បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

សានយ៉ា ប្រទេសចិន ៖ បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា បានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា ប្រទេសចិន កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ ដែលបង្កើតបានជាសេដ្ឋកិច្ចទេសចរណ៍ដ៏មានទាក់ទាញមួយ។

ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកម្មវិធី «​ទស្សនា​ប្រទេស​ចិន​-​ខេត្ត​ហៃ​ណាន​ដ៏​រស់រវើក ​ឆ្នាំ​២០២៦​» ​ ដែលរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដោយបាននាំយកអ្នកសារព័ត៌មានកម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀតមកកាន់ខេត្តហៃណាន ដើម្បីស្វែងយល់ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តមួយនេះ។ ស្ថិតនៅចំកណ្តាលឆកសមុទ្រសានយ៉ា កោះ West Island មានផ្ទៃក្រឡា ២,៨ គីឡូម៉ែត្រការ៉េ ហើយជាកោះទេសចរណ៍ដែលមានជនជាតិដើមភាគតិចធំជាងគេបង្អស់ក្នុងខេត្តហៃណាន។ ផ្ទៃសមុទ្រជុំវិញកោះនេះត្រូវបានចាត់ថ្នាក់ជាតំបន់អភិរក្សផ្កាថ្មថ្នាក់ជាតិ និងជាទីតាំងមុជទឹកក្រោមបាតសមុទ្រដ៏ល្បីល្បាញផងដែរ។ សេវាកម្មទេសចរណ៍នៅលើកោះនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបរិស្ថានដ៏អំណោយផលរួមមាន ទឹកសមុទ្រថ្លាយង់ ឆ្នេរខ្សាច់សក្បុស ដើមដូងហែហម ឆ្នេរ និងប្រព័ន្ធអេកូឡូស៊ីក្រោមទឹកដ៏ស្រស់បំព្រង ដែលជាមូលដ្ឋានគ្រឹះនៃសកម្មភាពកម្សាន្តចម្រុះសម្រាប់ភ្ញៀវទេសចរ។ ការមុជទឹកក្រោមបាតសមុទ្រមើលផ្កាថ្ម និងជីវិត​រស់នៅ​ក្រោម​បាត​សមុទ្រ​ផ្សេងៗ គឺជាការទាក់ទាញដ៏សំខាន់របស់កោះមួយនេះ។ ក្រៅពីនេះ ក៏មានកីឡាលើផ្ទៃទឹក ការទស្សនាក្រោមបាតសមុទ្រ និងការកម្សាន្តលើឆ្នេរខ្សាច់ ដែលបង្កើតជាសកម្មភាពចំណាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ក្រៅពីសកម្មភាពសមុទ្រ កោះ West Island ក៏បានពង្រីកបទពិសោធទេសចរណ៍ជុំវិញសម្បត្តិធម្មជាតិ និងវប្បធម៌ ដោយភ្ញៀវទេសចរអាចទៅកម្សាន្តនៅកោះ Niuwang រួមមាន រោងស្តាប់សម្លេងរលក, រូបសំណាកគោមាស, ស្ពានគូស្នេហ៍, និងកន្លែងសច្ចាប្រណិធានស្នេហា ដែលបន្ថែមនូវភាពទាក់ទាញដល់អ្នកទស្សនា។ ចំណុចស្នូលនៃសេដ្ឋកិច្ច និងវប្បធម៌របស់កោះនេះ គឺភូមិនេសាទបុរាណ West Island ដែលមានប្រវត្តិសាស្ត្រប្រមាណ ៤០០ ឆ្នាំមកហើយ។ ភូមិនេះនៅតែរក្សាបាននូវរចនាបទ និងទំនៀមទម្លាប់ដើមនៃសហគមន៍នេសាទលើកោះ ប៉ុន្តែបានបញ្ជ្រៀបនូវសិល្បៈទំនើប និងបរិយាកាសទន់ភ្លន់បែបមនុស្សសាស្ត្រ ហើយត្រូវបានចាត់ថ្នាក់ជា «ភូមិនេសាទស្អាតបំផុតមួយរបស់ប្រទេសចិន» កាលពីឆ្នាំ ២០១៧។ ការរួមបញ្ចូលគ្នារវាងវប្បធម៌នេសាទប្រពៃណី និងទេសចរណ៍ បានផ្តល់នូវបទពិសោធយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរទាំងការកម្សាន្តលើឆ្នេរ និងទឹកសមុទ្រ ខណៈដែលសេវាកម្មស្នាក់នៅ និងសណ្ឋាគារក្នុងភូមិផ្តល់ជាជម្រើសសម្រាប់ភ្ញៀវក្នុងការស្នាក់នៅ និងស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកស្រុក។ ម្ហូបអាហារក៏ជាការទាក់ទាញដ៏សំខាន់មួយផងដែរ ដោយអាជីវកម្មក្នុងស្រុក និងសេវាកម្មទេសចរណ៍បានបម្រើជូនភ្ញៀវនូវភេសជ្ជៈ និងបង្អែមដូចជា ទឹកដូងស្រស់ ភេសជ្ជៈសូដាអំបិលសមុទ្រក្រូចឆ្មារ ស្វាយក្រឡុក នំដូង នំធូរេន និងបង្អែមដូង។ បន្ថែមពីនេះ មុខម្ហូបគ្រឿងសមុទ្រដូចជា ត្រីសមុទ្រអាំង សាឡាត់គ្រឿងសមុទ្រ និងក្តាមដូង បានភ្ជាប់បទពិសោធទេសចរណ៍របស់កោះនេះទៅនឹងអត្តសញ្ញាណឆ្នេរសមុទ្រ និងការនេសាទយ៉ាងជិតស្និទ្ធ។

ការអភិវឌ្ឍកោះ West Island បានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសំខាន់នៃវិស័យទេសចរណ៍នៅក្នុងសេដ្ឋកិច្ចខេត្តហៃណាន។ ផ្អែកតាមទិន្នន័យពីរដ្ឋាភិបាលខេត្តហៃណាន បានឲ្យដឹងថា ខេត្តនេះទទួលបានភ្ញៀវទេសចររហូតដល់ ៩៧,២ លាននាក់ក្នុងឆ្នាំ ២០២៤ ដែលបង្កើតចំណូលបាន ២០៤ ពាន់លានយ័ន (ប្រមាណ ២៨,៣៥ ពាន់លានដុល្លារ)។ បច្ចុប្បន្ន ខេត្តហៃណានកំពុងខិតខំអភិវឌ្ឍខ្លួនទៅមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ និងពង្រីកទៅជាឧស្សាហកម្មទេសចរណ៍ឯកទេសផងដែរ។ ដូចគ្នានេះដែរ សេដ្ឋកិច្ចទីក្រុងសានយ៉ាពឹងផ្អែកយ៉ាងខ្លាំងលើសេវាកម្ម និងទេសចរណ៍ ដោយផ្អែកលើទិន្នន័យបង្ហាញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ វិស័យសេវាកម្មរបស់ទីក្រុងរកចំណូលបាន ២១,១៧៨ ពាន់លានយ័ន ខណៈវិស័យជលផលបានកើនឡើង ១៧,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងបរិបទនេះ កោះ West Island បានក្លាយជាគំរូមួយនៃការបូកបញ្ចូលគ្នារវាងធនធានសមុទ្រ វប្បធម៌នេសាទប្រពៃណី និងសេវាកម្មទេសចរណ៍ ទៅជាបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែប។ សម្រាប់ប្រតិភូ AMS មកពីកម្ពុជា ដំណើរទស្សនកិច្ចនាថ្ងៃទី២០ ខែតុលានេះ បានផ្តល់ឱកាសដ៏អស្ចារ្យមួយក្នុងការស្វែងយល់ពីរបៀបដែលក្រុងសានយ៉ាអភិវឌ្ឍធនធានទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ខណៈដែលបន្តរក្សាបាននូវអត្តសញ្ញាណដើមនៃសហគមន៍នេសាទដែលមានប្រវត្តិសាស្ត្ររាប់រយឆ្នាំ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា