ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

​​ភ្នំពេញ​៖​ ​ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ដែល​ត្រូវការ​ការ​ដោះស្រាយ​រួមគ្នា ​ដើម្បី​ពង្រឹង​ផលិតកម្ម​ក្នុង​ស្រុក​ ​និង​រក្សា​តុល្យភាព​សេដ្ឋកិច្ច​ជាតិ​។

ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​លើក​ទី​១ ​ឆ្នាំ​២០២៦ ​ក្រោម​ប្រធានបទ ​«​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ MSM​Es​» ​ដែល​រៀបចំឡើង​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​នៅ​សាលមហោស្រព​ ​និង​ពិព័រណ៍​កោះ​ពេជ្រ ​ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​តំណាង​ធនាគារ​ ​ARDB ​និង​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​។

​ឯកឧត្តម​ ​កៅ ​ថាច ​បាន​មានប្រសាសន៍​ថា​ ៖«​MSM​Es ​គឺជា​ព្រលឹង​ ​ជា​ញើស​ឈាម​ ​ជា​ដង្ហើម​រស់ ​និង​ជា​ឆ្អឹង​ខ្នង​ពិតប្រាកដ​នៃ​សេដ្ឋកិច្ច​ជាតិ​។ ​ទោះជា​យ៉ាងណា​ ​សហគ្រិន​ខ្មែរ​ជា​ច្រើន​នៅតែ​ជួប​ការ​លំបាក​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ ​ដោយ​មាន​អ្នក​ខ្លះ​ព្រួយបារម្ភ​ពី​ការ​ខ្វះប្រាក់​សម្រាប់​បើក​ប្រាក់ខែ​ឱ្យ​កម្មករ ​ខណៈ​អ្នក​ខ្លះ​ទៀត​មាន​ផលិតផល​ដែល​មាន​គុណភាព​ ប៉ុន្តែ​ពិបាក​រក​ទីផ្សារ ​កន្លែង​ដាក់​តាំង​លក់​ ​និង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ពី​ទំនិញ​នាំចូល​»។

​ចំពោះ​បញ្ហា​ទី​មួយ ​គឺ​ការ​ទទួល​បាន​ហិរញ្ញប្បទាន ​ឬ​ដើមទុន​ ​ឯកឧត្តម​បាន​លើកឡើង​ថា​ ​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ភាគ​ច្រើន​នៅ​កម្ពុជា​ជា​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​ ​ឬ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​។ ​នៅពេល​ត្រូវការ​ដើមទុន​ដើម្បី​ពង្រីក​អាជីវកម្ម​ ​ឬ​ដោះស្រាយ​បញ្ហា​ប្រឈម​ ​សហគ្រាស​ទាំងនេះ​ច្រើន​តែ​ខ្វះ​ទ្រព្យធានា ​ហើយ​ការ​កត់ត្រា​បញ្ជី​គណនេយ្យ​មិន​បាន​ត្រឹមត្រូវ​ ​ក៏​ធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ​ពិបាក​វាយតម្លៃ​ហានិភ័យ​ក្នុង​ការ​ផ្តល់​ឥណទាន​ផងដែរ​។

​ជា​លទ្ធផល​ ​សហគ្រិន​មួយចំនួន​ត្រូវ​ងាក​ទៅ​រក​ប្រភព​ទុន​ក្រៅ​ប្រព័ន្ធ​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ ​បង្កើន​បន្ទុក​បំណុល​ ​និង​ធ្វើឱ្យ​អាជីវកម្ម​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បរាជ័យ​។

​ចំណែក​បញ្ហា​ទី​ពីរ ​គឺ​ទីផ្សារ​។ សហគ្រាស​ក្នុង​ស្រុក​មួយចំនួន​នៅ​ខ្វះ​បច្ចេកវិទ្យា​កែច្នៃ ​និង​វេចខ្ចប់​ផលិតផល​ ​ស្តង់ដារ​គុណភាព​ និង​បណ្ដាញ​ចែកចាយ​។ ការ​នាំ​ផលិតផល​ទៅ​ដាក់​លក់​នៅលើ​ធ្នើរ​ផ្សារ​ទំនើប​ ​និង​ទីប្រជុំជន​ធំ​ៗ ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​។​ ​ទន្ទឹមនឹង​នេះ​ ​យុទ្ធនាការ​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​គាំទ្រ ​និង​ផ្តល់​តម្លៃ​ដល់​ផលិតផល​ខ្មែរ​ពិតប្រាកដ​ ​ក៏​នៅ​មាន​កម្រិត​នៅឡើយ​។​

​ឯ​ក​ឧត្តម​ ​កៅ ​ថាច ​បាន​ប្រៀបធៀប​ថា​ ​អាជីវកម្ម​ដែល​ខ្វះ​ទុន​ប្រៀប​ដូចជា​ដើមឈើ​ដែល​ខ្វះ​ជីជាតិ​ ​និង​ទឹក​។ ​ចំណែក​អាជីវកម្ម​ដែល​មាន​ទុន​ ​ប៉ុន្តែ​ខ្វះ​ទីផ្សារ ​គឺ​ដូចជា​ដើមឈើ​ដែល​មាន​ផ្លែ​ផ្អែម​ឆ្ងាញ់ តែ​ត្រូវ​ទុក​ឱ្យ​ជ្រុះ​រលួយ​ចោល​ក្រោម​ដើម​ ​ដោយ​គ្មាន​អ្នក​ទទួល​ទាន​។

​លោក​បាន​សង្កត់ធ្ងន់​ថា៖« ​បញ្ហា​ប្រឈម​ទាំង​ពីរ​នេះ​ត្រូវ​ដោះស្រាយ​ព្រមគ្នា​ ​ព្រោះ​ប្រសិនបើ​មិន​អាច​ដោះស្រាយ​បាន​ទេ​ ​សេដ្ឋកិច្ច​ជាតិ​អាច​បាត់បង់​តុល្យភាព​ ​ហើយ​ភាព​ម្ចាស់ការ​លើ​សន្តិសុខ​ស្បៀង ​និង​ផលិតកម្ម​ក្នុង​ស្រុក​ក៏​អាច​រង​ផលប៉ះពាល់​ផងដែរ»​។

​គួរ​រំលឹក​ថា​ វេទិកា​ថ្នាក់​ជាតិ​ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​ ​MSM​Es ​លើក​ទី​១ ​ឆ្នាំ​២០២៦ ​ត្រូវ​បាន​រៀបចំឡើង​បន្ទាប់ពី​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ឆ្នាំ​២០២៦​-​២០៣០ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​។ ​ជាមួយគ្នា​នេះ​ ​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម​ថ្មី​មួយ​ក៏​ត្រូវ​បាន​បង្កើតឡើង​ ​ដោយ​មាន​ឯកឧត្តម​ ​កង ​ច័ន្ទ​តារារ័ត្ន​ ​ជា​ប្រធាន​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា