AMRO ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ អាចរក្សាកំណើន ៤,១ ភាគរយក្នុងឆ្នាំ២០២៦ និង ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AMRO ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ អាចរក្សាកំណើន ៤,១ ភាគរយក្នុងឆ្នាំ២០២៦ និង ២០២៧

AMRO ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ អាចរក្សាកំណើន ៤,១ ភាគរយក្នុងឆ្នាំ២០២៦ និង ២០២៧

បរទេស៖ អង្គការ AMRO បានចេញរបាយការណ៍ពីស្ថិរភាពហិរញ្ញវត្ថុអាស៊ានបូក ៣ ឆ្នាំ២០២៦ និងទស្សនវិស័យសេដ្ឋកិច្ចប្រចាំខែតុលា ដោយគូសបញ្ជាក់ពីលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំបើទោះបីជាមានវិបត្តិតម្លៃថាមពលក៏ដោយ។

តាមការព្យាករណ៍របស់ AMRO បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបូក ៣ (អាស៊ាន,ចិន,ជប៉ុន, និងកូរ៉េខាងត្បូង) នឹងកើនឡើង ៤,១ ភាគរយទាំងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ហើយអត្រាអតិផរណាមាន ១,៦ ភាគរយ និង ១,៧ ភាគរយរៀងៗគ្នា។ AMRO បានរក្សាការព្យាករណ៍ឆ្នាំ២០២៦ នៅកម្រិតដដែល ប៉ុន្តែកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ច និងអតិផរណាសម្រាប់ឆ្នាំ២០២៧ កើនឡើង ០,១ ភាគរយ ដោយសារតែការកើនឡើងខ្លាំងនៃការនាំចេញ និងការវិនិយោគលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ស្របពេលមានសម្ពាធនៃការឡើងថ្លៃតម្លៃថាមពល និងតម្លៃម្ហូបអាហារ ដែលបណ្តាលមកពីបាតុភូតអែលនីញ៉ូ។

លោក Dong He ប្រធានអ្នកសេដ្ឋកិច្ចរបស់ AMRO បានលើកឡើងថា ការវិនិយោគលើ AI កំពុងជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចជាច្រើនក្នុងតំបន់ ហើយផលប៉ះពាល់នៃការផ្គត់ផ្គង់ថាមពលមានកម្រិតទាបជាងការព្រួយបារម្ភ ប៉ុន្តែការកើនឡើងនៃថ្លៃដឹកជញ្ជូន និងថាមពលនៅតែបន្តដាក់សម្ពាធលើកម្លាំងទិញរបស់ប្រជាជន ក៏ដូចជាថ្លៃចំណាយរបស់អាជីវកម្ម។ ជាមួយគ្នានេះដែរ បើទោះបីជាប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែប្រព័ន្ធហិរញ្ញវត្ថុរបស់អាស៊ានបូក ៣ នៅតែមានភាពធន់ ដោយភាគច្រើននៃប្រទេសក្នុងតំបន់រក្សាបានរូបិយប័ណ្ណបរទេសបម្រុងគ្រប់គ្រាន់ និងប្រព័ន្ធធនាគារមានដើមទុនរឹងមាំ។

ទោះជាយ៉ាងណាក្តី AMRO បានព្រមានពីហានិភ័យប្រព័ន្ធហិរញ្ញវត្ថុដែលផ្សារភ្ជាប់គ្នាយ៉ាងស្មុគស្មាញ ជាពិសេស ការប្រែប្រួលតម្លៃទ្រព្យសកម្ម AI, គម្លាតសាច់ប្រាក់ និងបំណុលរបស់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ (NBFIs) ព្រមទាំងហានិភ័យពីបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដូចជា Stablecoins និងការវាយប្រហារតាមអុីនធឺណិត។ ជារួម ដើម្បីទប់ទល់នឹងហានិភ័យទាំងនេះ AMRO បានផ្តល់អនុសាសន៍ឱ្យបណ្តាប្រទេសក្នុងតំបន់ពង្រឹងរបាំងការពារម៉ាក្រូហិរញ្ញវត្ថុ អភិវឌ្ឍទីផ្សាររូបិយប័ណ្ណក្នុងស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់តាមរយៈការភ្ជាប់ទំនាក់ទំនងឌីជីថល និងការចែករំលែកព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព និងត្រៀមលក្ខណៈឆ្លើយតបនឹងវិបត្តិនាពេលអនាគត។

គួរបញ្ជាក់ដែរថា AMRO គឺជាអង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ភាពធន់នៃម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុនៃតំបន់អាស៊ានបូក ៣ ។ បេសកកម្មរបស់ AMRO គឺឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ច គាំទ្រការរៀបចំហិរញ្ញវត្ថុក្នុងតំបន់ និងផ្តល់ជំនួយបច្ចេកទេសដល់សមាជិក។ AMRO ក៏ដើរតួជាមជ្ឈមណ្ឌលចំណេះដឹងក្នុងតំបន់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក ៣ ផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា