ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុបែបបច្ចេកវិទ្យា និងបញ្ចៀសនូវរាល់ហានិភ័យដែលអាចកើតមានចំពោះប្រជាជនកម្ពុជាទូទៅពាក់ព័ន្ធទៅនឹងអំពើឆបោកតាមបច្ចេកវិទ្យា (Cyber Scam) ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) ​បានសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) តាមរយៈកិច្ចចុះហត្ថលេខាលើអនុស្សរណៈយល់យោគគ្នា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមធនាគារនៅកម្ពុជា​ ដើម្បីផលិតជាមាតិកាដែលមានខ្លឹមសារពាក់ព័ន្ធ និងផ្សព្វផ្សាយជាសាធារណៈ។

Advertisement

ជាកិច្ចចាប់ផ្តើម លោក​ រស់ ខេមរា អគ្គលេខាធិការនៃសមាគមធនាគារនៅកម្ពុជា បានបង្ហាញពីក្ដីសោមនស្សរីករាយដែលបានសហការផលិតមាតិកា និងផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុ ជាពិសេស ការលើកកម្ពស់ផ្នែកការយល់ដឹងដែលអាចជៀសផុតពីការចាញ់បោកជនទុច្ចរិតតាមរយៈប្រព័ន្ធបច្ចេកវិទ្យា​ ឬតាមបណ្តាញអ៊ីធឺណេត។

លោកអគ្គលេខាធិការបានមានប្រសាសន៍ថា​ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន AMS គឺជាពេលវេលាដ៏សមស្របមួយទៅនឹងបរិបទ និងនិន្នាការនាពេលបច្ចុប្បន្ន ខណៈពេលដែលរដ្ឋាភិបាល និងវិស័យឯកជន បាន និងកំពុងចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធអ៊ីនធើណេត ជាពិសេសស្របពេលដែលប្រទេសកម្ពុជាកំពុងឈានទៅរកឌីជីថលូនីយកម្ម ដែលមានភាពប្រទាក់ក្រឡាគ្នា ការចាប់យក និងប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនៅទីក្រុង និងតាមបណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការណ៍នេះក៏អាចជាឱកាសសម្រាបជនឆបោកក្នុងការទាញយកអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថល (Digital Transition) នេះដែរ។ ដូច្នេះការអប់រំ​ និងផ្សព្វផ្សាយទាក់ទងនឹងសាយប័រគឺមានសារៈសំខាន់។

លោកបានបញ្ជាក់ថា​ ៖ «សន្តិសុខសាប័រ គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។ នៅពេលដែលសេវាហិរញ្ញវត្ថុកាន់តែមានភាពប្រទាក់ក្រឡាគ្នា ភាពធន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីគឺចាំបាច់បំផុតដើម្បីការពារអ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័ន»។

បច្ចុប្បន្ន នៅសមាគមធនាគារនៅកម្ពុជា ក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារ បានយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងរបៀបវារៈនៃអនុលោមភាពហានិភ័យ និងកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនេះផងដែរ។

លោក រស់ ខេមរា​ បានបញ្ជាក់ថា ៖ «យើងមានគណៈកម្មាការចំនួន២ ដែលជាសេនាធិការរបស់សមាគមធនាគារ គឺគណៈកម្មាធិការអនុលោមភាព និងច្បាប់ ព្រមទាំងគណៈកម្មាធិការហានិភ័យ ដែលធ្វើការទាក់ទងនឹងកិច្ចការអនុលោមបញ្ហាច្បាប់ និងបទប្បញ្ញត្តិ ក៏ដូចជាហានិភ័យនានា ជាពិសេសទាក់ទងនឹងបញ្ហាហានិភ័យពីការឆបោក និងបទល្មើសតាមអ៊ីនធើណិត ដោយបានសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស ក្រសួងមហាផ្ទៃ ក្នុងកិច្ចចូលរួមរាយការណ៍ និងអប់រំផ្សព្វផ្សាយអំពីការឆបោកតាមប្រព័ន្ធអនឡាញនេះ»។

លោក​ លឹម ឃ៊ុនស្រ៊ុន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនអប្សរា មេឌា សឺវីស ឯ.ក បានលើកឡើងផងដែរថា​ បច្ចុប្បន្ននេះ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ទទួលបានការយកចិត្តទុកដាក់ និងបង្ក្រាបជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយសារវាបាន និងកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសន្តិសុខសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកគាំទ្រដល់ចំណាត់ការដ៏មានសារៈសំខាន់នេះ AMS បានរៀបចំគម្រោងឡើងយ៉ាងសម្រិតសម្រាំង ដោយមានការផលិតកម្មវិធី ផតខាស ចំនួន ២៦ ភាគ និងវីដេអូឃ្លីបខ្លីៗចំនួន ៥២ ឃ្លីប សម្រាប់ចែកចាយនៅលើបណ្តាញសង្គម ដូចជា Facebook  និង​ TikTok ជាដើម។

លោកអគ្គនាយកបានបញ្ជាក់ថា ៖ «យើងនឹងធ្វើការចាក់ផ្សាយឱ្យបានទូលំទូលាយបំផុត។ កម្មវិធីនេះនឹងត្រូវផ្សាយនៅលើកញ្ចក់ទូរទស្សន៍ TV11 ព្រមទាំងចែកចាយនៅលើបណ្តាញសង្គមរបស់ AMS-Economy និង AMS-Education រួមជាមួយនឹងការសហការណ៍ផ្សព្វផ្សាយ (Cross-posting) ជាមួយបណ្តាធនាគារនានាផងដែរ។ យុទ្ធសាស្ត្រនេះ គឺដើម្បីធានាថា ខ្លឹមសារអប់រំដ៏មានសារៈសំខាន់ទាំងនេះ នឹងទៅដល់ដៃអតិថិជនធនាគារ ក៏ដូចជាអ្នកប្រើប្រាស់អ៊ីនធឺណិតគ្រប់រូបនៅទូទាំងប្រទេស»។

សូមជម្រាបថា​​ នៅក្នុងកិច្ចពិភាក្សាទាំង ២៦ប្រធានបទ យើងនឹងបែងចែកជាកម្រងប្រធានបទបួនផ្នែកសំខាន់ៗរួមមាន៖ ទី១, វិធីសាស្ត្របោកប្រាស់ ដែលពន្យល់ពីរបៀបដែលជនបោកប្រាស់ប្រើប្រាស់ចិត្តសាស្ត្រដើម្បីបង្កើតទំនុកចិត្ត និងបោកប្រាស់ជនរងគ្រោះ។ ទី២, វិធីសាស្ត្រការពារខ្លួនរបស់អ្នកប្រើប្រាស់ពី Cyber Scam ដែលមានការចែករំលែកចំណេះដឹងស្តីពីរបៀបរក្សាព័ត៌មានផ្ទាល់ខ្លួន និងគណនីហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព។ ទី៣, កិច្ចការពាររបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ដោយមានការបង្ហាញពីល្បិចកលឆបោកទូទៅ និងតួនាទីរបស់ធនាគារក្នុងការជួយដោះស្រាយបញ្ហា ហើយជាចុងក្រោយ គឺការអនុវត្តច្បាប់ និងស្ថាប័នរដ្ឋ ដែលណែនាំពីរបៀបរាយការណ៍ស្តីបទល្មើសឆបោក និងស្វែងរកជំនួយពីអាជ្ញាធរ ក៏ដូចជាស្ថាប័នធនាគារ។

ដោយឡែក បច្ចុប្បន្ននេះ នាយកដ្ឋានទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ក្នុងការសហការផ្សព្វផ្សាយអំពីបញ្ហាសន្តិសុខសាយប័រនេះដែរ។ សមាគម បាន និងកំពុងសហការជាមួយបណ្តាញសារព័ត៌មានក្នុងស្រុកដើម្បីផលិតកម្មវិធីអប់រំមួយឈ្មោះថា «ជជែកអំពីសន្តិសុខ សាប័រ» ដែលបានរៀបចំឡើងរយៈពេល២ឆ្នាំរួចមកហើយ។ សមាគមក៏បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជាក្នុងការផ្សព្វផ្សាយ និងអប់រំអំពីបញ្ហាឆបោកតាមអនឡាញនៅតាមមូលដ្ឋានក្នុងក្រុង ស្រុក នៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

កាលពីសប្តាហ៍មុន សមាគមបានរៀបចំទិវាសុវត្ថិភាពឌីជីថល ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ប្រមូលផ្តុំអ្នកចូលរួមប្រមាណជាង ៥០០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និយ័តករ អ្នកជំនាញផ្នែកសន្តិសុខសាប័រ ភ្នាក់ងារអនុវត្តច្បាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង និងបន្តសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ី ហិរញ្ញវត្ថុឌីជីថល ប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងផ្នែកសាយប័រដែលកាន់តែមាន ភាពស្មុគស្មាញជាងមុន។

តាមរយៈកម្មវិធីចុះអនុស្សរណៈរវាង ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក និង សមាគមធនាគារនៅកម្ពុជា លើកម្មវិធី ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Scam)  រំពឹងថា សាធារណជនកម្ពុជា នឹងទទួលបានចំណេះដឹង បទពិសោធន៍ និង វិធីសាស្ត្របង្ការ-ការពារខ្លួន ពីសំណាក់វាគ្មិន និងអ្នកជំនាញ។ ជាពិសេស អាចចូលរួមចំណែក ទប់ស្កាត់ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីចូលរួម អភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើន ឆាប់រហ័ស និងប្រកបដោយចីរភាព៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា