ទោះ​សេដ្ឋកិច្ច​អាច​ប្រសើរ​ឡើង​ឆ្នាំ ​២០២៧ តែ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​បន្ត​ស្ថិត​នៅ​ទ្រឹង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះ​សេដ្ឋកិច្ច​អាច​ប្រសើរ​ឡើង​ឆ្នាំ ​២០២៧ តែ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​បន្ត​ស្ថិត​នៅ​ទ្រឹង​

ទោះ​សេដ្ឋកិច្ច​អាច​ប្រសើរ​ឡើង​ឆ្នាំ ​២០២៧ តែ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​បន្ត​ស្ថិត​នៅ​ទ្រឹង​

ភ្នំពេញ​៖​ ​ទោះ​បី​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​បាន​ព្យាករ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ប្រសើរឡើង​នៅ​ឆ្នាំ​ ២០២៧ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៦​ ក៏ដោយ​ ​ក៏​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មិន​ទាន់​រំពឹង​ថា​ ​ទីផ្សារ​អចលន​ទ្រព្យ​នឹង​ងើប​ឡើង​វិញ​ ​ឬ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​ ២០២៦​ នោះ​ទេ​ ​ដោយសារ​ការ​ផ្គត់ផ្គង់​នៅតែ​មាន​ច្រើន​ជាង​តម្រូវការ​ ការ​ទិញ​លក់​មាន​កម្រិត​ ​និង​ការ​រឹតបន្តឹង​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

​លោក​ ​ចេង​ វុទ្ធី​ ​អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ INVA Real ​Estate ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ AMS ថា​ ​ក្នុង​ឆ្នាំ ​២០២៦ ​ស្ថានភាព​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ជាពិសេស​នៅ​តំបន់​ទីក្រុង​ ​បង្ហាញ​ពី​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវការ​ ​ដែល​ធ្វើឱ្យ​សកម្មភាព​ទិញ​លក់​មាន​ចំនួន​តិចតួច​។ ទ្រព្យសម្បត្តិ​ដែល​មាន​ការ​ទិញ​លក់​ភាគ​ច្រើន​ជា​ទ្រព្យ​ដែល​ម្ចាស់​ដាក់​លក់​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​ ​ខណៈ​ទ្រព្យ​ដែល​ដាក់​លក់​តាម​តម្លៃ​ទីផ្សារ​ស្ទើរតែ​មិន​មាន​ការ​ដោះដូរ​។

​លោក​បន្ត​ថា​ ​ទោះបី​មាន​ទ្រព្យសម្បត្តិ​ដាក់​លក់​ក្រោម​តម្លៃ​ទីផ្សារ​ច្រើន​ក៏​ដោយ​ ​ក៏​តម្រូវ​ការ​ទិញ​នៅតែ​មាន​កម្រិត​ទាប​។ ​សម្រាប់​ឆ្នាំ​២០២៧ ​លោក​រំពឹង​ថា​ ​ចំនួន​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​ដាក់​លក់​ក្រោម​តម្លៃ​ទីផ្សារ​នឹង​កាន់តែ​ច្រើន ​ដែល​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​កាន់តែ​លើស​តម្រូវការ​ ​ហើយ​បញ្ហា​ប្រឈម​ក្នុង​ការ​ទិញ​លក់​នឹង​បន្ត​កើតមាន​។

​លោក​ ​ចេង​ វុទ្ធី ​បាន​បន្ថែម​ថា​ ​មក​ដល់​ចុង​ឆ្នាំ​ ២០២៦ ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​មិន​ទាន់​បង្ហាញ​សញ្ញា​ប្រសើរឡើង​ខ្លាំង​នៅឡើយ​ ​ខណៈ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​មក​កម្ពុជា​ក៏​មិន​ទាន់​មាន​ភាព​លេចធ្លោ​ដែល​អាច​ជំរុញ​ទីផ្សារ​អចលន​ទ្រព្យ​បាន​ដែរ​។ ​ដូច្នេះ ​លោក​មិន​ទាន់​រំពឹង​ថា​ ​វិស័យ​នេះ​នឹង​ងើបឡើង​ ​ឬ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ ​២០២៦​ នៅ​ឆ្នាំ ​២០២៧ ​នោះ​ទេ​។

​បញ្ហា​មួយ​ទៀត​ដែល​លោក​កត់សម្គាល់​គឺ​ការ​រឹតបន្តឹង​ការ​ផ្ដល់​ឥណទាន​របស់​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​ទិញ​ដី​ ​និង​ផ្ទះ​។ ​លោក​ថា ​ប្រសិនបើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​រឹតបន្តឹង​ការ​ផ្ដល់​កម្ចី​លើ​អចលន​ទ្រព្យ​ ​នោះ​នឹង​ធ្វើឱ្យ​ទីផ្សារ​កាន់តែ​ជួប​ការ​លំបាក​ ​ព្រោះ​វិស័យ​អចលន​ទ្រព្យ​ត្រូវការ​ការ​គាំទ្រ​ខ្លាំង​ពី​វិស័យ​ហិរញ្ញវត្ថុ​។

​ចំណែក​អ្នក​ស្រី អាន ​សុធីតា​ ​នាយិកា​ក្រុមហ៊ុន​ PropNex ​Cambodia ​បាន​លើកឡើង​ថា​ ​ដោយ​ផ្អែក​លើ​ស្ថានភាព​ទីផ្សារ​អចលន​ទ្រព្យ​បច្ចុប្បន្ន​ ​អាច​ត្រូវការ​ពេលពី​៣​ទៅ​៥​ឆ្នាំ​ទៀត​ ​ទើប​ទីផ្សារ​អាច​វិល​ទៅ​រកស្ថានភាព​ដូច​មុន​ ​ឬ​ចាប់ផ្ដើម​ងើប​ឡើង​វិញ​។

​អ្នក​ស្រី​បន្ត​ថា​ ​បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​មួយចំនួន​ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ពី​ ២០ ​ទៅ​ ៣០​ ភាគរយ ​ក្រោម​តម្លៃ​ទីផ្សារ​ ​ប៉ុន្តែ​ទោះបី​មាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​ក៏​ដោយ​ ​ក៏​អ្នក​ទិញ​ ​ឬ​អ្នក​ស្វែងរក​ទ្រព្យសម្បត្តិ​ទាំងនោះ​នៅតែ​មាន​ចំនួន​តិចតួច​បំផុត​។

ដោយឡែក ​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ SAM ​SN ​Group ​បាន​លើកឡើង​ថា​ ​ក្នុង​រយៈពេល​ជិត​ ២ ​ទសវត្សរ៍​កន្លងមក​នេះ​ វិស័យ​អចលន​ទ្រព្យ​បាន​ឆ្លងកាត់​វិបត្តិ​ ​និង​បញ្ហា​ប្រឈម​ជា​ច្រើន​ ប៉ុន្តែ​ក៏​ធ្លាប់​មាន​ឱកាស​ងើប​ឡើង​វិញ​ជា​បន្តបន្ទាប់​ផង​ដែរ​ ​ពោល​គឺ​វិស័យ​នេះ​មាន​ការ​ឡើង​ចុះ​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​ទីផ្សារ​។

​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ​២០០៨ ​វិស័យ​អចលន​ទ្រព្យ​បាន​ចាប់ផ្ដើម​ងើប​ឡើង​វិញ​ជា​បន្តបន្ទាប់​ ​រហូតដល់​ឆ្នាំ​ ២០១៣ ​ទើប​ងើបឡើង​ពេញលេញ ​និង​បន្ត​រីកលូតលាស់​រហូតដល់​ឆ្នាំ​ ២០១៩​។ ​ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​ ២០១៩ ​មក​ ​វិស័យ​នេះ​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ ​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​កែសម្រួល​ ​និង​ជួប​ការ​លំបាក ​ដែល​តម្រូវ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ចេះ​បត់បែន ​និង​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​វិនិយោគ​។

យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​វិស័យ​អចលន​ទ្រព្យ​នៅ​ឆមាស​ទី ​១ ​ឆ្នាំ ​២០២៦ ​បន្ត​មាន​កំណើន​ទាប ​ដោយ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​កើនឡើង​ត្រឹមតែ​០​,​១​ភាគរយ​ប៉ុណ្ណោះ​។ ​កំណើន​ទាប​នេះ​បណ្ដាល​មកពី​កត្តា​មួយ​ចំនួន​ ​ក្នុង​នោះ​ការ​លក់​លំនៅឋាន​មាន​ការ​ថយចុះ​គួរឱ្យ​កត់សម្គាល់ ​ជាពិសេស​លំនៅឋាន​ប្រភេទ​ខុនដូ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា​ តម្លៃ​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​ ២០២៦ ​ក៏​មាន​ការ​ធ្លាក់ចុះ​បន្ថែម​ទៀត ​បើ​ធៀប​នឹង​ឆ្នាំ​២០២៥​។ ​ស្ថានភាព​ទាំង​នេះ​បង្ហាញ​ថា​ វិស័យ​អចលន​ទ្រព្យ​កម្ពុជា​នៅ​បន្ត​ប្រឈម​នឹង​សម្ពាធ ​ហើយ​អាច​បន្ត​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​ទីផ្សារ​នៅ​ឆ្នាំ​២០២៧​ខាង​មុខ​ ​ទោះបី​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ទូទៅ​មាន​ភាព​ប្រសើរឡើង​ក៏ដោយ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា