មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រះវិហារ ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំដល់ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ។

Advertisement

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ បានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជា ការចេះគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំលើដំណាំអ្វីមួយដែលប្រាកដថាអាចទទួលបានផលចំណេញ។

លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ ហើយជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុង១ហិកតាអស់ប៉ុន្មាន និងទទួលបានផលមកវិញប៉ុន្មាន មានន័យថា ការគណនាបែបនេះអាចជួយឱ្យកសិករដឹងថា នៅក្នុងផលិតកម្មរបស់ខ្លួនមានប្រសិទ្ធភាព និងអាចទទួលបានប្រាក់ចំណេញកម្រិតណា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

«អ្វីដែលរឹតតែសំខាន់ កសិករត្រូវចេះកត់ត្រាលើការចំណាយ និងចំណូលឱ្យបានច្បាស់លាស់ប្រចាំថ្ងៃ ដើម្បីអាចវាយតម្លៃពីប្រសិទ្ធភាពនៃការផលិត និងសម្រេចចិត្តបានត្រឹមត្រូវ ថាតើគួរបន្តដាំដំណាំណា ឬផ្លាស់ប្តូរទៅដំណាំណាដែលមានទីផ្សារអាចផ្តល់ប្រាក់ចំណេញល្អជាង។ លើសពីនេះទៀត កសិករត្រូវចេះជ្រើសរើសពូជដែលមានគុណភាព និងត្រូវបានបន្សុទ្ធត្រឹមត្រូវ ជំនួសឱ្យការប្រើពូជចាស់ ឬពូជដែលមិនមានប្រភពច្បាស់លាស់។ ការជ្រើសរើសពូជល្អ ត្រូវភ្ជាប់ជាមួយការថែទាំត្រឹមត្រូវ ការប្រើប្រាស់ជីធម្មជាតិ និងវិធីសាស្ត្រគ្រប់គ្រងសត្វល្អិតដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមនិងបង្កើនទិន្នផលខ្ពស់ជាងមុន»។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជូនកសិករថា សូមឱ្យប្រជាពលរដ្ឋចូលរួមបើកគណនីធនាគារ ARDB និងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (ARDB App) ដើម្បីងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ និងផ្ទេរប្រាក់ ដោយក្នុងនោះអាចប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានសុវត្ថិភាពបំផុត។ ជាពិសេស កម្ចីពីធនាគារ ARDB អាចប្រើប្រាស់ក្នុងគោលបំណងដែលពាក់ព័ន្ធនឹងកសិកម្ម ដូចជា ការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃ និងសកម្មភាពអាជីវកម្មក្នុងខ្សែច្រវាក់កសិកម្ម ពោល គឺធនាគារ ARDB ត្រូវបានបង្កើតឡើងដើម្បីផ្តល់ហិរញ្ញប្បទានក្នុងការធ្វើកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងមុខរបរដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដោយមានលក្ខខណ្ឌអត្រាការប្រាក់ទាប និងមានភាពបត់បែនជានិច្ច៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា