម្មបែប​នេះ ក៏ជួយ​ទប់ស្កាត់ផលប៉ះពាល់​ដល់​បរិស្ថានមួយកម្រិត​ផងដែរ»។

លោក ឈិត ឆេង កសិករ​ដែល​អនុវត្ត​ន៍កសិកម្ម​តាមបែប​អេកូឡូស៊ីមួយរូបនៅក្នុង​ភូមិជ្រៃជើង ឃុំ​កៀន​សង្កែ ស្រុកសូទ្រ​និគម ខេត្ត​សៀមរាប បានមានប្រសាសន៍ថា លោកបានអនុវត្ត​ធ្វើកសិកម្ម​តាម​បែបកសិ-អេកូឡូស៊ីនេះ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ចាប់តាំងពី​បានអនុវត្ត​តាម​បែបនេះមក ធ្វើឱ្យគ្រួសារ​មានកម្រិតជីវភាពធូរធាជាងមុន អាចផ្គត់ផ្គង់ការសិក្សារបស់កូនបានចប់គ្រប់គ្នា និងចេញធ្វើការទទួលបានប្រាក់ខែសមរម្យ ជាពិសេសសមាជិកក្នុងគ្រួសារ​មិនសូវ​មានបញ្ហា​សុខភាព ។ ដោយឡែក បន្លែ​ដែលដាំដុះបាន​ គឺងាយស្រួលរកទីផ្សារ​ ទាំង​ទីផ្សារ​នៅក្នុងតំបន់ និងទីផ្សារ​នៅទីរួមខេត្ត ហើយក៏មានអ្នកចាំទិញ​ផងដែរ ទាំងទិញរាយ និងទិញសម្រាប់បោះដុំ​ ដើម្បីយកទៅលក់​បន្ត​នៅតាមហាងអាហារដ្ឋានតូចធំក្នុង​ក្រុង​ផងដែរ។

លោកបញ្ជាក់ថា​ ​៖​

« ជាមធ្យម ក្នុងមួយខែ ខ្ញុំអាច​លក់​បន្លែ​ដែលដាំនៅជុំវិញផ្ទះ​បានប្រមាណជាង១លានរៀល​ លើផ្ទៃដី​ប្រមាណ ៣០០០ម៉ែត្រ​ការ៉ ដោយ​មានប្រភេទបន្លែចម្រុះ ។ នៅពេលបន្លែ​ណាអាច​ប្រមូលផលបានរួចរាល់ហើយ យើង​ដាំ​បន្លែផ្សេង​ ដោយដាំ​វិលជុំ និង​អាច​ប្រមូលផល​បានរាល់ថ្ងៃ» ។​

លោកបន្តឱ្យដឹងទៀតថា​ បច្ចុប្បន្ន ប្រជាកសិករ​ក្នុងសហគមន៍របស់លោក​ស្ទើរតែទាំងអស់​សុទ្ធតែបានអនុវត្ត​ដាំដុះដំណាំតាមបែប​កសិ-អេកូឡូស៊ី​ ហើយពួកគេក៏​មានកម្រិតជីវភាពប្រសើរ​ជាងមុន និងជំរុញឱ្យកូនៗបានចូលសាលារៀនដូចៗគ្នា។​

លោក​ ជាម សុភ័ណ្ឌ កសិករ​ក្នុងសហគមន៍​កសិកម្មសុវត្ថិភាព​ធម្មជាតិ​ ស្រុក​សូទ្រ​និគម ខេត្តសៀមរាប ក៏បានឱ្យដឹងដែរថា កាលពីមុន​ លោក​ដាំដុះបន្លែ​តាមបែបធម្មតាៗ ឬបែបប្រពៃណី​ ដោយ​ប្រើជីគីមី​ និងថ្នាំសម្លាប់សត្វ​ល្អិ​តគីមី ប៉ុន្តែការ​ដាំដុះបែបនេះ ថ្វីត្បិតតែទទួល​បានផល​ច្រើន ប៉ុន្តែពុំ​សូវ​មានទីផ្សារនោះទេ ហើយ​ក៏បានប៉ះពាល់ដល់សុខភាពកូនចៅ​ និងក្រុមគ្រួសារ​ដែលដាំដុះបន្លែនោះដែរ ។

លោក​បន្តថា ចាប់តាំងពីលោក​បានធ្វើកសិកម្មតាមបែប កសិ-អេកូឡូស៊ី ឃើញ​ថា ​តម្រូវការ​បន្លែដែល​លោកបានដាំដុះ គឺមានទីផ្សារ​ខ្ពស់ មិនដែលជួបបញ្ហាទីផ្សារ ​ហើយបន្លែទាំង​នោះក៏​មានតម្លៃខ្ពស់​ជាង​បន្លែដែលដាំដុះដោយប្រើគីមីផងដែរ ។​ បច្ចុប្បន្ន នៅក្នុងសហគមន៍របស់លោក កសិករស្ទើរតែទាំងអស់​បានអនុវត្ត​នូវ​ការ​ធ្វើកសិកម្ម​តាមបែប​កសិ​-អេកូឡូស៊ី ហើយបានប្រមូល​ផលយកមកលក់ឱ្យ​សហគមន៍​ដែលរង់ចាំទិញ ដោយសហគមន៍យកទៅលក់​បន្ត​នៅផ្សារ​នានា​ក្នុង​ខេត្ត​ រួមទាំង​រាជធានីភ្នំពេញផងដែរ​ ។

អ្នកស្រី ថៃ សូដា អនុប្រធាន​សហគមន៍ កសិកម្ម​សុវត្ថិភាព​ធម្មជាតិ នៅក្នុងស្រុកសូទ្រ​និគម ខេត្ត​សៀមរាប បានឱ្យដឹងថា អ្នក​ស្រីគឺជាអ្នក​ទទួល​ទិញ​បន្លែ​សុវត្ថិភាព​ពីកសិករ​​ដែលជា​សមាជិក​របស់​សហគមន៍ ដូច្នេះ កសិករ​ដែលដាំដុះ​បន្លែ​តាម​បច្ចេកទេស​កសិ-អេកូឡូស៊ី គឺ​ខាង​សហគមន៍ទទួលទិញទាំងអស់ ដោយ​សារសហគមន៍​មានដៃគូរង់ចាំទិញយកទៅដាក់​លក់បន្តនៅផ្សារចុងសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្មនៅខេត្តសៀមរាប និងអាហារដ្ឋានផ្សេងៗ។

អ្នកស្រីបន្ថែមថា កសិករ​ដាំបានប៉ុន្មាន ខាង​សហគមន៍​រង់ចាំទិញទាំងអស់ ប៉ុន្តែគឺទិញតែពីសមាជិករបស់សហគមន៍ប៉ុណ្ណោះ ពីព្រោះថា​ពួកគាត់​សុទ្ធតែជាអ្នកដែលទទួលបានការ​បណ្ដុះបណ្ដាល​បច្ចេកទេសដាំដុះ និង​អនុវត្ត​ន៍តាម​កសិ-អេកូឡូ​ស៊ី ដោយសហគមន៍​ហ៊ានធានា​ពីសុវត្ថិភាពបន្លែ​ដល់អ្នក​បរិភោគ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា