«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ភ្នំពេញ ៖ «ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» គឺជាយុទ្ធសាស្ត្រគន្លឹះមួយរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងវិស័យកសិកម្មបែបប្រពៃណីឱ្យទៅជាកសិកម្មពាណិជ្ជកម្ម និងឧស្សាហកម្មទំនើប។ សួនកសិឧស្សាហកម្ម (Agro-Industrial Parks) នឹងដើរតួនាទីជាមជ្ឈមណ្ឌលប្រមូលផ្តុំខ្សែច្រវាក់តម្លៃកសិកម្មតាំងពីដំណាក់កាលដំបូងរហូតដល់ការកែច្នៃ និងនាំចេញ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានពិភាក្សាស្តីពីការរៀបចំយន្តការអនុវត្ត «ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» ដើម្បីប្រមូលធាតុចូលសំខាន់ៗឈានទៅបង្កើតសួនកសិឧស្សាហកម្ម។

Advertisement

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖ ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ត្រូវបានរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដោយបានធ្វើការសិក្សាពីសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា ដែលការសិក្សានេះបានបង្ហាញថា កម្ពុជាពិតជាមានសក្តានុពលក្នុងការបង្កើតសួនកសិឧស្សាហកម្មទាំងក្នុងទិដ្ឋភាពតម្រូវការ និងការផ្គត់ផ្គង់ ។

ឯកឧត្តមអគ្គលេខាធិការបានបន្តថា៖

«សួនកសិឧស្សាហកម្មនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មក្នុងរយៈពេលមធ្យម និងវែង ព្រមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យកសិកម្ម ដោយទាក់ទាញវិនិយោគឯកជន ក្នុងគោលដៅជំរុញការកែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ»។

សូមជម្រាបថា៖ ដោយពិនិត្យឃើញនូវសារៈសំខាន់ទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តក្របខ័ណ្ឌនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា៖ ដើម្បីទាក់ទាញការវិនិយោគលើសួនកសិឧស្សាហកម្មដោយជោគជ័យ និងគ្រប់គ្រងការអភិវឌ្ឍឱ្យប្រព្រឹត្តទៅដោយរលូន ត្រូវការយន្តការស្ថាប័នច្បាស់លាស់សម្រាប់ដឹកនាំ សម្រប​សម្រួល និងគ្រប់គ្រងការលើកទឹកចិត្តពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ទិសដៅជាយុទ្ធសាស្ត្រលើការអភិវឌ្ឍសួនកសិឧស្សាហកម្ម។ ផ្អែកតាមក្របខ័ណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានប្រគល់តួនាទីជាយន្តការច្រកចេញចូលតែមួយក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស  រួមទាំងសួន​កសិឧស្សា​ហកម្មដែលចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈសួនកសិឧស្សាហកម្ម កសិផលកម្ពុជាប្រមាណ ៩៥ភាគរយត្រូវបានលក់ចេញទៅតាមបណ្ដាប្រទេសអាស៊ានទាំងមិនទាន់កែច្នៃ។ ក្រោយទិញកសិផលពីកម្ពុជា ប្រទេសទាំងនោះបានកែច្នៃទៅជាផលិតផលសម្រេចមានតម្លៃបន្ថែមដែលមានប្រភពពីកម្ពុជា។ ជាក់ស្ដែង កសិផលមួយចំនួនត្រូវបានគេកែច្នៃទៅជាដំណាប់ និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ ក្នុងន័យនេះ ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ កម្ពុជាចាំបាច់ត្រូវវិនិយោគឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន។

ស្ថានទូតអូស្រ្តាលី បានអះអាងថា សួនកសិឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា។ វានឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានបញ្ជាក់ថា៖

«នៅពេលសួនកសិឧស្សាហកម្មនេះដំណើរការ វានឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកសាងសង់សួនកសិឧស្សាហកម្ម ដើម្បីកែច្នៃ និងជំរុញការនាំចេញផលិតផលកសិកម្មគន្លឹះរបស់កម្ពុជា»។

ទាក់ទងនឹងសួនកសិឧស្សាហកម្មនេះ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញផ្នែកកសិកម្ម បានអះអាងថា៖ ផលិតផលកសិកម្មកែច្នៃ គឺជាបញ្ហាដែលចោទខ្លាំងនៅក្នុងវិស័យកសិកម្ម ដែលទាម​ទារឱ្យកម្ពុជាជំរុញទាំងផលិតភាព និងការកែច្នៃ ដើម្បីនាំចេញ។ ក្នុងនាមជាប្រទេសកសិកម្មមិនអាចចាំតែផលិតនោះទេ ពោលគឺត្រូវមានការកែច្នៃ វេចខ្ចប់ ដើម្បីនាំចេញដោយផ្ទាល់ផងដែរ។

តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ ការបង្កើតសួនកសិ-ឧស្សាហកម្មក៏ស្ថិតក្នុងចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលផងដែរ។ ស្ថិតក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយសារតែកម្ពុជាជាប្រទេសកសិកម្មស្រាប់ ហើយដែលកន្លងទៅនេះកម្ពុជាច្រើនតែនាំចេញវត្ថុធាតុដើមទៅទីផ្សារខាងក្រៅនោះ ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចមុនពេលនាំចេញ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយម ជាមួយនឹងការលើកឡើងថា ការបង្កើតសួនកសិឧស្សាហកម្មនេះគឺពិតជាមានសារសំខាន់សម្រាប់ជួយជ្រមជ្រែងទាំងកសិផល ជីវភាពកសិករ ហើយក៏ជាគោលនយោបាយមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ ព្រោះប្រទេសកម្ពុជាមានវត្ថុធាតុដើមផ្នែកកសិកម្មច្រើនណាស់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា