ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម។

Advertisement

ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។

ក្នុងអត្ថបទចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ និងផ្សព្វផ្សាយបន្តដោយស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ បានបញ្ជាក់ថា ប្រទេសបារាំងចាត់ទុកកម្ពុជាមិនមែនត្រឹមតែជាទីផ្សារមួយទេ ប៉ុន្តែជាដៃគូរយៈពេលវែងដ៏គួរឱ្យទុកចិត្ត ហើយភាពជោគជ័យរបស់កម្ពុជា ក៏ជាផលប្រយោជន៍របស់បារាំងផងដែរ។

ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ បានបញ្ជាក់ថា បារាំង និងកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្អែកលើទំនុកចិត្ត និងការវិនិយោគរយៈពេលវែង ដើម្បីកសាងភាពជាដៃគូសម្រាប់ទសវត្សរ៍ខាងមុខ។ ឯកឧត្តមចង់ឱ្យប្រទេសទាំងពីររួមគ្នាកសាងទំនាក់ទំនងសេដ្ឋកិច្ចមួយ ដែលមានភាពច្នៃប្រឌិត និរន្តរភាព និងប្រកបដោយមហិច្ឆតាជាងមុន។

យោងតាមរដ្ឋមន្ត្រីប្រតិភូបារាំងរូបនេះ បច្ចុប្បន្ន វត្តមានសេដ្ឋកិច្ចរបស់បារាំងនៅកម្ពុជាមានលក្ខណៈរឹងមាំរួចហើយ តាមរយៈក្រុមហ៊ុន សហគ្រាសបារាំងយ៉ាងហោចណាស់ ២០០ ក្នុងនោះក៏មានអាជីវកម្ម ដែលបង្កើតឡើងដោយពលរដ្ឋបារាំងរស់នៅកម្ពុជាផងដែរ។

ឯកឧត្តម Nicolas Forissier បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១ពាន់ ៧៥០លានអឺរ៉ូ ក្នុងឆ្នាំ២០២៥ គឺកើនឡើង ១៧,៥ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។ ប៉ុន្តែការថយចុះនៃទំហំពាណិជ្ជកម្មនាពេលថ្មីៗនេះបង្ហាញថា ប្រទេសទាំងពីរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ៕ អត្ថបទ៖ សេង បារាំង AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា